• 2019-06-13 03:24:23
  • ព័ត៌មាន

ទីភ្នាក់ងារ Atout France មកផ្សព្វផ្សាយពីភាពទាក់ទាញរបស់បារាំងក្នុងវិស័យទេសចរណ៍

  • 2019-06-13 03:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការជ្រោមជ្រែងពីស្ថានទូតបារាំង គណ:ប្រតិភូមួយក្រុមរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍បារាំង (Atout France) បានធ្វើដំណើរមកភ្នំពេញជាលើកទី១ កាលពីថ្ងៃទី១០ និងទី១១ មិថុនាកន្លងទៅ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏សម្បូរបែបនៅប្រទេសបារាំង។ គណ:ប្រតិភូនេះ ដឹកនាំដោយលោក ម៉ូរ៉ាដ៍ តាយេប៊ី (Morad Tayebi) នាយកទីភ្នាក់ងារ Atout France ប្រចាំអាស៊ាន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុនអាកាសចរណ៍បារាំង ក្រុមហ៊ុនទេសចរណ៍ Club Med និងក្រុមហ៊ុនកម្សាន្តតាមនាវា CroisiEurope ។

នៅថ្ងៃទី១១ មិថុនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ តំណាងទីភ្នាក់ងារទេសចរណ៍កម្ពុជាជាង៦០នាក់ ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងសិក្ខាសាលាមួយរៀបចំឡើងដោយទីភ្នាក់ងារ Atout France ក្រោមកិច្ចសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ។ សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីការទទួលទានអាហារពេលព្រឹកជាលក្ខណ:ការងាររវាងក្រុមប្រឹក្សាភិបាលរបស់ CATA និងគណ:ប្រតិភូបារាំង។

នៅថ្ងៃទី១០ មិថុនា ២០១៩ កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន លោក ម៉ូរ៉ាដ៍ តាយេប៊ី និងលោក ឡូរ៉ង់ ទ្រីប៉ូណេ (Laurent Triponey) ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ ។

នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះកំណើននៃចំនួនភ្ញៀវទេសចរកម្ពុជាទៅកម្សាន្តនៅប្រទេសបារាំង ដែលជាគោលដៅទេសចរណ៍ទី១នៅអឺរ៉ុបសម្រាប់ប្រជាជនកម្ពុជា (ចំនួនអ្នកសុំទិដ្ឋាការកើនឡើង២៥%នៅឆ្នាំ២០១៩នេះ) និងកំណើនចំនួនភ្ញៀវទេសចរបារាំងមកទស្សនាកម្ពុជា (កើន៤%នៅឆ្នាំនេះ)។ ភាគីទាំងពីរក៏បានសន្យាធ្វើការរួមគ្នាអោយបានជិតស្និទ្ធក្នុងវិស័យជាច្រើនដូចជា៖ អេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខាភិបាល និងចំណាត់ថ្នាក់សណ្ឋាគារជាដើម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម