• 2019-06-13 08:24:40
  • ព័ត៌មាន

ខ្លាំងមែន! Smart ក្តោប​បាន​ពាន​​​ល្អ​បំផុត​ ២ នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា

  • 2019-06-13 08:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Global Banking and Finance Review (GBFR) បាន​ផ្ដល់​ពាន​រង្វាន់​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ល្អ​បំផុត​ឆ្នាំ​២០១៩ និង​ពាន​រង្វាន់​ក្រុមហ៊ុន​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ ២០១៩ ដល់​ក្រុមហ៊ុន Smart Axiata រយៈ​ពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា សម្រាប់​ការ​ទទួលស្គាល់​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន Smart ក្នុង​ភាពជា​អ្នកដឹកនាំ ភាព​ច្នៃប្រឌិត និង​ឧត្ដមភាព​ក្នុង​វិស័យ​ទូរគមនាគមន៍​ទូរសព្ទ​ចល័ត និង​កម្មវិធី​ទំនួល​ខុស​ត្រូវ​ស​ង្គ​ម​របស់​គេ​ផង​ដែរ។

បើ​យោងទៅតាម​លោកស្រី Wanda Rich អ្នកនិពន្ធ​នាយក​នៅ Global Banking and Finance Review (GBFR) បាន​កត់​សម្គា​ល់ថា ក្រុមហ៊ុន Smart ត្រូវ​បាន​ទទួលស្គាល់ «​ម្ដង​ទៀត​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍន៍វិស័យ​ទូរគមនាគមន៍​ក្នុង​ប្រទេស​កម្ពុជា​»​។ លោក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ "ចក្ខុ​វិស័យ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Smart បាន​បន្ត​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា ការ​ដាក់​ពង្រាយ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ស​ង្គ​ម​របស់​ប្រទេស ក្នុង​ឆ្នាំ ២០១៨ ដែល​មាន​ប្រសិទ្ធភាព​ជា​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន"។

ពាន​រង្វាន់​នេះ គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​រឹង​មាំ​របស់​ក្រុមហ៊ុន ភាព​រឹង​មាំ​របស់​បុគ្គលិក និង​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន ចំពោះ​ប្រទេស​កម្ពុជា។ កាលពី​ឆ្នាំ ២០១៤ Smart គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​នាំ​យក​បច្ចេកវិទ្យា 4G LTE មក​កម្ពុជា ក្រោយ​មក ក្នុង​ឆ្នាំ​២០១៧ បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ម្ដង​ទៀ​ត​ដែល​បាន​ដាក់​ឲ្យ​ដំណើ​ការ​បច្ចេកវិទ្យា 4.5G។ ក្រុមហ៊ុន​ក៏បាន​ឈានមុខ​គេ​ផង​ដែរ ក្នុង​ការណែនាំ​ឲ្យ​ប្រើប្រាស់​នូវ​របៀប​រស់នៅ​បែប​ឌីជីថល​ថ្មី និង​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មីៗ​បំផុត ក៏ដូចជា ផ្ដល់​កម្មវិធី​កម្សាន្ត​ជាច្រើន។

ក្រៅពី​ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​បង្អស់​ដែល​ដាក់​ឲ្យ​ដំណើរ​កា​រលើ​ការ​ទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​រួចមក ក្រុមហ៊ុន​ក៏បាន​ដឹកនាំ​ឧស្សាហកម្ម​មួយ​នេះ​ឲ្យ​ប្រើប្រាស់​សេវា Voice over Wi-Fi និង សេវា eSIM ផង​ដែរ។ នៅ​ឆ្នាំ​ដដែល​នោះ ក្រុមហ៊ុន Smart ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម Smart @Home ដែល​ជា​សេវា​អ៊ីនធឺណិត​តាម​ផ្ទះ ដើម្បី​បំពេញ​តម្រូវ​ការ​បន្ថែម​ជូន​ដល់​អ្នកប្រើប្រាស់​​អ៊ីនធឺណិត ដែល​បាន​នឹង​កំពុងតែ​កើន​ឡើង​ជា​លំ​ដាប់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បាន​ពង្រឹង​បន្ថែម​ទៀ​ត​នូវ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ក្នុង​បណ្ដុំ វិស័យ​អប់​រំ និង​ការ​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​កម្មវិធី​ថ្មីៗ​ដូចជា កម្មវិធី SmartEdu Discovery Day​ កម្មវិធី SmartSpark និង​កម្មវិធី Tech Summit ដែល​ជា​ផ្នែក​មួយ​នៃ​ប្រាក់​ចំណូល​ច្រើនជាង​ ១​ ភាគ​រយ នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ដែល​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ក៏​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​១,៥​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ជា​មួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​អភិ​វ​ឌ្ឍ​ទេពកោសល្យ​ឌីជីថល នា​ថ្ងៃ​អនាគត ក្នុង​រយៈពេល​៣​ឆ្នាំ ខាងមុខ​ទៀត តាម​រយៈ​កម្មវិធី SmartEdu Scholarship និង​កម្មវិធី SmartEdu University Student Development Program។

ជា​មួយ​នឹង​ការ​ច្នៃ​ប្រឌិត​ឈានមុខ​គេ​លើ​ឧស្សាហកម្ម បច្ចេកវិទ្យា​ដ៏​រំភើប សេវាកម្ម​របៀប​រស់នៅ​បែប​ឌីជីថល ក៏ដូចជា កម្មវិធី​ជាច្រើន​ទៀត ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្ទាប់ៗ​ទៀត​ផងដែរ តួនាទី​ស្នូល​របស់​ក្រុមហ៊ុន Smart នៅ​ក្នុង​វិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ គឺ​ស្ថិត​ក្នុង​ភាព​ដ៏​រឹងមាំ​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​ទំព័រ Facebook របស់ Smart តាម​រយៈ Smart For Cambodia ឬ​តាម​រយៈ www.smart.com.kh

អត្ថបទ៖ សុខណា

មតិយោបល់