• 2019-06-16 03:43:39
  • សុខភាព

តាមពិត! អ្នកចេះតែបែកញើសច្រើន អាចបណ្ដាលមកពីមូលហេតុស្មានមិនដល់ទាំងនេះ

  • 2019-06-16 03:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបែកញើស គឺជាប្រតិកម្មធម្មតាមួយរបស់រាងកាយចំពោះកម្ដៅ។ ទោះជាយ៉ាងណា ការបែកញើសច្រើនហួស និងមានក្លិនមិនល្អអាចជាសញ្ញានៃភាពមិនប្រក្រតីណាមួយហើយ។ ការស្វែកយល់ពីមូលហេតុពីក្រោយបញ្ហានេះ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរកុំឱ្យកើតមាននៅពេលខាងមុខ។ ខាងក្រោមនេះ គឺជាស្ថានភាពសុខភាពមួយចំនួនដែលបង្កបញ្ហាបែកញើសច្រើនហួស ៖

១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

ការបែកញើសច្រើនអាចបណ្ដាលមកពីអ្នកតានតឹងក្នុងអារម្មណ៍ខ្លាំង។ ស្ត្រេស និងការថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការបែកញើសហួសប្រមាណផងដែរ។ ញើសប្រភេទនេះក៏មានក្លិនមិនល្អផងដែរ ក៏ព្រោះវាមានផ្ទុកជាតិខ្លាញ់ និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែកទៀត។

២. បញ្ហាក្រពេញទីរ៉ូអ៊ីត (hyperthyroidism)

Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ នៅពេលស្ថានភាពបែបនេះកើតឡើង អ្នកអាចនឹងជួបប្រទះអាការៈមួយចំនួនដូចជា ភ័យព្រួយ ឬថប់បារម្ភ, ស្រកទម្ងន់ និងបែកញើសហួសប្រមាណ។ វាក៏អាចជារោគសញ្ញាមួយដែលអ្នកគួរប្រញាប់ទៅពិនិត្យក្រពេញ ទីរ៉ូអ៊ីតជាមួយគ្រូពេទ្យជំនាញ។

៣. ជាតិស្ករក្នុងឈាមចុះទាប

ទោះបីអាការៈបែកញើសហួសប្រមាណអាចបណ្ដាលមកពីមូលហេតុផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចកើតមានដោយសារជំងឺខ្វះជាតិស្ករក្នុងឈាមផងដែរ។ ការបែកញើសបែបនេះ គឺកើតឡើងដោយមិនទាក់ទងជាមួយសីតុណ្ហភាពក្នុង ឬក្រៅបន្ទប់ឡើយ។ ជាញឹកញយ អ្នកជំងឺខ្វះជាតិស្ករក្នុងឈាមច្រើនជួបប្រទះអាការៈមួយចំនួនទៀតដូចជា វិលមុខ, ថប់បារម្ភ, ឃ្លានខ្លាំង, ឈឺក្បាលធីងធោង និងមើលមិនសូវច្បាស់។

៤. ជំងឺ Hyperhidrosis

ការបែកញើសហួសប្រមាណត្រង់ផ្នែកតែមួយនៃរាងកាយដូចជា ក, ក្លៀក, បាតដៃ ឬបាតជើង ហៅថាជំងឺ Hyperhidrosis។ វាមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែអាចបណ្ដាលឱ្យអ្នកខ្មាសគេ។ជំងឺ Hyperhidrosis ពេលខ្លះអមមកជាមួយនឹងការរលាក, ឈឺចាប់, បញ្ហាស្បែកផ្សេងៗ និងថប់បារម្ភ។ ដើម្បីជាការប្រសើរ ប្រសិនបើអ្នកតែងជួបប្រទះបញ្ហាបែកញើសក្លៀក ឬដៃ ឬផ្នែកណាមួយដូចរៀបរាប់ខាងលើមិនបាត់សោះនោះ​ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។

៥. ផលប៉ះពាល់នៃថ្នាំមួយចំនួន

ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីថ្នាំណាមួយដែលអ្នកបានទទួលទានផងដែរ។ គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ការបែកញើស គឺជាផលប៉ះពាល់ធម្មតានៃការប្រើប្រាស់ថ្នាំមួយចំនួន រួមទាំងថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំសម្ពាធឈាមជាដើម៕

ប្រភព ៖ health.com.kh

មតិយោបល់
អត្ថបទពេញនិយម