• 2019-06-19 03:47:14
  • ការអប់រំ

គួរ​ឲ្យ​សរសើរ! ស្ថាប័ន​ផ្សេងៗ​គ្នា រួម​បង្កើត​សៀវភៅ​កុមារ​បន្ថែម ១០ ក្បាល ដើម្បី​លើក​ស្ទួយ​ការ​អាន

  • 2019-06-19 03:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​មូល​និធិ​អាស៊ី​ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​បង្កើត​សៀវភៅ​រឿង​សម្រាប់​កុមារ​លើក​ទី​៦ (BookLab) ដើម្បី​បង្កើត​សៀវភៅ​កុមារ ១០ បន្ថែម​ទៀត​ដែល​កម្មវិធី​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង Let’s Read ដើម្បី​ពង្រឹង​សមត្ថភាព​អ្នកបង្កើត​សៀវភៅ​ក្នុងស្រុក​បង្កើត​ធន​ធាន​អំណាន​ឱ្យ​មាន​គុណភាព​ខ្ពស់ និង​ជំរុញ​ទម្លាប់​នៃ​ការ​អាន​របស់​កុមារ។ បណ្ណាល័យ​ឌីជីថល Let’s Read បាន​បង្កើន​ចំនួន​សៀវភៅ​ជា​ភាសា​ខ្មែរ​ជិត ​៣០០​ ក្បាល និង​មាន​សៀវភៅ​ជាង​ ២០០០​ ក្បាល​ផ្សេង​ទៀត​ក្នុង ២៣​ភាសា​ផ្សេងគ្នា។ បណ្ណាល័យ​ឌីជីថល​នេះ បាន​ឆក់​យក​ឱកាស​ក្នុង​យុគ​សម័យ​ដែល​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​ថេប្លែត​កំពុង​តែ​ពេញ​និយម ហើយ​សាធារណៈ​ជន​ក៏​អាច​រក​អាន​សៀវភៅ​តាម​រយៈ​គេហទំព័រ និង​កម្មវិធី​ក្នុង​ទូរ​សព្ទ Android​។

ឯក​ឧត្ដម បណ្ឌិត អ៊ឹម កុច

ឯក​ឧត្ដម បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវជន និង​កីឡា​ជា​មួយ​នឹង​អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺក តំណាង​អង្គកា​រមូល​និធិអាស៊ី​ប្រចាំ​កម្ពុជា បាន​ផ្ដល់​កិត្តិ​យស​ចូលរួម​បើក​កម្មវិធី BookLab ដែល​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ពេញ។

ឯក​ឧត្តម បណ្ឌិត អ៊ឹម កុច បាន​លើក​ឡើង​ថា​៖ «​ក្រសួង​អប់​រំ គាំទ្រ​ជាខ្លាំង​ទៅលើ​ការងារ​របស់​អង្គកា​រមូល​និធិ​អាស៊ី ដែល​មាន​គោលដៅ​ស្រប​ទៅនឹង​គោលដៅ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ផ្ទាល់ ក្នុង​ការ​ព​ង្រឹ​ង​សមត្ថភាព​ធន​ធាន​មនុស្ស បង្កើត​ធន​ធាន​អប់​រំដែល​មាន​គុណភាព​ខ្ពស់ ជាពិសេស​ជំរុញ​ទម្លា​ប់​នៃ​ការអាន និង​ការ​គិតពិចារណា​ល្អិតល្អន់ (critical thinking)​របស់​កុមារ​តូចៗ​នៅ​កម្ពុជា។»

អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺក

អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺក ក៏​​បាន​បន្ថែម​ថា​៖ «​សៀវភៅ​រឿង​ថ្មីៗ​ដែល​នឹង​ត្រូវ​ផលិត​ក្នុង​កម្មវិធី BookLab នេះ​ទាក់​ទង​ទៅ​នឹង​ប្រធានបទ​ផ្សេងៗ ដូចជា ភាព​ក្លាហាន ភាព​តស៊ូ​អត់ធ្មត់ ក៏ដូចជា​មិត្តភាព និង​ភាព​ច្នៃប្រឌិត។ រឿង "សៀវភៅ​វេទមន្ត​" និយាយ​ពី​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ "វិទូ" ដែល​ទើប​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្អូនស្រី​របស់​ខ្លួន​មាន​ចំណេះដឹង​ច្រើន គឺ​ដោយសារតែ​នាង​មាន​ទម្លាប់​អាន​សៀវភៅ​ជា​រៀង​រាល់ថ្ងៃ។ នៅ​ពេល​ដែល​វិទូ​ចាប់​ផ្តើម​អាន​សៀវភៅ​ប្រចាំថ្ងៃ​ជំនួស​ឱ្យ​ការ​លេង​វី​ដេ​-​អូ​ហ្គេម វិទូ​មាន​ការ​យល់ដឹង​ច្រើនជាង​មុន ហើយ​អាច​ដោះស្រាយ​ចំណោ​ទ​បញ្ហា និង​អាច​ចូលរួម​ប្រកួតប្រជែង​ចំណេះដឹង​នៅក្នុង​សាលា ព្រម​ទាំង​ទទួលបាន​រ​ង្វាន់​ទៀតផង​។ នេះ​គ្រាន់តែ​ជារឿង​មួយ​ក្នុង​ចំណោម​រឿង​ល្អៗ​ផ្សេង​ទៀត ដែល​មាន​សារ​អប់​រំល្អ អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្មេង និង​ជំរុញ​ឱ្យ​ពួកគេ​ចាប់ផ្តើម ឬ​បន្ត​ទ​ម្លាប់​អាន​សៀវភៅ​»​។​

កម្មវិធី Let’s Read ត្រូវបាន​គាំទ្រ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata ដែល​ជា​ក្រុមហ៊ុន​ទូរ​គមនាគ​មន៍​នាំមុខគេ​នៅ​ប្រទេស​កម្ពុជា​។ លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង និង​កិច្ចការ​សហការ នៃ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ «​សៀវភៅ​ឌីជីថល ដែល​បង្កើត​ចេញពី​កម្មវិធី BookLab មុនៗ ទាក់ទាញ​អ្នកអាន​នៅ​កម្ពុជា​ជាច្រើន​នាក់​។ វា​ស្តែង​ចេញពី​ចំណាប់អារម្មណ៍​ខ្ពស់​តាម​រយៈ​គេហ​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia របស់​ក្រុមហ៊ុន Smart Axiata​។ យើង​មាន​ការជឿជាក់​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​នូ​វ​ការ​អប់​រំ ជាពិសេស​ខ្លឹមសារ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​លក្ខណៈ​ជំរុញ​ទឹកចិត្ត ដូចជា​សៀវភៅ​រឿង​ដែល​ត្រូវបាន ផលិត​នៅក្នុង​កម្មវិធី Let’s Read នេះ​ជាដើម​។ យើង​រំពឹងថា នឹង​មាន​ក្មេងៗ​ច្រើន​បន្ថែម​ទៀត​ប្រើប្រាស់ប​ណ្ណា​- ល័យ​ឌីជីថល​មួយ​នេះ​ដើម្បី​បង្កើត​ទ​ម្លា​ប់​អាន​សៀវភៅ និង​ចាប់ផ្តើម​ការស្រមើស្រមៃ​ខ្ពស់​”៕

អត្ថបទ៖ សុខណា

មតិយោបល់