• 2019-06-20 07:11:49
  • ព័ត៌មាន

ក្រសួង​អប់​រំ​ព្រមាន​​ចាត់​វិធាន​ការ​ក្តៅ​ចំពោះ​សាលា​ណា​ អនុញ្ញាត​ឱ្យ​លក់​អាហារ​ចំណី​ហាមឃាត់​

  • 2019-06-20 07:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់​រំ​យុវជន​ និង​កីឡា ​បាន​ព្រមាន​​ចាត់​វិធាន​ការ​ទៅ​លើ​សាលា​រៀន​ណា​ ដែល​អនុញ្ញាត​ឱ្យ​លក់​ចំណី​អាហារ​ហាម​ឃាត់​ ។ វិធាន​ការ​នេះ​នឹង​អាច​ឈាន​​ទៅ​ដាក់​ពិន័យ​ជា​រដ្ឋបាល​ ដល់​នាក់​ដឹក​នាំ​សាលារៀន​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​លក់​ដូរ​ដាក់​លក់​ចំណី​អាហារ​​បំពាន​បម្រាម​របស់​ក្រសួង​។

លោក ឌី ខាំបូលី អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ​ យុវជន ​និង​កីឡា ​បាន​ឱ្យ​ដឹង​ថា​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​ដែល​ក្រសួង​អប់រំ​ ​បាន​ប្រកាស​ហាម​ឃាត់​ការ​លក់​ចំណី​អាហារ​ និង​ភេសជ្ជៈ​ជា​ច្រើន​មុខ​នៅ​ក្នុង​សាលា​រៀន​ ហើយ​ការ​ប្រកាស​នេះ​គឺ​មាន​គោល​ដៅ​សំខាន់​មិន​ចង់​ឱ្យ​សិស្សានុសិស្ស​ និង​កុមារ​តូច​បរិភោគ​​ទៅ​ងាយ​រង​ការ​ប៉ះ​ពាល់​ដល់​សុខភាព​ និង​ការសិក្សា​។​

ទន្ទឹម​នឹង​ការ​ដាក់​បម្រាម​នេះ ក្រសួង​អប់​រំ​ក៏​បាន​ស្នើ​ឱ្យ​​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ពិសេស​រដ្ឋបាល​សាលា​ស្រុក ​ខណ្ឌ​ទាំង​អស់​ត្រូវ​ចូល​រួម​តាម​ដាន​ចុះ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ ខណៈ​អ្នក​លក់​ដូរ​មួយ​ចំនួន​នៅ​តែ​រឹង​រុះ​លក់​ចំណី​អាហារ​ហាម​ឃាត់​ទាំង​នៅ​ក្នុង​សាលា ​និង​​នៅ​ក្រៅ​របង​សាលា។​   លោក​បាន​បន្ថែ​ម​ថា​ គ្រប់​ចំណី​អាហារ និង​ភេសជ្ជៈ​ ដែល​គ្មាន​គុណ​ភាព​ គ្មាន​អនាម័យ​​លក់​ឱ្យ​សិស្សានុសិស្ស ពិសេស​លក់​ឱ្យ​កុមារ​តូច​បរិភោគ​ គឺ​វា​រង​ការ​ប៉ះ​ពាល​ច្រើន​ ហើយ​ការ​ប៉ះ​ ពាល​ក្រៅ​ពី​ខាត​បង់​ថវិកា​អាណាព្យាបាល​សិស្ស​ គឺ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​សិស្ស​ និង​ប៉ះពាល់​ការ​សិក្សា​រៀន​សូត្រ​របស់​សិស្ស​ថែម​ទៀត​។​

ថ្មីៗ​កន្លង​មក​នេះ​ក្រសួង​អប់​រំ​បាន​ផ្សព្វផ្សាយ​ឡើង​វិញ​ពី​សេចក្ដី​ណែ​នាំ​ស្តី​ពី​ចំណី​អាហារ​ និង​ភេសជ្ជៈ​ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លក់​ក្នុង​គ្រឹះ​ស្ថាន​អប់រំ​ ខណៈ​មាន​សាលារៀន​មួយ​ចំនួន​នៅ​តែ​អនុញ្ញាត​ឱ្យ​អាជីវករ​បន្ត​លក់​ចំណី​អាហារ​ហាម​ឃាត់​ទាំង​នៅ​ក្នុង​សាលា ​និង​នៅ​ជិត​សាលា​។

ចំណី​អាហារ​និង​ភេសជ្ជៈ​ទាំង​នោះ​ រួមមាន ​ចំណី​អាហារ ​ដែល​ហួស​កាល​កំណត់​ ចំណី​អាហារ​ដែល​គ្មាន​ប្រភព​ច្បាស់ ​លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​កាហ្វេ ​ការ៉េម​ ទឹក​ស៊ីរ៉ូប៍​ ស្ករ​សូកូឡា​ ស្ករគ្រាប់ ​ស្ករកៅស៊ូ, ចាហួយ នំ​ដូណាត់ ​នំ​ផ្អែម រួម​ទាំង​គ្រឿង​ស្រវឹង ​និង​ថ្នាំ​ជក់​ជាដើម​៕

អត្ថបទ៖ សុផល

មតិយោបល់