• 2019-06-24 08:35:00
  • សុខភាព

ទង្វើប្រចាំថ្ងៃដែលអ្នកពុំសូវចាប់អារម្មណ៍ ប៉ុន្តែវាអាចបំផ្លាញសុខភាពបេះដូងធ្ងន់ធ្ងរ

  • 2019-06-24 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រជាជន​អាមេរិក​ប្រមាណ ៦១ ម៉ឺន​នាក់ ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ ជា​រៀង​រាល់​ឆ្នាំ នេះ​បើ​យោង​តាម CDC (មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ)។ បើ​ក្រុម​គ្រួសារ​របស់​អ្នក ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​ពី​មុន​មក អ្នក​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ សូម្បី​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដែល​អ្នក​មិន​សូវ​​ចាប់​អារម្មណ៍​ទាល់​សោះ ក៏​អាច​​បំផ្លាញ​ដល់​សុខភាព​បេះដូង​បាន​ដែរ​។

១. គេង​យូរ​ពេក

អ្នក​ដែល​គេង​ចាប់​ពី ៨-៩ ម៉ោង អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​តែ​ ៥​% ប៉ុណ្ណោះ​។ ចំណែក​ឯ​ ការ​គេង​លើស​ពី​១០​ម៉ោង​វិញ អាច​មាន​ហានិភ័យ​ដល់​ទៅ​៤១​% ឯណោះ​។

២​. គេង​មិន​គ្រប់

គេង​យូរ​ពេក​ក៏​មិន​​ល្អ ហើយ​គេង​មិន​គ្រប់​កាន់​តែ​មិន​ល្អ​ទៅ​ទៀត ព្រោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បេះដូង។ អ្នក​ដែល​គេង​បាន​ក្រោម ៦ ​ម៉ោង​ក្នុង​មួយ​យប់ អាច​នឹង​មាន​កំណក​ក្នុងសរសៃ​ឈាម​បេះដូង ២៧% ច្រើន​ជាង​អ្នក​ដែល​គេង​បាន​៨​ម៉ោង​ក្នុង​មួយ​យប់។

៣. អង្គុយ​ពេញ​មួយ​ថ្ងៃ

ហាត់​ប្រាណ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ជា​រៀង​រាល់​អ្នក​ត្រូវ​មាន​ចលនា ឧស្សាហ៍​ផ្លាស់​ទី ឬ​ដើរ​ខ្លះ។ បើ​អង្គុយ​ជាប់​រហូត​យូរ​ពេក អ្នក​នឹង​អាច​កើត​ជំងឺ​បេះដូង​បាន​យ៉ាង​ងាយ​បំផុត។​

៤. សំងំ​នៅ​តែ​ក្នុង​ផ្ទះ

ប្រសិន​បើ​អ្នក​គេច​ពី​ធម្មជាតិ​ហើយ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ពេក នោះ​វា​មិន​ល្អ​សម្រាប់​សុខភាព​បេះដូង​ឡើយ។ ដោយ​សារ​តែ​​ការ​គយគន់​ទេសភាព​ធម្មជាតិ​ពណ៌​បៃតង ក៏​អាច​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន​ដែរ​។

៥. ញ៉ាំ​អាហារ​បំពង​ខ្លាញ់​ច្រើន

គ្រប់​អាហារ​បំពង​ខ្លាញ់​ទាំង​អស់​មិន​ល្អ​សម្រាប់​សុខភាព​ទាល់​តែ​សោះ។ យោង​តាម​ការ​ចុះផ្សាយ​របស់  British Medical Journal បាន​បញ្ជាក់​ថា មនុស្ស​ស្រី​ដែល​ញ៉ាំ​មាន់​បំពង​ម្តង​ក្នុង​មួយ​សប្តាហ៍ អាច​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​​ជំងឺ​បេះដូង ១១%​ ច្រើន​ជាង​មនុស្ស​ទូទៅ។​

៦. ពូកែ​ខឹង​ច្រើន

​នៅ​ធម្មតា​សុខ​ៗ ស្រាប់​តែ​អ្នក​ច្រឡោត​ខឹង​ភ្លាមៗ ហាក់​បី​ដូច​ជា​កំពុង​តែ​កម្ទេច​បេះដូង​ខ្លួន​ឯង​ហើយ។ ជា​ពិសេស​ចំពោះ​បុរស​វិញ គឺ​ប្រឈម​ខ្លាំង​បំផុត​ជាមួយ​ជំងឺ​សរសៃ​បេះដូង។

៧. ផឹក​ភេសជ្ជៈ​មាន​ហ្គាស​និង​ជាតិ​ស្ករ​ខ្ពស់

ភេសជ្ជៈ​ដែល​មាន​ហ្គាស​និង​មាន​ជាតិ​ស្ករ​ខ្ពស់ អាច​នាំ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​សុខភាព​បេះដូង។ អ្នក​ដែល​ចូល​ចិត្ត​ផឹក​ខាន​មួយ​ថ្ងៃ​មិន​បាន ងាយ​នឹង​កើត​​ជំងឺ​បេះដូង​ ជាង​អ្នក​មិន​ដែល​ឬ​មិន​សូវ​ផឹក។

៨. ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់

ការ​ខ្វះ​ជាតិ​ទឹក ធ្វើ​ឲ្យ​បេះដូង​ពិបាក​ដំណើរ​ការ។ វា​ក៏អាច​បណ្តាល​​មុខងារ​​កោសិកា​​ម្យ៉ាង​ឈ្មោះ​ថា endothelial ធ្លាក់​ចុះ ធ្វើ​ឲ្យ​វិវត្ត​ទៅ​រក​ជំងឺ សរសៃ​ឈាម​អាកទែ។

៩. ធ្វើ​ការ​ជាមួយ​ចៅហ្វាយ​​ដែល​តឹងតែង​ពេក

ការងារ​នៅ​ការិយាល័យ​ ពិត​ជា​ប៉ះពាល់​​ធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក។ ការ​ប្រកួត​ប្រជែង ការ​គិត​វិភាគ ការ​ធ្វើ​ការ​ជាមួយ​​ចៅហ្វាយ​នាយ​ដែល​តឹង​តែង​ពេក អាច​បណ្តាល​ឲ្យ​អ្នក​ប្រឈម​ជាមួយ​នឹង​ការ​គាំង​បេះដូង​ ដល់​ទៅ ​៦០%។

១០. ព្រួយ​បារម្ភ​ច្រើន​ពេក​

បើ​អ្នក​កំពុង​​តែ​ជួប​វិបត្តិ កើត​ទុក្ខ​ស្មុគស្មាញ​ច្រើន គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ ដើម្បី​ការពារ​សុខភាព​បេះដូង។ ដោយ​សារ​តែ​​ការ​ព្រួយ​បារម្ភ ការ​កើត​ស្រ្តេស​ រាង​កាយ​នឹង​ផលិត​អ័រម៉ូន​ក័រទីសុល។ មាន​អ័រ​ម៉ូន​មួយ​ប្រភេទ​នេះ​ កាន់​តែ​​ច្រើន​​ក្នុង​ខ្លួន ចង្វាក់​បេះដូង​នឹង​លោត​កាន់​តែ​ញាប់​ខុស​ធម្មតា៕ ​​​

ចុចអានបន្ត៖ ទឹក​ត្រសក់​​មាន​អត្ថប្រយោជន៍​​​ច្រើន​យ៉ាង​នេះ ស្រី​ៗ​មិន​គួរ​រំលង​ទេ

ប្រភព៖ bestlifeonline ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់