• 2019-06-24 08:52:57
  • ព័ត៌មាន

ធ្វើម៉េចឲ្យឈប់ខ្ជិលបាន?

  • 2019-06-24 08:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Vayo
  • សហការជាមួយ wapatoa.com

មានអារម្មណ៍ថា ឆ្នាំថ្មី ២០១៩ នេះដូចទើបចាប់ផ្តើមម្សិលៗហ្នឹងទេ តែឥលូវ ៦ខែបានកន្លងផុតបាត់ទៅហើយ! តើនៅដើមឆ្នាំ គ្នាយើងណាខ្លះបានកំណត់គោលដៅ ចង់ផ្លាស់ប្តូរអភិវឌ្ឍខ្លួនសំរាប់ឆ្នាំ ២០១៩? ហើយបានសំរេចមួយណាខ្លះហើយ? ឬក៏បានបោះបង់ចោលអាណាខ្លះហើយ?

អ្នកខ្លះប្រហែលជាមានបំណងចង់ចាប់ផ្តើមរៀនអ្វីថ្មីមួយក្នុងឆ្នាំនេះ (ដូចជារៀនសរសេរកូដជាដើម) ឬចង់ចាប់ផ្តើមទៅហាត់ប្រាណរាល់ថ្ងៃនឹងគេ ឬចង់ធ្វើចិត្តឲ្យក្លាយជាមនុស្សល្អជាងមុនក៏មិនដឹង! តែគួរឲ្យស្តាយណាស់ ទោះយើងសំរេចចិត្តហើយខំតាំងចិត្តយ៉ាងណាក្តី ភាគច្រើន មិនថាគេ មិនថាយើង តែងទទួលបរាជ័យ មិនអាចសំរេចដូចការគ្រោងទុកឡើយ។

ហេតុអីទៅ? អ្នកប្រហែលជាធ្លាប់គិតហើយថា នេះមកពីអ្នកខ្វះឆន្ទៈ ឬមិនសូវមានអំណាចគ្រប់គ្រងខ្លួនឯងបាន.. មានគេបានស្រាវជ្រាវមកជាច្រើន ហើយបានរកឃើញថា មនុស្សដែលចេះគ្រប់គ្រងខ្លួនបានខ្ពស់តែងក្លាយជាអ្នកដឹកនាំល្អ រៀនពូកែ ធ្វើការសកម្ម ហើយចេះទុកដាក់លុយបានល្អជាងអ្នកផ្សេង។ មិនត្រឹមតែប៉ុណ្ណឹង ពួកគាត់ក៏ពូកែថែរក្សាសុខភាពផ្លូវចិត្តខ្លួន ហើយចេះគ្រប់គ្រងស្ត្រេសបានដោយខ្លួនឯងទៀតផង។ គាត់តែងមានទំនាក់ទំនងល្អជាមួយគេផ្សេង ហើយតែងមានសេចក្តីសុខជាងគេ ក៏ដូចជារស់នៅបានយូរអង្វែងជាងគេផងដែរ។ អ្នកអាចអានរបាយការណ៍ស្រាវជ្រាវទាំងនេះនៅតំណនេះ នេះ និងទីនេះ។

មិនដឹងជាល្អយ៉ាងណាទេ… ប្រសិនបើយើងអាចឈប់ដេកស្អុយ អាចចាប់ផ្តើមងើបពីព្រលឹមបាន ប្រហែលជាមានពេលទៅហាត់ប្រាណបានបាត់ទៅហើយ។ ប្រសិនបើយើងអាចទប់ដៃ មិនឲ្យរមាស់ចុចតែទូរស័ព្ទអស់ម្តងៗរាប់ម៉ោងនោះ ប្រហែលជាអាចមានពេលធ្វើការងារសាលា មិនចាំបាច់ដេកភ័យដោយសារធ្វើការមិនបានល្អអញ្ចឹងទេ… បើសិនជា បើសិនជា បើសិនជា…

សំណាងគ្នាយើងហើយ ព្រោះឥលូវគ្នាយើងមិនបាច់ដេកស្រមៃទៀតទេ! វប្បធម៌សុខចិត្តចេញមុខជួយបំភ្លឺបង្រៀនឲ្យអ្នកបង្កើនអំណាចឆន្ទៈរបស់អ្នកបាន!

ក្រោយពេលយើងបានយកពេលជាងមួយខែដើម្បីស្រាវជ្រាវ អាន សរសេរ និងស្វែងយល់សៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal) រួចហើយនោះ ឥលូវយើងអាចចាប់ផ្តើមផ្សាយកំរងអត្ថបទទាក់ទងនឹងឆន្ទៈ ឬការគ្រប់គ្រងខ្លួនបានហើយ!

ក្នុងកំរងអត្ថបទដ៏មានសារៈសំខាន់នេះ យើងនឹងរៀនថាតើឆន្ទៈជាអ្វីឲ្យប្រាកដ ហើយតើវាចេញមកពីណា ពេលណាដែលវាមានប្រសិទ្ធិភាព ពេលណាវាគ្មានបានការ… ជាពិសេសទៅទៀតនោះគឺ តើយើងគួរធ្វើយ៉ាងណាខ្លះដើម្បីពង្រឹងវាបាន!

រូបភាពបានមកពី៖ បេណ័រ ឌ្រីកនី (Benoit Drigny)

ក្នុងអត្ថបទផ្តើមទីមួយមុនគេនេះ យើងនឹងមើលៗ ថាតើឆន្ទៈជាអ្វី វាចេញមកពីណា ហើយវាធ្វើអ្វីខ្លះលើខ្លួនប្រាណយើង។ ពេលអានអត្ថបទនេះចប់ អ្នកនឹងយល់ដឹងថា ហេតុអ្វីមនុស្សយើងងាយចុះចូលជាមួយចំណង់ដែលចេញមុខមកមួយឆាវៗហ្នឹងម៉្លេះ។

តាមពិតទៅ នេះមិនមែនជាកំហុសរបស់យើងទេ គឺមកពីទំរង់របស់ខួរក្បាលយើងទាំងអស់! ទោះយើងមិនអាចផ្លាស់ប្តូរទំរង់ខួររបស់យើងទាំងស្រុងក៏ពិតមែន តែយើងនៅតែអាចស្វែងយល់ពីវា ហើយរកវិធីថ្មីៗដើម្បីទប់ទល់ និងប្រើប្រាស់វាតាមចិត្តយើងបាន!

តើឆន្ទៈ ឬអំណាចគ្រប់គ្រងខ្លួននេះជាអ្វី?

មនុស្សភាគច្រើនគិតថា អំណាចគ្រប់គ្រងខ្លួនហ្នឹង គឺជាអំណាចពេលដែលយើងអាចដាច់ចិត្តបដិសេធអ្វីមួយដែលយើងគិតថាមិនមានផលល្អចំពោះយើង។ ឧទាហរណ៍ដូចពេលយើងបដិសេធមិនញ៉ាំអាហារខ្លាញ់ មិនអង្គុយមើលរឿងភាគពេញមួយយប់ហើយមិនខ្ចីដេក ឬ មិនក្បត់ផិតសង្សារជាមួយអ្នកផ្សេងជាដើម។

តែតាមពិតឆន្ទៈ ឬអំណាចគ្រប់គ្រងខ្លួននេះ អាចធ្វើឲ្យយើងមានអំណាចពីរផ្សេងទៀត។ មួយគឺ អំណាចក្នុងការយល់ព្រម។

រូបភាពបានមកពី៖ ប៊ីយ៉ាងកា ហល (Bianca Hall)

ឧទាហរណ៍ថា យើងសុខចិត្តបង់លុយចុះឈ្មោះចូលក្លឹបហាត់ប្រាណ ទោះយើងមិនមានអារម្មណ៍ចង់ចេញពីផ្ទះក៏ដោយ។ ឬពេលដែលយើងព្យាយាមហាត់តាំងសមាធិប្រាំនាទីរាល់ថ្ងៃ ទោះយើងមិនសូវយល់ មិនសូវចេះក៏ដោយ។ ឬពេលដែលមនុស្សដែលពូកែអៀនប្រៀនម្នាក់ចង់រៀនបង្កើនភាពជឿជាក់ក្នុងខ្លួន ហើយព្យាយាមនិយាយលេងជាមួយគេឯង ទោះដៃគាត់ញ័រ មុខគាត់ក្រហមព្រឿងក៏ដោយ។ ទាំងនេះហើយជាអំណាចនៃការយល់ព្រម! គឺយើងយល់ព្រមហាត់ប្រាណ យល់ព្រមតាំងសមាធិ និងយល់ព្រមនិយាយស្តី ដោយសារយើងដឹងថាសកម្មភាពទាំងនេះផ្តល់ផលល្អដល់យើងបាន!

ចុងក្រោយបង្អស់ ពេលយើងចេះគ្រប់គ្រងខ្លួន នោះយើងនឹងមានអំណាចអាចចាំពីគោលដៅយើងមិនងាយភ្លេច។ ឧទាហរណ៍ដូចយើងមានគោលដៅចង់ចូលដេកម៉ោង ១០ យប់… ទោះជាមានរឿងដែលមើលទៅល្អមើលយ៉ាងណា ទោះក្រាស់យើងនៅអនឡាញ កំពុងចេញព័ណ៌បៃតងព្រីងៗ រង់ចាំយើងទៅញ៉ែក៏ដោយ ក៏យើងនៅចាំពីគោលដៅយើងជានិច្ច គឺបិទទូរស័ព្ទ បិទកុំព្យូទ័រ ចូលដេកម៉ោង ១០។

ហេតុអ្វីបានជាមនុស្សយើងចេះគ្រប់គ្រងខ្លួន?

យោងទៅតាមការស្រាវជ្រាវមួយរបស់លោកដុនបា (Dunbar) ប្រមាណជា ១០០ ០០០ ឆ្នាំមុន មនុស្សយើងចាប់ផ្តើមរស់នៅក្នុងសហគមន៍ដែលមានមនុស្សផ្សេងៗច្រើនឡើងៗ។ បើយើងរស់នៅម្នាក់ឯង មិនបាច់គ្រប់គ្រងខ្លួនឯងទេត្រូវអត់? យើងចង់ធ្វើអ្វីស្រេចតែចិត្ត ព្រោះមិនប៉ះពាល់ដល់នរណាម្នាក់ក្រៅពីខ្លួនយើងឡើយ។

តែពេលយើងចាប់ផ្តើមរស់នៅជាក្រុម រស់នៅជាភូមិមក យើងត្រូវមានច្បាប់ទំលាប់គ្រប់គ្រងខ្លួន។ មិនមែនចេះតែទៅយកមាន់គេឆី ឬទៅលួចប្រពន្ធគេតាមចិត្តចង់នោះទេ។ យើងត្រូវគ្រប់គ្រងសភាវគតិរបស់យើង ដើម្បីកុំឲ្យមានការឈ្លោះគ្នា និងធ្វើយ៉ាងណាឲ្យយើងរស់នៅជាមួយគ្នាចុះសំរុង។ មិនត្រឹមតែប៉ុណ្ណឹង បើយើងមិនចេះគ្រប់គ្រងខ្លួន នោះយើងនឹងមិនសុខចិត្តបរិច្ចាគកំលាំង និងរបស់របរដើម្បីជួយអ្នកក្នុងក្រុមយើងនោះឡើយ។ ហើយបើអ្នកស្រុកភូមិក្រុមជាមួយគ្នាមិនចេះជួយគ្នានោះ ក្រុមនោះនឹងមិនអាចរីកលូតលាស់បានឡើយ។

ការទាមទារថ្មីថ្មោងនេះបានធ្វើឲ្យខួរក្បាលដ៏តូចរបស់យើងចាប់ផ្តើមខំរិះរកយុទ្ធសាស្ត្រថ្មីដើម្បីឲ្យយើងអាចរក្សាអាយុជីវិតបាន។

មុនហ្នឹង សម្បកខួរខាងមុខបំផុតនៃថតមុខខួរយើង (prefrontal cortex) បើស្តាប់ទៅមិនយល់ ចាំតែវាជាសំបកនៃផ្នែកមុខបំផុតនៃខួរយើង ដូចរូបខាងក្រោម។

មុនដំបូង សំបកខួរក្បាលផ្នែកនេះគឺមានតែតួនាទីបញ្ជាខ្លួនយើងឲ្យធ្វើសកម្មភាពប៉ុណ្ណោះទេដូចជា ដើរ រត់ ឈោងចាប់របស់អីជាដើម។ ពេលនោះមនុស្សមិនចាំបាច់គ្រប់គ្រងខ្លួនខ្លាំងពេកទេ អាចធ្វើអ្វីតាមតែសភាវគតិយើងបាន។

តែដល់ពេលយើងត្រូវរៀនគ្រប់គ្រងខ្លួនបន្ថែមទៀតនោះ ផ្នែកនេះនៃខួរក្បាលយើងក៏បានរីកធំជាងមុន ហើយចាប់ផ្តើមបែកខ្នែងភ្ជាប់ទំនាក់ទំនងជាមួយផ្នែកផ្សេងៗនៃខួរក្បាលយើងច្រើនជាងមុនយ៉ាងខ្លាំង។ នៅលើលោកនេះ មានតែខួរក្បាលមនុស្សទេ ដែលមានសម្បកខួរខាងមុខបំផុតនៃថតមុខខួរ ធំយ៉ាងនេះ បើប្រៀបធៀបនឹងខួរទាំងមូលរបស់យើង។

ពេលមួយសែនឆ្នាំមុនហ្នឹង ផ្នែកនេះបានពង្រីកខ្លួនឲ្យធំ ដោយសារវាត្រូវធ្វើការច្រើនជាងមុន។ តួនាទីថ្មីរបស់វារួមមានជាអ្នកសំរេចចិត្តថាតើយើងគួរយកចិត្តទុកដាក់លើអ្វីខ្លះក្នុងពេលបច្ចុប្បន្ន តើយើងត្រូវគិតពីអ្វី ដល់ថ្នាក់យើងគួរមានអារម្មណ៍អ្វីទៀតផង!

ស្តាប់ទៅដូចល្អណាស់… ខួរក្បាលយើងបានរីកលូតលាស់ដើម្បីបង្រៀនយើងគិត និងមានអារម្មណ៍ហើយទេតើ! តែការអភិវឌ្ឍន៍ថ្មីនេះមានចន្លោះខ្វះខាតដ៏ធំមួយ! គឺថា វាមិនបានលុបចោលខួរក្បាលចាស់របស់យើងទេ។ អាខួរក្បាលចាស់ដែលពូកែតែធ្វើតាមចិត្ត ធ្វើតាមសភាវគតិ និងចំណង់មួយឆាវ ដែលគេឧស្សាហ៍ហៅថា «ចិត្តស្វា» (monkey mind) នោះនៅតែមានវត្តមានដដែលទេ។ គ្រាន់តែឥលូវខួរក្បាលយើងពង្រីកខ្លួន បន្ថែមស្រទាប់ «ចិត្តចេះគិត» ទៅលើចិត្តស្វានោះទេ។

អញ្ចឹងហើយបានជាពេលខ្លះយើងមានអារម្មណ៍ដូចមានមនុស្សពីរនាក់ក្នុងចិត្តយើង កំពុងវាយឈ្លោះគ្នាដណ្តើមដំណែងគ្នាអញ្ចឹង។ ចិត្តមួយគឺខ្ជិល ចិត្តអាក្រក់ មិនចេះខ្វល់ពីអនាគតឡើយ ចង់តែបានសប្បាយស្រួលឥលូវៗ។ ចិត្តមួយទៀតគឺចិត្តឧស្សាហ៍ ឆ្លាត មានបញ្ញា ហើយចង់ឲ្យយើងធ្វើរឿងដែលត្រឹមត្រូវ រឿងដែលមានផលល្អចំពោះយើងទៅថ្ងៃមុខ។

អញ្ចឹងពេលដែលយើងមិនអាចគ្រប់គ្រងខ្លួនបាន កុំបន្ទោសថាខ្លួនខ្ជិល មិនចេះខ្វល់ មិនចេះរាងចាលទៀតអី។ នេះដោយសារវាជាលក្ខណៈធម្មជាតិនៃទំរង់ខួរក្បាលមនុស្សយើងនោះទេ! តាមពិតទៅ ចិត្តស្វានេះក៏មានប្រយោជន៍របស់វាដែរ គឺពេលខ្លះ វាចូលដៃចូលជើងរជាមួយចិត្តចេះគិតដើម្បីជួយយើងទៀតផង! ឧទាហរណ៍ដូចពេលយើងដើរផ្សារ ឃើញអាវយឺតដ៏សាមញ្ញមួយទាក់ភ្នែកយើងខ្លាំង ស្រាប់តែមើល ផ្លាកតំលៃ ម៉ែអើយ! ដល់ទៅរាប់សិបដុល្លារ! ពេលនោះ យើងនឹងមានអារម្មណ៍ដូចមានគេដាល់ពោះយើងអញ្ចឹង… អ្នកបុកពោះយើងគឺចិត្តស្វាយើងនេះឯង វាកំពុងប្រាប់យើងឲ្យដើរចេញពីហាងនោះ កុំងាកក្រោយឲ្យសោះ!

តើខ្លួនប្រាណយើងផ្ទាល់មានសភាពប្រែប្រួលដូចម្តេចខ្លះ ពេលយើងមានឆន្ទៈខ្ពស់?

អំបាញ់មិញនេះយើងឃើញហើយថាមានអ្វីកើតឡើងខ្លះក្នុងខួរក្បាលយើង ពេលយើងប្រើប្រាស់ឆន្ទៈដើម្បីគ្រប់គ្រងខ្លួន ចុះចំណែកខ្លួនប្រាណយើងវិញ?

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឆ្លងកាត់ប្រតិកម្មរត់ឬវាយ (fight-or-flight response) យ៉ាងហោចណាស់ក៏ម្តងហើយដែរ។ ប្រតិកម្មនេះតែងចេញមុខមកដោយខ្លួនឯង ពេលដែលយើងជួបរឿងដែលអាចនាំគ្រោះថ្នាក់មកដល់អាយុជីវិតយើងបាន។ ដែលសារភាពស្នេហ៍ទេ? ឬក៏ប៊ិះត្រូវឡានបុកតាមផ្លូវទេ? (និយាយទៅរឿងពីរហ្នឹងសឹងតែមានគ្រោះថ្នាក់ប្រហែលៗគ្នា ហេហេ)។ ពេលដែលយើងជួបរឿងគួរឲ្យខ្លាចដែលអាចនាំគ្រោះថ្នាក់ដល់យើង នោះខ្លួនប្រាណយើងនឹងមានប្រតិកម្មវាយឬរត់ចេញមកដោយឯកឯង។

ការស្រាវជ្រាវមួយបានឲ្យដឹងថា ពេលដែលខួរក្បាលយើងសំរេចប្រើប្រតិកម្មនេះ ចង្វាក់បេះដូងយើងនឹងលោតញាប់ជាងមុន ថ្គាមយើងនឹងខាំមាំជាប់ជាងមុន ហើយគ្រប់ឥន្ទ្រិយារម្មណ៍ទាំងប្រាំរបស់យើងនឹងប្រុងប្រៀប ចាំស្តាប់ និយាយ មើល ភ្លក់ និងមានប៉ះខ្លាំងជាងមុន។ ទាំងសាច់ដុំក្នុងខ្លួនយើង និងខួរក្បាលយើងប្រុងខ្លួនជាស្រេចសំរាប់ជំរុញឲ្យយើងធ្វើសកម្មភាពឲ្យលឿន ហើយខ្លាំងអស់កំលាំងកាយចិត្តយើងតែម្តង។

និយាយឲ្យខ្លីទៅ គឺខ្លួនប្រាណយើងកំពុងប្រុងប្រៀបឲ្យយើងមានកំលាំងធ្វើអ្វីក៏ដោយ ឲ្យតែអាចរក្សាអាយុជីវិតយើងបានក្នុងពេលនោះ!

ទោះជាប្រតិកម្មនេះមានអំណាចខ្លាំងក៏ដោយ ក៏វាមិនមានប្រសិទ្ធិភាពគ្រប់ពេលដែរ។ ពោលគឺ វាមានប្រសិទ្ធិភាពតែជាមួយសត្រូវដែលនៅក្រៅខ្លួនយើងនោះទេ ដូចជាពេលមានគេដើរតាមយើងទំនងចង់រករឿងយើង ឬពេលយើងឃើញកន្លាតហោះស្ទុយចុះស្ទុយឡើងក្នុងបន្ទប់ទឹកអញ្ចឹង។

តែផ្ទុយទៅវិញ ពេលដែលយើងមានជំលោះជាមួយសត្រូវខាងក្នុង ពេលដែលចិត្តយើងមួយខ្ជិលវាចង់ដេកបន្ត ចិត្តមួយចង់ចេញទៅក្រៅជួបនិយាយលេងជាមួយមិត្តភក្តិនោះ ប្រតិកម្មរត់ឬវាយ នេះនឹងលែងមានប្រសិទ្ធិភាពហើយ។

អ្វីដែលអាចជួយយើងបង្ក្រាបសត្រូវក្នុងចិត្តបាន គឺប្រតិកម្មមួយប្រភេទទៀតដែលមានឈ្មោះថា ឈប់ហើយរៀបផែនការ (pause-and-plan response)។ ចាំអត់? សម្បកខួរខាងមុខបំផុតនៃថតមុខខួរ (prefrontal cortex) របស់យើងបានភ្ជាប់ខ្លួនទៅនឹងផ្នែកផ្សេងៗនៃខួរយើងជាយូរណាស់មកហើយ។ ដែលជាហេតុធ្វើឲ្យវាអាចតាមដានដឹងថាយើងកំពុងមានអារម្មណ៍ និងគិតពីអ្វីគ្រប់ពេលវេលា។

អញ្ចឹង ពេលដែលវាស្ទង់ដឹងថាយើងកំពុងមានជំលោះពីរក្នុងចិត្ត (ចិត្តមួយចង់បន្តសរសេរអត្ថបទ ចិត្តមួយទៀតចង់បន្តចុចមើលវីដេអូក្នុងយូធូប ដូចស្មេរឥលូវអញ្ចឹង) នោះវានឹងចាប់ផ្តើមចេញប្រតិបត្តិការភ្លាម! ដំបូងវាជួយសំរួលឲ្យចង្វាក់បេះដូងយើងដើរយឺតជាងមុន ឲ្យសម្ពាធឈាមរបស់យើងចុះមកអត្រាធម្មតា ហើយវាក៏ធ្វើឲ្យដង្ហើមយើងដកចេញចូលយឺតជាងមុនផងដែរ។ បែបនេះខ្លួនប្រាណយើងនឹងសំរាកជាងមុន ដែលជាហេតុនាំឲ្យចិត្តយើងស្ងប់ជាងមុនតាមនោះផងដែរ។

ពេលចិត្តយើងស្ងប់ នោះវានឹងមិនហូរទៅតាមចំណង់ វានឹងមានសេរីភាពក្នុងការសំរេចចិត្តបានល្អជាងមុន (ដូចជាសំរេចចិត្តបន្តសរសេរអត្ថបទឲ្យចប់ ជាជាងចុចវីដេអូមួយទៅមួយទៅមួយទៀតអញ្ចឹង ហេហេ)។

ឃ្លាំងឆន្ទៈរបស់យើង

រូបភាពបានមកពី៖ ហ្វឺស ប៊ីត (First Beat)

នៅមានរបស់ម៉្យាងទៀតដែលយើងគួរដឹង នោះគឺ ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូង (heart rate variability)។ មនុស្សភាគច្រើនមិនដឹងទេថា អត្រាចង្វាក់បេះដូងយើងនីមួយៗខុសៗគ្នាបន្តិច រាល់ពេលវាលោតម្តងៗ។ ពេលយើងដកដង្ហើមចូល វាលោតរាងញាប់ ហើយពេលយើងដកដង្ហើមចេញ វាលោតយឺតបន្តិច។ បើខុសគ្នារឹតតែខ្ពស់ បានន័យថាសភាពផ្លូវចិត្តយើងរឹតតែល្អ ព្រោះបញ្ជាក់ថាខ្លួនប្រាណយើងកំពុងសំរាកធូរខ្លួន (លោតយឺតពេលយើងដកដង្ហើមចេញ) តែក៏វានៅប្រុងប្រៀបខ្លួនពេលមានរឿងជានិច្ច (លោតលឿនពេលដកដង្ហើមចូល)។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ពេលដែលយើងស្ត្រេស ភ័យបារម្ព ឬកំពុងជាប់ក្នុងប្រតិកម្មរត់ឬវាយនោះ ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងយើងធ្លាក់ចុះជាខ្លាំង។ នេះបានន័យថា ពីមួយចង្វាក់ទៅមួយចង្វាក់អត់សូវខុសគ្នាទៀតទេ… បេះដូងយើងគឺជាប់នៅអត្រាលោតលឿន ធ្វើឲ្យខ្លួនប្រាណយើងរឹតតែស្ត្រេសជាងមុនទៅទៀត។

តែពេលដែលយើងមានអារម្មណ៍ស្ងប់ ហើយធូរស្បើយក្នុងចិត្តនោះ ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងរបស់យើងនឹងកើនឡើងមកវិញ។

ដូចប្រាប់មុនអញ្ចឹង ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងរបស់យើងរឹតតែខ្ពស់ នោះបានន័យថាយើងរឹតតែមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អ។ គេបានស្រាវជ្រាវឃើញថា បើយើងចង់ដឹងថាមនុស្សម្នាក់ហ្នឹងអាចគ្រប់គ្រងខ្លួនឯងបានល្អអត់ គឺគេមើលលើភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូង… ត្រូវច្បាស់ជាងគេ ច្បាស់ជាងមើលលើចរឹត ប្រវត្តិរស់នៅ ឬកម្រិតអប់រំរបស់គាត់ទៀតផង!

មិនត្រឹមតែប៉ុណ្ណឹងមានពិសោធមួយទៀតបានតាមដាន មនុស្សប្រមឹកដែលកំពុងព្យាយាមផ្តាច់ស្រា ដោយវាស់ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងរបស់ពួកគាត់។ អ្នកដែលមានភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងទាប ភាគច្រើនតែងបន្តផឹកច្រើនដដែល ទោះចិត្តចង់ផ្តាច់ក៏ដោយ។ ឯអ្នកដែលមានភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងខ្ពស់ ភាគច្រើនអាចតាំងចិត្តផ្តាច់ស្រាបានច្រើនជាង។

ដូច្នេះហើយ គេបានសន្មតថា មនុស្សដែលមានភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងកាន់តែខ្ពស់ កាន់តែពូកែ គ្រប់គ្រងខ្លួនជាង ពូកែផ្ចង់អារម្មណ៍ជាង ហើយថែមទាំងពូកែតាំងចិត្តមិនឲ្យធ្វើតាមចំណាង់ភ្លាមៗទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលជួបឧបសគ្គ ទោះពួកគាត់បានទទួលបរាជ័យពីដំបូង ឬត្រូវបានគេរិះគន់ខ្លាំងយ៉ាងណាក៏ដោយ ក៏គាត់នៅតែបន្តធ្វើការទៅមុខ មិនរាថយដែរ!

រឹតតែអាន រឹតតែមានអារម្មណ៍ថា ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងហ្នឹង ដូចថ្នាំពិសេស ដែលអាចផ្លាស់ប្តូរជីវិតយើងអញ្ចឹង ត្រូវអត់? ដោយហេតុនេះហើយបានជាចិត្តវិទូជាច្រើនគ្នាបាននាំគ្នាដាក់ឈ្មោះវាថាជា «ឃ្លាំងនៃឆន្ទៈ» របស់យើង។ បើវាខ្ពស់ នោះបានន័យថាយើងនឹងមានឆន្ទៈច្រើន និងអាចគ្រប់គ្រងខ្លួនបានខ្ពស់តាមហ្នឹងដែរ។

គេក៏បានស្រាវជ្រាវឃើញថា ភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងរបស់យើងមិនថេរនោះទេ។ វាអាចទទួលឥទ្ធិពលពីកត្តាជាច្រើនយ៉ាងដូចជា៖ បញ្ហាផ្លូវអារម្មណ៍ដូចជាស្ត្រេស ឬការបារម្ភច្រើន បញ្ហាផ្លូវកាយដូចជាយើងញ៉ាំអាហារមិនល្អ មិនសូវបានហាត់ប្រាណ និងខ្យល់ដកដង្ហើមកខ្វក់ជាដើម ក៏ដូចជាពេលយើងដេកមិនគ្រប់ ឬស្រវឹងជាដើម។

តែក៏ល្អម៉្យាងដែរ ព្រោះនេះបានន័យថា បើយើងអាចដោះស្រាយបញ្ហាផ្លូវចិត្ត ផ្លូវកាយទាំងនេះបាន នោះយើងអាចបង្កើនភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូងយើង ធ្វើឲ្យយើងមានឆន្ទៈខ្ពស់ជាងមុនបានជាមិនខាន!

ប្រសិនបើអ្នកធ្លាប់ព្យាយាមបង្ខំឲ្យខ្លួនឯងធ្វើអ្វីមួយនោះ ប្រហែលជាដឹងហើយថា រឿងគ្រប់គ្រង់ខ្លួនឯងនេះមិនមែនជារឿងងាយស្រួលសាមញ្ញៗនោះទេ។ បើមិនអញ្ចឹង មិនមែនម្នាក់ៗស្រែករអ៊ូថាមកពីខ្លួនខ្ជិលទើបមិនបានទទួលជោគជ័យ និងសេចក្តីសុខពិតក្នុងជីវិតនោះទេ។

ដល់ពេលយើងអាន និងស្រាវជ្រាវទៅទើបដឹងថា មានមូលហេតុជាច្រើនដែលកំពុងរារាំងយើងមិនឲ្យមានរាងស្អាត ចិត្តល្អ គំនិតឆ្លាត មិត្តល្អ និងលុយច្រើនក្នុងធនាគារ។ កត្តាទាំងអស់នេះរួមមាន អាហារដែលយើងញ៉ាំ ការហាត់ប្រាណរបស់យើង កម្រិតស្ត្រេសរបស់យើង ហ្គេមដែលយើងលេង ការយល់ឃើញរបស់យើង ក៏ដូចជាមនុស្សដែលយើងជួបរាល់ថ្ងៃនេះផងដែរ!

អញ្ចឹងហើយបានជាក្នុងកំរងអត្ថបទនេះ យើងនឹងមានអត្ថបទមួយសំរាប់មូលហេតុមួយៗ ក៏ដូចជាដំណោះស្រាយសំរាប់មូលហេតុមួយនោះតែម្តង។ មិនបាច់ពិបាកទៅស្រាវជ្រាវខ្លួនឯងទេ តែអ្នកអានត្រូវព្យាយាមវិភាគស្ថានភាពខ្លួនឯង រកមើលៗថាតើបញ្ហារបស់អ្នកត្រូវជាមួយមូលហេតុមួយណា ហើយអនុវត្តដំណោះស្រាយ ក៏ដូចជាកែសំរួលតាមហ្នឹង ឲ្យត្រូវជាមួយជីវិតអ្នកផ្ទាល់ផងដែរ!

កុំភ័យអី! ឲ្យតែយើងយល់គឺស្រួលហើយ! ហើយឲ្យតែអានអត្ថបទក្នុងកំរងនេះ អ្នកនឹងយល់ជាមិនខាន!

រូបភាពបានមកពី៖កេត មុន្នីរ័ក្ស (Ket Monnyreak)

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

មតិយោបល់