• 2019-06-25 07:35:01
  • ព័ត៌មាន

ឈប់ពឹងលើមីកំប៉ុងចុងខែ! ៥ ជំហាន រៀនបង្កើតគម្រោងថវិកា ដើម្បីកុំឲ្យរកលុយមិនដែលសល់

  • 2019-06-25 07:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ឲ្យតែពេលចុងខែ ដឹងតែភ្នែកសម្លឹងមើលមីកញ្ចប់ដែលអ្នកទិញទុករួចស្រាច់ ដាក់តាំងពីដើមខែ។ តាមពិតថាមិនចង់ទេ ដោយ​សារ​ឲ្យតែបើកលុយ អ្នកតែងសន្យាខ្លួនឯងថា ម្តងនេះនឹងមិនចាយវាយខ្ជះខ្ជាយទេ នឹងសន្សំលុយទុកឲ្យរស់បានសុខស្រួលបាន​ពេញមួយខែ តែណ្ហើយ! ខែនេះនៅតែដូចខែមុន សន្យាគ្រាន់ជាសម្តីហោះហើរតាមខ្យល់។

តែគិតៗទៅ ពេលយើងនៅតូច ដូចពូកែសន្សំលុយនឹងគេដែរទេ ដោយសារគ្រានោះ ម៉ាក់ប៉ាជាអ្នកត្រួតពិនិត្យ និងបង្ហាត់បង្រៀន (ពេលខ្លះគាត់ជាអ្នកទុកលុយឲ្យទៀត ម៉ាក់អ៊ើយ! និយាយថាអាំងប៉ាវកូនរាប់ឆ្នាំហើយ ទៅណាអស់ហើយម៉ាក់?) ដល់ឥលូវ យើងមានលុយខ្លួនឯង ចេញធ្វើការបានខ្លះ អាចនឹងនៅចាយលុយអ្នកផ្ទះខ្លះ តែសំខាន់គាត់លែងមានសិទ្ធិប្រាប់យើង​ថា​ចាយ​លើអី និងសន្សំប៉ុណ្ណាទៀតហើយ។ ដល់ពេលនេះ ទើបដឹងថារបស់អីក៏ត្រូវការលុយ ហើយលុយតិច លុយច្រើនក្តី តែងហូរ​ចេញពីដៃលឿនដូចគ្នា។ តែមនុស្សភាគច្រើនចេះតែគិតថា យើងចាយមិនដែលសល់នេះ​ ក៏ដោយសារយើងរកបានតិច បើហ៊ាន​តែរកបានច្រើនជាងនេះ យើងប្រាកដជាអាចសន្សំវាទុកខ្លះជាមិនខាន។

រូបភាពបានមកពី៖ ស៊ីធី ស្យ៊ូគ្រីយ៉ា (Siti Syukriya)

កាលមុនក៏ខ្ញុំធ្លាប់គិតអញ្ចឹងដែរ! ខ្ញុំនៅចាំថា ពេលទើបចេញធ្វើការដំបូង បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយក៏ចាយមិនដែលសល់ តែពេលនោះគិតថា បើបានប្រាក់ខែច្រើនជាងនេះ បញ្ហានេះនឹងមិនកើតឡើងទៀតទេ។ ដល់ពេលបានប្រាក់ខែលើសនេះហើយ ក៏នៅតែចាយមិនគ្រប់ដដែល។

ហើយកាលនោះ មានមិត្តម្នាក់ គេរកបានជាងមួយពាន់ដុល្លារក្នុងមួយខែ តែគេនៅតែត្អូញប្រាប់ខ្ញុំជារឿយៗថា ស៊ីចាយមិនសល់លុយដូចគ្នា។ ពេលនោះភ្ញាក់ខ្លួនតែម្តង! បើគេមានដល់មួយពាន់ដុល្លារហើយនៅតែចាយមិនគ្រាន់ អញ្ចឹងបញ្ហានេះមិនមែនដោយសារចំនួនលុយទេ វាដោយសារមនុស្សទៅវិញទេ។

ដូច្នេះ ខ្ញុំក៏ចាប់ផ្តើមស្រាវជ្រាវ និងរៀនគ្រប់គ្រងការចាយវាយខ្លួនឯង… ពេលនោះគឺចាប់ផ្តើមដោយការបង្កើត គម្រោងថវិការមួយនោះឯង។ ស្តាប់ទៅដូចស្រួលទេ អ្នកខ្លះគិតថា គ្រាន់តែមានគម្រោង មិនដែលយើងសន្សំបានទេ! តែដោយសារតែមានគម្រោង និងខំទប់ការចាយវាយតាមគម្រោងនេះហើយ ដែលធ្វើឲ្យខ្ញុំសន្សំបានលុយខ្លះសម្រាប់ដោះទាល់ពេលអាសន្ន ហើយរស់នៅមិនសូវភ័យខ្លាចអស់លុយចាយជាងពីរឆ្នាំមកហើយ! នេះរបៀបបង្កើតវា៖

ជំហានទីមួយ៖ តាមដានការចំណាយរបស់អ្នកឲ្យបានពេញមួយខែ

ជាធម្មតាទេ ពេលចាប់ផ្តើមភ្លាម យើងតែងចង់បង្កើតគម្រោងថវិការភ្លាមៗ ហើយឃើញលទ្ធផលតែម្តង! តែដោយសារហេតុហ្នឹងឯង ដែលយើងតែងបរាជ័យសន្សំលុយមិនបាននោះ! អ្នកភាគច្រើនតែងស្រម៉ៃជប់ចេញគម្រោងថវិការដែលឥតខ្ចោះមួយ ហើយបង្ខំឲ្យខ្លួនឯងធ្វើតាមគម្រោងនោះ។ ជាធម្មតាធ្វើបានតែពីរបីថ្ងៃប៉ុណ្ណោះ​ ហើយក៏ចាយលើសពីគម្រោង រួចក៏បោះបង់វាចោលទៅ។

ដោយហេតុនេះហើយ ទើបបានជាដើម្បីបង្កើតគម្រោងមួយដែលសមស្របជាមួយយើងខ្លួនឯង យើងគួរចំណាយពេលមួយខែដើម្បីស្រាវជ្រាវ តាមដានការចំណាយលុយរបស់ខ្លួនជាមុនសិន។ កត់ទុកគ្រប់ពេលដែលអ្នកចាយលុយនៅលើក្រដាស ឬក្នុងឯកសារ អិចសេល (excel) ដូចខាងក្រោមនេះ។

ពេលអ្នកចាយ គួរដាក់របស់ដែលអ្នកទិញហ្នឹងនៅក្នុងចំណាយបីប្រភេទនេះ។ ជឿខ្ញុំទៅ តិចទៀតដឹងថាហេតុអីធ្វើអញ្ចឹងសំខាន់ហើយ។

១. ចំណាយថេរ៖ នេះជាវត្ថុដែលអ្នកមិនចាយមិនបាន ដូចជាសាំងសម្រាប់ឡានឬម៉ូតូអ្នក ថ្លៃជួលផ្ទះ ថ្លៃម្ហូប ធ្វើធ្មេញ ឬបង់រំលោះជាដើម។

២. ចំណាយប្តូរ៖ នេះជាវត្ថុដែលអ្នកមិន «ត្រូវការ» ទេ តែអ្នកតែងចង់បាន។ ឧទាហរណ៍ដូច សៀវភៅ ថ្លៃអុីនធឺណែត កាតលុយទូរស័ព្ទ ថ្លៃទៅក្លឹបហាត់ប្រាណ អាហារដែលញ៉ាំខាងក្រៅ កាហ្វេ ភេសជ្ជៈ គ្រឿងលម្អខ្លួន ខោអាវ ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច សំបុត្រចូលរួមកម្មវិធីប្រគុំតន្រ្តីជាដើម។

៣. សន្សំ៖ ប្រសិនបើអ្នកតែងទុកលុយខ្លះដើម្បីសន្សំ ដាក់វាចូលក្នុងប្រអប់សន្សំនេះទៅ។

រូបភាពបានមកពី៖ មូទី (Muti)

សម្រាប់ចំណាយណាដែលមិនកើតឡើងជារៀងរាល់ខែ ឧទាហរណ៍ដូចអ្នកបង់អុីនធឺណែតមួយឆ្នាំម្តង គួរយកថ្លៃឆ្នាំនោះ ចែកជា ១២ ហើយដាក់ចូលទៅតាមប្រភេទវាដែរទៅ។

ប្រសិនបើអ្នកខ្ជិលបង្កើតឯកសារអិចសេលនោះ អ្នកអាចដោនឡូតគម្រូដែលយើងបានបង្ហាញខាងលើនេះតាមរយៈ៖ https://goo.gl/omMVdT (ជាខ្មែរ)។ បើចង់បានជាអង់គ្លេស​​ អាចដោនឡូតតាមតំណនេះក៏បាន៖ https://goo.gl/PbEKwe (ជាអង់គ្លេស)។ ដោនឡូតហើយ ក៏គួរផ្លាស់ប្តូរប្រភេទចំណាយ ដោយសារយើងមានរបៀបចាយវាយខ្ជះខ្ជាយខុសៗគ្នា!

សាកតាមដានការចាយវាយរបស់ខ្លួនអញ្ចឹងជារៀងរាល់ថ្ងៃ ឲ្យបានមួយខែពេញសិនទៅ ទើបយើងអាចបន្តទៅជំហានក្រោយ!

ជំហានទី២៖ រកចំណូលសរុប

សាកគិតមើល ថាតើយើងរស់ពីមួយខែទៅមួយខែហ្នឹង បានទទួលប្រាក់កម្រៃពីណាខ្លះ។ ប្រហែលជាប៉ាអ្នកឲ្យ ៥០ ដុល្លារឲ្យតែពេលគាត់ឃើញមុខ ហើយដឹងថាកូនអត់លុយ អាហ្នឹងក៏ត្រូវដាក់ចូលដែរ។ ចំណូលសម្រាប់យើងអាយុប៉ុណ្ណេះ ភាគច្រើនអាចមានពីគ្រួសារ ពីការងារពេញម៉ៅង ក្រៅម៉ោង ឬការងារឯករាជ្យ។ អាចប៉ាន់ស្មានថាមួយមុខៗបានប៉ុន្មាន ហើយបូកវាចូលគ្នាដើម្បីឲ្យដឹងចំណូលសរុបមួយខែរបស់យើង!

ជំហានទី៣៖​ គ្រោងថវិការដោយប្រើប្រាស់ក្បួន ៥០/៣០/២០

ពេលយើងចាប់ផ្តើមគ្រោងថវិការភ្លាម នរណាក៏ដឹងដែរថា ចំណាយយើងមិនគួរច្រើនជាងចំណូលនោះទេ។ ប្រសិនបើយើងបូកទៅ ឃើញថាយើងចាយច្រើនជាងយើងទទួលបាននោះ គួរចាប់ផ្តើមរកមើលកន្លែងណាដែលយើងអាចកាត់បន្ថយបានហើយ!

ដំបូង មើលទៅផ្នែកចំណាយថេរ ត្រូវគ្រោងធ្វើយ៉ាងណាកុំឲ្យវាលើសពី ៥០% នៃចំណូលយើង។ ត្រូវហើយ ទាំងថ្លៃផ្ទះ ថ្លៃទឹកភ្លើង សាលា និងម្ហូប ធ្វើយ៉ាងណាឲ្យតិចជាង ៥០%! បើសិនបូកទៅ ឃើញថាច្រើនជាងនោះ ត្រូវរកវិធីកាត់បន្ថយឲ្យបាន។ ឧទាហរណ៍ អាចដើររកផ្ទះដែលមានតម្លៃជួលទាបជាងមុន ឬ ទិញម្ហូបម្តងច្រើនៗដើម្បីឲ្យគេបញ្ចុះតម្លៃ។ ប្រសិនបើថ្លៃសាំងដូចជាច្រើនពេកនោះ អាចដូរយកឡានដែលស៊ីសាំងតិច ឬ មកប្រើម៉ូតូ កង់នឹងគេវិញ។ ប្រសិនបើអ្នកនៅរស់នៅជាមួយគ្រួសារនោះ ចំនាយថេរតិចទេ ដោយសារមិនចាំបាច់បង់ថ្លៃផ្ទះ និងម្ហូបឡើយ អញ្ចឹងភាគរយដែលនៅសល់ គួរដាក់ចូលក្នុងប្រអប់សន្សំទៅជាការស្រេច។

ឥលូវយើងបកមកមើលផ្នែកចំណាយប្តូរវិញម្តង ត្រូវគ្រោងយ៉ាងណាកុំឲ្យវាលើសពី ៣០% នៃចំណូលយើង! នេះបើខ្ញុំវិញ ៨០% នៃចំណាយប្តូរ គឺអស់តែលើផ្នែកស៊ីចុក និងកំសាន្តនោះទេ ហើយមនុស្សភាគច្រើនអញ្ចឹងដូចតែគ្នាទេ។ ទោះជាយ៉ាងនេះក្តី យើងត្រូវកាត់បន្ថយវាឲ្យបាន… ឃើញថាខ្លួនឧស្សាហ៍ចេញស៊ីផឹកពីរ បីថ្ងៃម្តងមែន? តោះឈប់បបួលគេ ហើយឈប់ព្រមទៅតាមគេដែរទៅ។ ប្តូរមកញ៉ាំបាយផ្ទះ ឬក្រឡុកស្រាផឹកខ្លួនឯងវិញក៏បាន។ ប្រសិនបើលុយចាយច្រើនទៅលើសៀវភៅ អាចខ្ចីពីមិត្តភក្តិ ឬបណ្តាល័យ ឬទិញឃីនដល (kindle) អានវិញ។ អ្នកខ្លះចាយច្រើនតែលើខោអាវទេ អញ្ចឹងអាចព្យាយាមទិញខោអាវតិចជាងមុន ទិញជជុះ ឬ ទិញខោអាវដែរ តែទិញអាល្អជាប់យូរ ដែលមិនតម្រូវឲ្យយើងផ្លាស់ប្តូរវាញឹកញាប់នោះទេ។ សម្រាប់អ្នកដែលចំណាយប្រាក់លើក្លឹបហាត់ប្រាណច្រើន អាចសាកទិញឧបករណ៍ខ្លះមកហាត់នៅផ្ទះ ឬប្តូរទៅក្លឹបដែលថោកជាងនេះ។ អ្នកខ្លះវិញ ដើរលេងទៅខេត្ត ឬប្រទេសក្រៅសឹងរាល់ខែ ដល់ពេលបន្ថយខ្លះហើយ ដើម្បីធ្វើយ៉ាងណាឲ្យចំណាយប្តូរនៅត្រឹម ៣០% ប៉ុណ្ណោះ!

ចុះនៅសល់ ២០% ទៀតដាក់នៅណា?

រូបភាពបានមកពី៖ ចេលីអូ ឌីមីត្រូវ (Jelio Dimitrov)

ដាក់នៅក្នុងប្រអប់សន្សំនោះឯង អាចដាក់ក្នុងប្រអប់មែនទែនក៏បាន ឬទុកក្នុងធនាគារក៏បាន ឲ្យតែយើងអាចបើកវាមកប្រើប្រាស់បាន។ ហេតុអី? ដោយសារយើងគួរចាប់ផ្តើមគិតគូរសន្សំលុយដើម្បីរៀបការហើយ! និយាយលេងទេ។ តាមពិតទៅអាយុប៉ុណ្ណាក៏ដោយ ក៏យើងគួរមានលុយសន្សំសម្រាប់ពេលមានអាសន្ន (ឬអាចហៅថា អាសន្សំ នេះខ្ញុំបង្កើតលេងខ្លួនឯងទេ!)

អ្នកអាជីពផ្នែកហិរញ្ញវត្ថុភាគច្រើនយល់ថា លុយសន្សំសម្រាប់ពេលអាសន្ន គួរស្មើនឹងចំនួនប្រាក់ដែលយើងត្រូវការដើម្បីរស់នៅបានពី ៣ ទៅ ៦ ខែដោយគ្មានចំណូល។ ឧទាហរណ៍ថា យើងត្រូវការ ៣០០ ដុល្លារដើម្បីរស់នៅបានមួយខែ អញ្ចឹងយើងគួរមានប្រាក់ជាង ១ ៨០០ ដុល្លារតម្កល់ទុក ពេលណាយើងត្រូវការជាអាសន្ន ដូចពេលម៉ូតូយើងខូច ពេលគេដេញយើងចេញពីការងារ ឬយើងបាក់ទឹកចិត្ត មិនចង់ធ្វើការពី បីអាទិត្យជាដើម។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏យើងដឹងថាយើងមានលុយអាចទប់ទល់បាន នោះវាធ្វើឲ្យយើងមានភាពស្ងប់ចិត្តច្រើន មិនសូវស្លន់រឿងខ្វះលុយទៀតឡើយ។

ចុះត្រូវគោរពតាមក្បួននេះ ដោយមិនអាចផ្លាស់ប្តូរបានមែន?

អត់ទេ!

អ្នកអាចប្តូរវាតាមអាទិភាពនៃជីវិតយើងរៀងៗខ្លួន។ ដូចថាអ្នកខ្លះអត់ដើរលេងមិនបានទេ អញ្ចឹងអាចគ្រោងលុយសម្រាប់ការដើរលេងរាល់ខែ តែបន្ថយផ្នែកខ្លះដើម្បីមកបំពេញវិញ។ ដូចខ្ញុំអញ្ចឹង ខ្ញុំឲ្យតម្លៃលើសៀវភៅ និងការដើរលេង អញ្ចឹងហើយខ្ញុំបន្ថយចំណាយលើខោអាវដើម្បីមកផ្គត់ផ្គត់វាវិញ។ បើគិតៗទៅ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ខ្ញុំចាយមិនដល់ ៣០ ដុល្លារនោះទេទៅលើសម្លៀកបំពាក់នោះ តែទិញសៀវភៅជាងរយក្បាល និងដើរលេងសឹងគ្រប់ខែទៅហើយ!

សំខាន់ពេលយើងគ្រោងថវិការ វាធ្វើឲ្យយើងអាចដឹងថាខ្លួនឲ្យអាទិភាពលើវត្ថុណាជាងគេ ហើយធានាថា លុយយើងចាយលើវត្ថុនោះច្រើន ជាជាងលើអ្វីដែលយើងមិនសូវជាឲ្យតម្លៃ។

ពេលគ្រោងចប់ អ្នកគួរមានប្រភេទចំណាយខ្លះ និងលុយដែលអ្នកគ្រោងនឹងចាយសម្រាប់ប្រភេទនីមួយៗ។ នេះជាប្រភេទចំណាយដែលគេច្រើនមាន៖ ជួលផ្ទះ ទិញម្ហូបពីផ្សារ ញ៉ាំក្រៅ កំសាន្ត រថយន្ត ថ្នាំ និងចំណាយផ្សេងៗ។

ជំហានទី៤៖​ គោរពគម្រោងថវិកាខ្លួន

ទោះជាគម្រោងថវិកាដែលត្រឹមត្រូវ ល្អឥតខ្ចោះប៉ុណ្ណា ក៏យើងនៅពឹងមីកំប៉ុងចុងខែដដែល ប្រសិនបើយើងមិនគោរព និងព្យាយាមចាយតាមគម្រោងទេនោះ! យើងត្រូវរៀនបដិសេធ រៀនវាយដៃខ្លួនឯង ពេលយើងលូកដៃរកចង់ចាយលុយដែលយើងមិនគួរចាយ! នេះមានវិធីខ្លះដែលអាចជួយអ្នកបាន៖

វិធីស្រោមសំបុត្រ

នេះគេប្រើមកជាយូរសតវត្សណាស់មកហើយ នោះគឺគេដាក់លុយក្នុងស្រោមសំបុត្រ។ សម្រាប់ប្រភេទចំណាយមួយ គេមានស្រោមសំបុត្រមួយ ហើយពេលឲ្យលុយគេ គឺត្រូវដកពីស្រោមសម្រាប់ប្រភេទនោះ។ ឧទាហរណ៍ ពេលផឹក ដកលុយពីស្រោម «ញ៉ាំក្រៅ»។ ពេលណាស្រោមសំបុត្រណាមួយអស់លុយ នោះបានន័យថា យើងមិនអាចចាយលុយលើវត្ថុនោះទៀតទេ!

ប៊ិច និងក្រដាស

ប្រសិនគិតថា មានស្រោមសំបុត្ររញ៉េរញ៉ៃនោះ អ្នកអាចចាយលុយធម្មតា តែកត់ទុកចំណាយនៅក្នុងក្រដាសមួួយសន្លឹក ហើយបូកដកជារៀងរាល់ថ្ងៃ ដើម្បីដឹងថា នៅក្នុងប្រភេទនីមួយ នៅសល់ប៉ុន្មាន ហើយអ្នកអាចចាយប៉ុន្មានទៀត។

ឌីជីថល

ដឹងហើយថា គ្រាន់តែអានវិធីខាងលើ ជម្ងឺខ្ជិលចេញមក ហើយអ្នកមិនចង់ធ្វើតាមជាមិនខាន! អញ្ចឹងហើយបានជាយើងមានវិធីចុងក្រោយ គឺវិធីផ្អែកលើឌីជីថល។ ប្រសិនបើអ្នកប្រើកុំព្យូទ័ររបស់អេផល (MacBook) នោះគ្រាន់តែចុចចូលកម្មវិធី Numbers ដែលមានស្រាប់ ហើយជ្រើសរើសគម្រូដែលមានឈ្មោះថា Personal Budget (គម្រោងថវិការផ្ទាល់ខ្លួន)។ វាងាយស្រួលប្រើ ហើយខ្ញុំបានប្រើប្រាស់វាជាងមួយឆ្នាំមកហើយ! រៀនប្រើបន្តិចទៅ ស្រួលប្រើទេ!សម្រាប់អ្នកដែលមិនប្រើអេផល ក៏កុំអស់សង្ឃឹម អ្នកក៏អាចបង្កើតគម្រោងថវិការតាមរយៈ អេចសេល (Excel) ផងដែរ។ នេះជាគម្រូដែលខ្ញុំប្រើប្រាស់ មុនពេលខ្ញុំដូរកុំព្យូទ័រ។

អ្នកអាចដោនឡូតគម្រូនេះតាមតំណ៖ https://goo.gl/dTKYMT (ជាខ្មែរ)

បើចង់បានជាអង់គ្លេស៖ https://goo.gl/M1kYLb (ជាអង់គ្លេស)

ជំហានទី៥៖ ពិនិត្យ និងបន្ថែមបន្ថយជារៀងរាល់ខែ

ជីវិតយើងតែងផ្លាស់ប្តូរ ហើយចំណូល ចំណាយយើងក៏បត់បែនតាមហ្នឹងផងដែរ។ ដូច្នេះ ជារៀងរាល់ចុង ឬដើមខែ អ្នកគួរពិនិត្យ ហើយបន្ថែមបន្ថយតាមការគួរជានិច្ច។

តោះ ឥលូវមានគម្រោងហើយ! ដល់ពេលដែលចេញប្រយុទ្ធក្នុងសមរភូមិពិត នោះគឺធ្វើយ៉ាងណាបង្ហាត់ខ្លួនឯង ឲ្យគោរពតាមគម្រោងឲ្យបានល្អ។ ត្រូវរៀនឆ្លើយទេ ត្រូវរៀនបដិសេធ ទោះជាភ្នែកឡើងចង់យំ ដោយសារឃ្លានចង់ញ៉ាំនំប៉ាវចៀនដែលមិត្តអ្នកកំពុងបបួលទៅញ៉ាំក៏ដោយ! អ្នកបានសន្យាខ្លួនហើយថានឹងគោរពតាមគម្រោងខ្លួន ហើយមានតែខ្លួនហ្នឹងឯងដែលជាអ្នកទទួលខុសត្រូវ រក្សាពាក្យសន្យានោះបាន!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

មតិយោបល់