• 2019-06-25 08:00:00
  • ព័ត៌មាន

លម្អិតប្រវត្តិជនរងគ្រោះប្តីប្រពន្ធស្លាប់ហេតុការណ៍រលំអគារនៅព្រះសីហនុ បន្សល់កូនប្រុសតូចក្រោមបន្ទុកជីដូនជរា

  • 2019-06-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ហេតុការណ៍​​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុង​ព្រះ​សី​ហ​នុ​ កាល​ពី​ថ្ងៃ​២២​ មិ​ថុ​នា ​កន្លង​មក បង្កើត​ជា​សោកនាដកម្ម​យ៉ាង​ក្រៀម​ក្រំ​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​។ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់ លោក ទន់​ ប្រុស ​និង​ប្រពន្ធ​ឈ្មោះ ​ហួង ​ចាន់​ថាល ​បាន​ស្លាប់​ក្នុង​គំនរ​បាក់​បែក​នោះ ​ដោយ​បន្សល់​កូន​ប្រុស​​​តូច​៣​នាក់​ រស់​នៅ​កម្សត់​ជាមួយ​ជីដូន​យ៉ាង​រងា​បំ​ផុត។

​បើ​តាម​​​​លោក​យាយ ង៉ា មុំ ​​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​ជន​រង​គ្រោះ ​ហួង​ ចាន់​ថាល រៀប​រាប់​ថា ​កូន​ស្រី​គាត់​កាល​នៅ​រស់​ កម្សត់​ណាស់ ​ព្រោះ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ពុំ​មាន​ផ្ទះ​សម្បែង ដី​ធ្លី​​ជា​​កម្មសិទ្ធិ​​ឡើយ។ ​ដោយ​គ្មាន​ទី​ពឹង ​អ្នក​ទាំង​ពីរ​សម្រេច​ចាក​ចោល​កូន​ទាំង​៣​​ទាំង​អាល័យ​​​​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​ ដោយ​ទុក​​កូន​ឲ្យ​​លោក​យាយ​មើល​ថែ។ នៅ​ទី​នោះ ​កូន​ស្រី​​លោក​យាយ​រក​បាន​៣០០​បាត ហើយ​ផ្ញើ​ប្រាក់​មួយ​ខែ​ម្ដង​​ ប្រហែល​៣​ពាន់​ទៅ​៤​ពាន់​បាត​ឲ្យ​លោក​យាយ​ទុក​ទិញ​ម្ហូប​ នំ​ចំណី​ឲ្យ​កូន​តូច​ៗ​បរិភោគ​និង​ទៅ​រៀន​។ ​​អស់​ពេល​ជាង​១០​ឆ្នាំ​ ​អ្នក​ទាំង​ពីរ​យូរ​ៗ​មក​លេង​ផ្ទះ​នៅ​បាត់​​ដំបង​​​ពេល​បុណ្យ​ទាន​។

លោក​យាយ​អាយុ​៥៨​ឆ្នាំ ​មិន​អាច​ចេញ​ទៅ​ប្រកប​របរ​អ្វី​ឡើយ គាត់​បាន​ត្រឹម​នៅ​ផ្ទះ​ដាំ​បាយ មើល​ចៅ​ប៉ុណ្ណោះ។ ដោយសារ​​ធ្វើ​ការ​យូរ​នៅ​ប្រទេស​ថៃ​មិន​សល់​ប្រាក់​ ប្ដី​ប្រពន្ធ​ទាំង​ពីរ​ក៏​សម្រេច​មក​​ស្រុក​ខ្មែរ​ ហើយ​​ធ្វើ​ជា​កម្មករ​សំណង់​នៅ​កំពង់​សោម​វិញ ​ដោយ​ប្តី​មួយ​ថ្ងៃ​បាន​១៥​ដុល្លារ ប្រពន្ធ​បាន​១៤​ដុល្លារ​។ ​ ធ្វើ​ការ​បាន​៣​ថ្ងៃ ​អភ័ព្វ​អី​អ្នក​ទាំង​ពីរ​ក៏​ជួប​គ្រោះ​អកុសល​បាក់​រលំ​អគារ​​៧​ជាន់​នោះ ​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ​​​ពេល​លឺ​ដំណឹង​ភ្លាម​ៗ ​លោក​យាយ​ទៅ​យក​សព​កូន​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ក្នុង​​ភូមិ អូរដា ​ឃុំ​​បួរ ​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​បាត់​ដំបង។

​ជន​រង​គ្រោះ​ឈ្មោះ ​ហួង ចាន់​ថាល ​អាយុ​៣៨​ឆ្នាំ​​ជា​​កូន​ស្រី​ច្បង​ចំណោម​​៨​នាក់​ និង​មាន​​ប្ដី​ឈ្មោះ ​ទន់ ប្រុស ​អាយុ​៤២​ឆ្នាំ។ ​​កូន​ប្រុស​ជន​រង​គ្រោះ​​ច្បង​អាយុ ១៤​ឆ្នាំ ​រៀន​ថ្នាក់​ទី​៧ កូន​ទី​២ ​អាយុ​១២​ឆ្នាំ ​រៀន​ថ្នាក់​ទី​៤ ​និង​កូន​​ពៅ​អាយុ​៩​ឆ្នាំ ​រៀន​ថ្នាក់​ទី​២។ ​ក្រោយ​មរណភាព​កូន​ស្រី​ ​លោក​យាយ​ប្រាប់​ថា​ជីវិត​កាន់​តែ​វេទនា ​លំ​បាក​កាន់​តែ​ខ្លាំង ​ព្រោះ​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​ចៅ​តូច​ៗ​​។ ​​​​និយាយ​បណ្ដើរ​យំ​បណ្ដើរ ព្រោះ​អាសូរ​កូន​ស្រី​ស្លាប់​ចោល​លឿន​ពេក ។​ ចំពោះ​បន្ទុក​ចិញ្ចឹម​ចៅ​ទាំង​បី​ត្រូវ​ធ្លាក់​លើ​​ជី​ដូន​ទាំង​ស្រុង ហើយ​​​លោក​យាយ​ប្រាប់​ថា មិន​អាច​ចេញ​ទៅ​រក​របរ​​ខាង​ក្រៅ​បាន​ទេ មាន​តែ​យក​ប្រាក់​​ពី​កូន​ៗ​ ៧​នាក់​ផ្សេង​ទៀត​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ។

ពេល​នេះ ​លោក​យាយ​បាន​រៀប​ចំ​ធ្វើ​បុណ្យ​ឲ្យ​កូន​​រួច​ហើយ ​និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ផង​ដែរ ចំពោះ​ហេតុការណ៍​នេះ​។ ​គួរ​បញ្ជាក់​ថា ​ត្រឹម​ថ្ងៃ​២៥ ខែ​មិថុនា ២០១៩ ​នេះ បើ​តាម​សេចក្ដី​ប្រ​កាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ ​មាន​អ្នក​សា្លប់​ចំនួន​២៨​នាក់ និង​រង​របួស​២៦​នាក់ ​ពី​ហេតុការណ៍​បាក់​រលំ​អគារ​៧​ជាន់​នៅ​ក្រុង​ព្រះ​សី​ហនុ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់