
- 2019-06-25 07:58:30
- ព័ត៌មាន
លាបខ្លួនយើងពណ៌បៃតង៖ ៦ ធីបសំរាប់កាត់បន្ថយសំណល់ក្នុងជីវិតអ្នក
- 2019-06-25 07:58:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាបខ្លួនយើងពណ៌បៃតង៖ ៦ ធីបសំរាប់កាត់បន្ថយសំណល់ក្នុងជីវិតអ្នក
ចន្លោះមិនឃើញ
សូមអ្នកទាំងអស់គ្នាកាត់បន្ថយផ្លាស្ទិក!
យើងទាំងអស់គ្នាត្រូវជួយថែរក្សាបរិស្ថាន!
យើងម្នាក់ៗ មិនដឹងធ្លាប់ឮឃ្លានេះប៉ុន្មានសិបដងទៅហើយទេ តែសួរថា យើងនៅខ្មែរ បើចង់រស់នៅជីវិតមួយដែលមានផ្លាស្ទិកតិចបំផុត ហើយបញ្ចេញកាកសំណល់តិចបំផុតទៅកាន់ផែនដីវិញនោះ តើយើងគួរធ្វើតាមរបៀបណា? ស្មេរបានធ្វើការសាកល្បងជាងមួយឆ្នាំហើយ ពេលនេះគឺមានធីបចំនួន ៦ ដែលអ្នកអាចសាកបានខ្លួនឯង!
១. បញ្ចូលទឹកប៊ិច
តើមួយខែៗអ្នកបោះប៊ិចចោលប៉ុន្មានដើមដែរ ទោះជាសំបកក្រៅនិងមុខវានៅស្អាត ទាស់តែវាអស់ទឹកក៏ដោយនោះ? ប្រសិនបើយើងអាចបញ្ចូលទឹកវាបានដូចទឹកហ្វឺតនោះ មិនដឹងជាចំណេញលុយ និងចំណេញផ្លាស្ទិកប៉ុណ្ណាទេ…
មានដឹងអត់ថា តាមការពិតទៅ មានប៊ិចជាច្រើនប្រភេទដែលយើងអាចបញ្ចូលទឹកបាន។ ឧទាហរណ៍ដូចប៊ិចប្រភេទ ម៉ាយក្រុន (Micron) ដែលខ្ញុំចូលចិត្តប្រើប៉ុន្មានឆ្នាំកន្លងមកនេះអញ្ចឹង។ រាប់ឆ្នាំហើយ ខ្ញុំមិនដែលមានគំនិតសាកបើកគំរបគូទវាដើម្បីឆែកនោះទេ ដូច្នេះខ្ញុំតែងបោះវាចោលពេលវាអស់ទឹកដូចគេដូចឯងអញ្ចឹង។ មួយខែសរសេរអស់ទៅ ១ ទៅ ២ ដើមឯណោះ! ទើបតែប្រហែលកន្លះឆ្នាំមុននេះទេ ទើបខ្ញុំបែកគំនិតឆែកទៅ ទើបបានដឹងថាតាមពិតខាងក្នុងវាមានអេប៉ុងអាចបញ្ចូលទឹកបានសោះ!
ការបញ្ចូលទឹកនេះត្រូវការឲ្យយើងចំណាយលុយបន្តិចពីដំបូង ដើម្បីទៅទិញទឹកប៊ិច និងរកអ្វីមួយមកជារបស់បឺតបញ្ចូល។ ក្នុងករណីខ្ញុំវិញ ខ្ញុំបានទិញទឹកប៊ិចម៉ាក LAMY នេះមួយដបអស់ ២០ ដុល្លារ ហើយប្រើដបទឹកហ្វឺតទទេមួយ ដើម្បីបឺត និងបញ្ចូលទឹក។
តែឲ្យតែមានរបស់គ្រប់អស់ហើយ គឺយើងអាចចំណេញច្រើនណាស់។ ទឹកប៊ិចមួយដបនេះ ខ្ញុំប្រើជិតមួយឆ្នាំហើយ បញ្ចូលប៊ិចរាប់សិបដង តែនៅមិនទាន់អស់ដល់ពាក់កណ្តាលដបផង! ព្រោះប៊ិចធម្មតាត្រូវការតែ ២ ទៅ ៣ ដំណក់ក៏យើងអាចប្រើវាបានមួយអាទិត្យទៅហើយ!
ដូច្នេះសាកបើកគូទប៊ិចរបស់អ្នកមើលៗ តិចថាអាចបញ្ចូលទឹកបាន! ហើយបើវាបញ្ចូលមិនបានទេ ប្រហែលជាអាចសាកប្រើប្រភេទប៊ិចដែលមានអេប៉ុងពីក្នុងទៅហ្អី? ចំណេញលុយហើយចំណេញបរិស្ថានទៀតណា!
២. ចបជីកតូចច្រឡឹង
សម្រាប់អ្នកដែលមានកូនរុក្ខជាតិតូចៗប៉ុន្មានផើងនៅផ្ទះ ឬនៅកន្លែងធ្វើការ ហើយចង់បានចបជីកតូចមួយដើម្បីជីកដី និងរោយជីជាដើម… នេះជាវិធីដ៏ល្អបំផុត!
បើចង់ដឹងរបៀបកាត់កូនដបទឹកឲ្យបានចេញជាចបជីកនេះ អាចមើលវីដេអូនេះបាន ចុចទៅនាទី ០០៖៥១ ណា!
៣. កាត់បន្ថយផលិតផលផ្លាស្ទិកសំអាងប្រចាំថ្ងៃ
កាលពីកន្លះឆ្នាំមុន ខ្ញុំបានតាំងចិត្តតាមដានផលិតផលផ្លាស្ទិកដែលខ្ញុំតែងបោះចោលក្នុងមួយខែៗ។ លទ្ធផលក៏ឃើញថា ភាគច្រើននៃផ្លាស្ទិកក្នុងធុងសំរាមខ្ញុំគឺគ្មានអ្វីក្រៅពីផលិតផលសំអាងនោះទេ មានដូចជាដបសាប៊ូដុសខ្លួន សាប៊ូលាងមុខ កក់សក់ និងឡេជាដើម។
តែសំណាងដែរ ដែលខ្ញុំបានស៊ើបរកឃើញមានហាងខ្មែរយើងពីរបីកន្លែងដែលចាប់ផ្តើមលក់ផលិតផលសំអាងធ្វើដោយខ្លួនឯង ហើយវ៉ិចខ្ចប់មិនដាក់ផ្លាស្ទិកនោះ! ខ្ញុំស្គាល់តែពីរកន្លែងដែលគួរឲ្យជឿទុកចិត្តល្អនោះទេ! បើគ្នាយើងស្គាល់កន្លែងណាផ្សេងៗ ជួយផ្ញើមកអុីម៉ែលរបស់វប្បធម៌ប្រាប់ស្មេរវិញផងណា (hello@wapatoa.com) !
សំរាប់ហាងពីរដែលស្មេរស្គាល់នោះគឺ មួយមានឈ្មោះថា ហាងលម្អអង្គ ដែលជាគំរោងថ្មី តែមានតំលៃថោកជាងគេ។ ខាងនោះមានលក់ប្រេងដូង សាប៊ូដុសខ្លួន ដុសមុខ ក្រែមលាបក្លៀក និងក្រែមលាបមាត់ធ្វើឡើងដោយដៃ និងវ៉ិចខ្ចប់ដោយមិនមានផ្លាស្ទិកទាំងអស់។ តំលៃគឺពី ៣ ទៅ ៦ ដុល្លារ។ សំរាប់ផលិតផលដែលមានដប អ្នកអាចយកដបទៅដូរយកផលិតផលថ្មី ហើយបានចុះតំលៃបន្តិចផងណា! លម្អអង្គជាហាងអនឡាញមួយដោយមានសេវាដឹកជញ្ជូន ដូច្នេះបើចង់សាករបស់ពួកគាត់ អាចផ្ញើសារទៅទំព័រហ្វេសប៊ុករបស់លម្អអង្គទៅណា!
មួយទៀតគឺហាងដៃខ្មែរ ដែលមានគេស្គាល់រាងច្រើនណាស់ដែរហើយ។ ពួកគាត់មានវត្តមាននៅខ្មែរយូរហើយ ហើយក៏កំពុងតែរីកដុះដាល ដោយមានផលិតផលច្រើនជាងមុនណាស់ មានទាំងសាប៊ូដុសខ្លួន សាប៊ូបោកខោអាវ កក់សក់ បន្ទន់សក់ និងម្សៅទៀតផង! សំខាន់គឺពួកគាត់មានហាងខាងក្រៅ ដូច្នេះយើងអាចយកកំប៉ុង ឬដបដែលយើងប្រើហើយទៅបញ្ចូលផលិតផលថ្មីបានតាមចិត្ត! នៅចាំអីទៀត! ទៅដើរលេងមើលរបស់ពួកគាត់បន្តិចទៅ អាចទាក់ទងគាត់តាមទំព័រហ្វេសប៊ុករបស់ដៃខ្មែរបានណា!
ឯធីបបីក្រោមនេះគឺយើងនៅរក្សាពីអត្ថបទចាស់របស់យើង!
៥. វិក្កយបត្រប្រើហើយ —> ក្រដាស់កត់ត្រាផ្សេងៗ
ចាំបានវិក្កយបត្រជាច្រើនរយសន្លឹកដែលបានពីការញ៉ាំក្រៅទប់មិនឈ្នះ ឬពេលទិញឥវ៉ាន់ផ្សេងៗហ្អ៎? ជាធម្មតាគឺខ្នងវានៅទទេសស្អាតនោះទេ ដូច្នេះម៉េចមិនប្រមូលវាចូលគ្នា ហើយទុកប្រើវាដើម្បីកត់នេះកត់នោះ ត្រូវប្រជុំនិយាយអីខ្លះ ឬក៏សំរាប់កត់ម្ហូបដែលយើងចង់ទិញមុនពេលទៅផ្សារទៅ?
៥. កំប៉ុងត្រីខ —> សំរាប់ដាក់របស់របរកញ្ចេបកញ្ចុប
មានចាំថ្ងៃដែលអ្នកក្រខ្សត់ អត់អីញ៉ាំក្រៅពីត្រីខកំប៉ុងអត់? ម៉េចមិនប្រមូលកំប៉ុងនៅសល់ទាំងប៉ុន្មាន ដើម្បីយកមកប្រើដាក់របស់តូចៗ ដូចជាដាក់បុិច ដៃខ្មៅ និងគ្រឿងសិក្សា -ល-? បើសិនជាចង់បំបិទមុខស្រីបីនាក់នោះចោលទៀត ក៏អាចទិញថ្នាំយកមកលាបកំប៉ុងទាំងនេះផងដែរ!
៦. មុននឹងបោះចោលអីមួយ កុំភ្លេចកាត់វាជាពីរសិនណា
ធីបមួយនេះគឺអាចជួយយើងសន្សំលុយផង ជួយយើងកាត់បន្ថយផ្លាស្ទិកផង នោះគឺ មុននឹងបោះចោលផលិតផលដែលមានកញ្ចប់ខាងក្រៅជាផ្លាស្ទិក ដូចជាឡេ ម្សៅ ឬថ្នាំដុសធ្មេញជាដើម សូមកាត់វាជាពីរសិន! ព្រោះពេលយើងច្របាច់វាលែងចេញ មិនមែនបានន័យថាវាអស់នោះទេ! ឧទាហរណ៍ដូចជាឡេលាបការពារកំដៅថ្ងៃខាងក្រោមអញ្ចឹង តាមពិតគឺវាច្របាច់លែងចេញហើយ តែតាមពិតបើកាត់ទៅ តាមពិតនៅសល់អាចប្រើបានជិតមួយខែទៀតឯណោះ! ធ្វើយ៉ាងនេះ យើងនឹងប្រើផលិតផលមួយៗបានយូរជាងមុន ហើយក៏អាចកាត់បន្ថយចំនួនផ្លាស្ទិកដែលយើងបោះចោលផងដែរ។
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com