• 2019-06-25 08:21:14
  • ព័ត៌មាន

រស់នៅឲ្យបានអាយុវែងជាងមុន៖ គន្លឹះ ៦ យ៉ាងពីប្រទេសជប៉ុន

  • 2019-06-25 08:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ជប៉ុន គឺជាប្រទេសដ៏ល្បីមួយ នរណាមិនដឹងថាគាត់ខ្លាំងខាងបច្ចេកវិទ្យា ហើយខ្លាំងខាងរឿងអានីម៉េ (anime) ទៀតនោះ? តែកុំភ្លេចថា តាមពិតជប៉ុនក៏ជាប្រទេសមួយដែលប្រជាជនមានសុខភាពល្អ អាចរស់នៅបានដល់អាយុចាស់ជាច្រើនផងដែរ។ គ្រាន់តែនៅឆ្នាំ ២០១៧ នេះ មានប្រជាជនជប៉ុនជាង ២ លាននាក់ដែលមានអាយុលើសពី ៩០ ឆ្នាំ ឯណោះ! សំរាប់ក្មេងដែលទើបកើតនៅជប៉ុន ស្រែកង៉ាភ្លាម មានសង្ឃឹមថាអាចរស់បានដល់ទៅ​ ៨៤,២ ឆ្នាំខាងមុខឯណោះ បើប្រៀបធៀបនឹង ៦៩,៤ ឆ្នាំនៅខ្មែរ។

អញ្ចឹងតើពួកគាត់មានអាថ៌កំបាំងអី បានជារស់នៅបានយូរហើយមានសុខភាពល្អដល់ថ្នាក់នេះ? លោកហិកទ័រ ហ្គាស្យ៉ា (Héctor García) និងអ្នកនាងហ្វ្រង់សេស មីរ៉ាល (Francesc Miralles) បាននិពន្ធសៀវភៅមួយដើម្បីឆ្លើយតបសំណួរនេះតែម្តង! សៀវភៅនោះមានចំណងជើងថា "អុីឃីហ្គាយ៖ អាថ៌កំបាំងនៃជីវិតដ័យូរអង្វែង និងសេចក្តីសុខរបស់ជប៉ុន (Ikigai: The Japanese Secret to a Long and Happy Life)"​។

ដើម្បីបានចំលើយ គេខំទៅសម្ភាសប្រជាជននៅទីក្រុង អូហ្គីមី (Ogimi) លើកោះអូគីណាវ៉ា (Okinawa) ដោយសារប្រជាជនក្នុងក្រុងនេះ មានអាយុចាស់ច្រើនជាងប្រជាជននៅក្រុងផ្សេងៗនៃប្រទេសជប៉ុនទៀតផង! តែសំណាងហើយ សំរាប់កនយើង មិនចាំបាច់ទៅដើរសម្ភាសគេក៏បានដឹងពីចំលើយនេះដែរ! អាថ៌កំបាំងទាំង ៦ សង្ខេបចេញពីសៀវភៅនោះរួមមាន៖

អាថ៌កំបាំងទី ១៖ រើសញ៉ាំបន្តិច ហើយញ៉ាំតែ ៨០% នៃក្រពះបានហើយ

រូបភាពបានមកពី៖ ផល្លា មាល (Paula Mil)

ដល់ពេលយើងត្រូវលើកដៃលាបឺហ្គឺ ភីហ្សា និងមីម៉ាម៉ាហើយ។ អាថ៍កំបាំងដែលមនុស្សគ្រប់រូបធ្លាប់ដឹងធ្លាប់លឺនោះគឺ ដើម្បីរស់នៅបានយូរ យើងត្រូវញ៉ាំអាហារល្អៗ ។ នេះជារបបអាហារ និងរបៀបញ៉ាំរបស់ប្រជាជននៅអូហ្គីមី៖​

ញ៉ាំអាហារឥន្ទធនូ៖ សំខាន់បំផុត គឺយើងត្រូវញ៉ាំអាហារឲ្យបានច្រើនមុខ ដោយសារខ្លួនយើងត្រូវការសារធាតុចិញ្ចឹមច្រើនប្រភេទ។ បើមិនចង់ឈឺក្បាលស្រាវជ្រាវថាម្ហូបណាមានសារជាតិចិញ្ចឹមអ្វីខ្លះទេនោះ គ្រាន់តែចាំថា យើងត្រូវញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន។ ហើយពេលញ៉ាំបាយម្តងៗ ត្រូវញ៉ាំអាហារឲ្យបានគ្រប់ពណ៌ដូចឥន្ទធនូ ព្រោះបន្លែ និងផ្លែឈើដែលមានពណ៌ដូចគ្នាតែងមានសារធាតុចិញ្ចឹមស្រដៀងគ្នា។ ឧទាហរណ៍ ពេលញ៉ាំបាយថ្ងៃ បើអាចញ៉ាំបាយជាមួយការ៉ុត (ពណ៌ទឹកក្រូច) ស្ពៃក្តោប (ពណ៌ស) ខាត់ណា (ពណ៌បៃតង) និងម្ទេស (ពណ៌ក្រហម) នោះគឺមានសារជាតិល្អច្រើនប្រភេទហើយ!

បន្ថយជាតិស្ករ៖ ហើយក៏ដល់ពេលលើកដៃឈប់ទទួលស្ទីង កូកា ហ្វាន់តា និងបង្អែមខ្លះផងដែរ ដោយសារភេសជ្ជៈ និងបង្អែមទាំងនេះគ្មានឲ្យសារជាតិអីឲ្យរាងកាយយើងក្រៅពីជាតិស្ករនោះទេ។ ប្រជាជននៅក្រុងអូហ្គីមី រស់នៅបានយូរដូចនេះដោយសារពួកគាត់កំរញ៉ាំផ្អែមណាស់។ ហើយទោះជាពួកគាត់ចង់ញ៉ាំផ្អែម គាត់តែងញ៉ាំស្ករពីផ្លែឈើ ដូចជាស្ករអំពៅជាដើម ជាជាងស្ករសដែលគេផលិតនោះ។

បន្ថយជាតិប្រៃ៖ មនុស្សយើងខ្លះចូលចិត្តទាំងផ្អែម ចូលចិត្តទាំងប្រៃ ដូចខ្ញុំផ្ទាល់ដែលចូលចិត្តអង្គុយលិឍអំបិលមីលេងម្នាក់ឯងតាំងពីតូច។ ក៏ប៉ុន្តែ ប្រសិនបើយើងចង់រស់នៅដល់ថ្ងៃកំណើតទី ៩០ ឆ្នាំរបស់យើងនោះ យើងគួរចាប់ផ្តើមកាត់បន្ថយអំបិលបន្តិចហើយ! ប្រជាជននៅអូហ្គីមីផ្ទាល់ញ៉ាំអំបិលតែជាង ៧ ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ!

ផឹកតែបៃតង (ឬតែស) ៖ មិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា ពេលគាត់ទៅជប៉ុន ជនជាតិជប៉ុនឧស្សាហ៍ហៅគាត់ផឹកតែបៃតងពេក ដល់ថ្នាក់ជុះចេញពណ៌បៃតងឯណោះ! តែបៃតងមិនត្រឹមតែអាចធ្វើឲ្យជី (ដាក់ជី ហេហេ)យើងចេញជាពណ៌បៃតងនោះទេ តែវាថែមទាំង មានអត្ថប្រយោជន៍ជាច្រើនរួមមានជួយកាត់បន្ថយជាតិស្ករក្នុងឈាម គ្រប់គ្រងកំរិតកូលេស្តេរ៉ូលរបស់យើង ការពារឆ្អឹងយើង ក៏ដូចជាទប់ទល់ជាមួយជំងឺផ្តាសាយធំ កាំរស្មីយូវី (UV) ទៀតផង! អញ្ចឹងទេតើ បានជាប្រជាជនជប៉ុនចូលចិត្តផឹកតែបៃតងតាំងពីដើមអើយមក ម៉្លេះ!

ញ៉ាំតែ ៨០% នៃក្រពះបានហើយ ៖ ជប៉ុនគេមានពាក្យស្លោកមួយ “Hara hachi bun me” (腹八分目/はらはちぶんめ) ដែលមានន័យថា ញ៉ាំឲ្យឆ្អែតតែ ៨ ភាគបានហើយ! នរណាក៏ដូចនរណាដែរ ពេលម្ហូបឆ្ងាញ់ម្តងៗ ធ្លាប់ញ៉ាំឆ្អែតសឹងផ្ទុះពោះដូចតាជូជក់មិនដឹងជាប៉ុន្មានដងហើយ។ តែត្រូវដឹងថា ញ៉ាំច្រើនហ្នឹងហើយដែលនាំឲ្យយើងលើសជាតិខ្លាញ់ ហើយអាណិតក្រពះយើងផង ត្រូវកិនអាហារច្រើនជ្រុលពីមួយថ្ងៃៗទៅមួយថ្ងៃ ដែលអាចធ្វើឲ្យយើងឆាប់ចាស់ ឆាប់ធ្លាក់ខ្លួនឈឺហ្នឹងឯង!

ពេលគេស្រាវជ្រាវទៅឃើញថា ក្នុងមួយថ្ងៃ ប្រជាជនលើកោះអូគីណាវ៉ាញ៉ាំសរុបតែជាង ១៧៨៥កាល់ឡូរី បើប្រៀបធៀបនឹងមនុស្សធម្មតាដែលញ៉ាំលើសពី ២០០០កាល់ឡូរីទៅទៀត! ដើម្បីប្រើប្រាស់ធីបនេះបាន ត្រូវធ្វើយ៉ាងណាចាំថា ពេលយើងញ៉ាំអីរួចហើយ ពោះយើងគួរនៅឃ្លានបន្តិច… ស្មេរផ្ទាល់ធ្លាប់ញ៉ាំបឺហ្គឺម្តងពីរ ដោយសារវាឆ្ងាញ់ជាប់មាត់ពេក… អញ្ចឹងនេះអាចជាទំលាប់ថ្មីដែលពិបាកនឹងធ្វើ តែមិនអីទេ! អាចរៀនបន្ថយម្តងបន្តិចៗបាន មិនដែលថាមិនបានទេ!

ញ៉ាំរើសជាងមុនបន្តិច ៖ បើសិនជាយើងអាចញ៉ាំតែ ៨០% នៃក្រពះយើងនោះ អញ្ចឹងទាល់តែយើងត្រូវរើសញ៉ាំតែអាហារល្អៗទើបបាន! ឈប់ញ៉ាំអាហារដែលមានកាល់ឡូរីខ្ពស់ តែគ្មានសារជាតិចិញ្ចឹមច្រើនទៀតទៅ (ដូចជាមីឆុង ភេសជ្ជៈ និងបឺហ្គឺ ភីហ្សាជាដើម) ហើយមកញ៉ាំអាហារដែលមានបន្លែ ផ្លែឈើ និងសាច់វិញល្អជាង! (វ៉មិនពូអ៊ីយ៉ាំង) ហេហេ ចំនួនកាល់ឡូរីដូចគ្នា តែសារជាតិចិញ្ចឹមខុសគ្នាណា!

អាថ៌កំបាំងទី ២៖​ ដេក

រូបភាពបានមកពី៖ គ្រីសហ្គាណុន (Chris Gannon)

ប្រជាជនចាស់ៗលើកោះអូគីណាវ៉ាដែលគេសម្ភាសនេះភាគច្រើនជាមនុស្សដែលចូលដេកលឿន ហើយក្រោកលឿនផងដែរ ដោយសារគាត់ចូលចិត្តមើលថែសួនបន្លែគាត់ពេលព្រឹកព្រលឹម។ តែផ្ទុយទៅវិញ ក្មេងៗទាំងយើងទាំងគេ ចូលដេកយឺត ក្រោកក៏យឺត ហើយដេកមិនដែលឆ្អែតយ៉ាងម៉េច។

មូលហេតុម្នាក់ៗខុសគ្នា អ្នកខ្លះដោយសារមានជំងឺដេកមិនលក់ អ្នកខ្លះមិនដឹងថាដេកមិនឆ្អែតនោះមានគ្រោះថ្នាក់អ្វីខ្លះ អ្នកខ្លះគិតថាខ្លួនខ្លាំង អាចទ្រាំទ្របាន។ ទោះជាមានមូលហេតុអ្វីក៏ដោយ យើងគួរដឹងថា អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យរកឃើញម្តងហើយម្តងទៀតថា មនុស្សយើងទាល់តែដេកឲ្យបានពី 7 ទៅ​ 9 ម៉ោងក្នុងមួយថ្ងៃ ទើបខ្លួនយើង និងខួរក្បាលយើងអាចមានពេលសំរាក និងមានសុខភាពល្អបាន!

ទៅថ្ងៃមុខ វប្បធម៌នឹងសរសេរអត្ថបទលំអិតពីការដេកនេះតែម្តង! តែឥលូវ យើងមានធីបខ្លះៗដែលអាចជួយឲ្យអ្នកដេកបានច្រើនជាងមុន៖​

ចូលដេកមុនម៉ោង (នេះជាដំណោះស្រាយងាយស្រួល ហើយមានប្រសិទ្ធិភាពបំផុត)

មុនពេលដេកមួយម៉ោង មិនគួរប្រើឧបករណ៍ដែលមានភ្លើង LED ដូចជាទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ អាយផេត ជាដើមនោះឡើយ ដោយសារភ្លើងពណ៌នេះធ្វើឲ្យរាងកាយយើងបន្ថយអរម៉ូនមេឡាតូនីន (Melatonin) ដែលជាអរម៉ូនបញ្ជូនសញ្ញាឲ្យរាងកាយយើងងងុយដេក។ ប្រើវារឹតតែច្រើន ខ្លួនយើងរឹតតែមិនងងុយដេក! បន្ថយ ឬឈប់ញ៉ាំស្រា កាហ្វេ និងបារី ថ្នាំជក់ជាដើម ដោយសារសារជាតិទាំងនេះរារាំងមិនឲ្យខ្លួនយើងងងុយដេកដូចគ្នា។ ហើយនេះជាធីបពីស្មេរផ្ទាល់តែម្តង! កាន់សៀវភៅអានមុនចូលគេង ព្រោះអានតែមួយភ្លែត ដឹងតែទន់ត្របកភ្នែកងងុយដេកតែម្តង។ ព្រួញមួយបាញ់បានសត្វពីរ បានទាំងអាន បានទាំងដេក ហេហេ។

អាថ៌កំបាំងទី៣៖​ ត្រូវសកម្ម កុំទុកខ្លួនឲ្យទំនេរនៅស្ងៀម

បើចង់សកម្ម មិនបាច់ទាល់តែចំណាយពេលមួយថ្ងៃបីម៉ោង ហើយលុយរាប់សិបដុល្លារដើម្បីទៅក្លឹបហាត់ប្រាណនោះទេ។ លោកយាយលោកតាជប៉ុនដែលគេបានសម្ភាសទាំងនេះ រស់នៅបានយូរដល់សព្វថ្ងៃនេះ មិនមែនដោយសារគាត់ជាចៃក្លឹប សុទ្ធតែហាត់ប្រាណ មានសាច់ដុំពោះប្រាំបីកង់ ទាំងអស់គ្នានោះទេ។ ផ្ទុយទៅវិញ គាត់ធ្វើនេះធ្វើនោះ មិនដែលនៅស្ងៀម។ យកល្អយើងគួរសកម្មពេញមួយថ្ងៃ ជាជាងទៅហាត់ប្រាណតែមួយម៉ោង ហើយអង្គុយនៅនឹងស្ងៀមពេញមួយថ្ងៃទៅវិញ។ អ្នកអាចចាប់ផ្តើម៖

  • កុំអង្គុយយូរពេក ៖ តាមពិតទៅ ការិយាល័យការងារ និងសាលាយើងត្រូវបានគេច្នៃម៉ូដឡើងដើម្បីឲ្យយើងអង្គុយពេញមួយថ្ងៃតែម្តង។ យើងមួយថ្ងៃៗតើអង្គុយប៉ុន្មានម៉ោង? អង្គុយលើបង្គន់ អង្គុយលើតុបាយ អង្គុយលើឡានម៉ូត អង្គុយក្នុងថ្នាក់ ក្នុងការិយាល័យ អង្គុយក្នុងហាងកាហ្វេ… តែផ្ទុយទៅវិញ សំរាប់លោកយាយលោកតានៅជប៉ុនវិញ ពួកគាត់ចូលចិត្តដើរពីកន្លែងមួយទៅកន្លែងមួយ មិនចូលចិត្តប្រើឡានម៉ូតូទេ ម៉្យាងគាត់មិនសូវអង្គុយស្ងៀម ព្រោះគាត់មានសួនបន្លែ និងក្លឹបរាំជានិច្ច។

ដើម្បីបន្ថយការអង្គុយច្រើន អ្នកអាចព្យាយាមទិញតុធ្វើការឈរមួយដាក់ក្នុងការិយាល័យ។ បើសិនជាមិនអាចទិញបានទេ កុំភ័យ អាចគ្រាន់តែដាក់ម៉ោងរោទិ៍ប្រាប់ខ្លួនឯងថា អង្គុយធ្វើការបាន ៣០-៥០ នាទីត្រូវ ក្រោកឈរហើយដើរលេងសកម្មឲ្យបាន ៥ នាទី រួចសឹមបន្តអង្គុយធ្វើការទៀត។ ធ្វើតែប៉ុណ្ណឹង វាអាចនាំឲ្យខ្លួនប្រាណយើងបន្តរំលាយខ្លាញ់បានបាត់ទៅហើយ!

  • ដើរឲ្យបានច្រើនជាងមុន ៖ ពួកយើងម្នាក់ៗចូលចិត្តជិះឡាន និងជិះម៉ូតូ ព្រោះមិនចង់ហត់។ តែតាមពិត យើងគួរដើរយ៉ាងណាឲ្យបានយ៉ាងហោចណាស់ 20 នាទីក្នុងមួយថ្ងៃដើម្បីឲ្យមានសុខភាពល្អ។ ម៉្យាងវិញទៀត ការដើរមិនត្រូវការចំណាយលុយ មិនបាច់ទិញឧបករណ៍ថ្លៃៗក៏អាចធ្វើបានដែរ! អ្នកអាចចាប់ផ្តើមឡើងជណ្តើរជើង ជំនួសឲ្យជណ្តើរយន្ត។ អាចព្យាយាមដាក់ឡាន ឬម៉ូតូឲ្យរាងឆ្ងាយពីអាគាររៀន ឬអាគារការងារ ដើម្បីឲ្យយើងអាចដើរទៅដើរមកបាន។ ពេលត្រូវទៅរកអីញ៉ាំ បើនៅជិតៗ មិនបាច់ទាញម៉ូតូទាញឡានទេ ដើរមួយប្រូចទៅបានហើយ!

ចូលរួមសកម្មភាពសង្គម ឬកីឡាក្នុងពេលទំនេរ ដើម្បីកុំឲ្យអ្នកអង្គុយនៅផ្ទះដេកលេងហ្វេសប៊ុក ឬហ្គេមពេញមួយថ្ងៃ!

ឧស្សាហ៍លេងជាមួយក្មេងៗ ឬជាមួយសត្វចិញ្ចឹម ដើម្បីកុំឲ្យនៅដេកទ្រមក់ពេញមួយថ្ងៃដូចគ្នា!

អាថ៌កំបាំងទី ៤៖ រស់នៅក្នុងបច្ចុប្បន្នកាលបានហើយ

រូបភាពបានមកពី៖ មេក្ស (Max)

សាករាប់រឿងដែលធ្វើឲ្យអ្នកពិបាកចិត្ត ស្ត្រេសបន្តិចទៅមើល អាចនឹងមានការប្រលងថ្ងៃស្អែក ឬ អាចនឹងជាសារមួយដែលអ្នកប្រុងផ្ញើឲ្យក្រាស់អ្នក ឬក៏ត្រូវទៅជួបនិយាយជាមួយមនុស្សម្នាល្ងាចនេះ។ ទោះជារឿងអ្វីក៏ដោយ វាភាគច្រើនជារឿងដែលមិនទាន់កើតឡើងទេ វាជារឿងក្នុងអនាគតកាល។

អ្នកភ័យ ពិបាកចិត្ត ហូបបាយមិនចូល ហើយឧស្សាហ៍ខាំក្រចកខ្លួនឡើងត្រងោល ដោយសារខ្លាចពេលដែលរឿងនោះកើតឡើង។ តែប្រសិនបើអ្នកងាកមើលទៅក្រោយ ទៅពេលដែលរឿងអាក្រក់កើតឡើងម្តងៗ ដូចជាពេលដែលសង្សារបោះបង់ចោល ពេលដែលប្រឡងធ្លាក់ ឬពេលដែលការ៉េមអ្នកធ្លាក់ចុះដល់ដីទាំងដែលអ្នកមិនទាន់បានបង្ហើយវាអស់ក្តី… វាមិនសូវជាលំបាក់ឯណា? រឿងទាំងអស់ហ្នឹងកើតឡើង ហើយយើងនៅតែរស់ នៅតែមានជីវិតបន្តទៅមុខកើតហ្នឹង?

រឿងទាំងនោះមិនបានសំលាប់យើងនោះទេ។ តែហេតុអ្វីបានជាយើងចំណាយពេល ចំណាយកំលាំងជាច្រើនដើម្បីភ័យ ហើយបន្តគិតពីវារហូតមុនពេលវាកើតឡើងធ្វើអ្វី? អញ្ចឹងហើយបានជាលោកយាយលោកតាចាស់ៗនៅជប៉ុនផ្តល់ដំបូន្មានថា៖ រស់នៅក្នុងបច្ចុប្បន្នកាលបានហើយ។

អ្វីដែលបានកើតឡើងក្នុងអតីតកាល វាបានកន្លងហួសទៅហើយ។ ឥលូវនេះ វាគ្រាន់តែជាការចងចាំក្នុងចិត្តយើងតែប៉ុណ្ណោះ។ ដូចគ្នាផងដែរ អនាគតកាលមិនទាន់កើតឡើងនោះទេ វាគ្រាន់តែជាគំនិត និងការរំពឹងទុកក្នុងចិត្តយើង មិនមែនជាការពិតក្នុងបច្ចុប្បន្នកាលនោះទេ។ មានតែពេលនេះ ម៉ោងនេះ នាទីនេះទេដែលមានរូបរាងជាការពិត។

ប្រជាជនជប៉ុនក្នុងសៀវភៅនេះជឿលើ «លំហូរ» (flow) ដោយគាត់ជឿថា ក្តីសុខកើតឡើងពេលដែលយើងយកចិត្តទុកដាក់លើការងារបច្ចុប្បន្ន ទោះវាជាការងារធំ ឬការងារកំប៉ិកកំប៉ុកប៉ុណ្ណាក្តី។

តែបើគិតៗទៅ គ្រប់នាទីក្នុងបច្ចុប្បន្នកាល មួយនាទីម្តងៗ វាបូកគ្នាក្លាយទៅជាជីវិតយើងមួយទាំងមូលតែម្តង! អញ្ចឹងតើហេតុអ្វីបានជាយើងព្រមលះបង់មួយនាទីឥលូនេះ ដើម្បីគិត ដើម្បីពិបាកចិត្តពីអនាគតកាល ឬពីអតីតកាលទៅវិញ? ពេលវាត្រូវកើតឡើង វានឹងកើតឡើងហើយ។ ចាំពេលវាកើតហើយ ចាំយើងដោះស្រាយម្តងមួយៗទៅ។ តែឥលូវនេះ វាមិនទាន់កើតឡើង មិនទាន់ក្លាយជាបញ្ហានោះទេ អញ្ចឹងតើហេតុអ្វីបានជាយើងបង្កើតបញ្ហាឲ្យខ្លួនឯងពិបាកចិត្តទាល់តែបាន?

ប្រជាជនជប៉ុនដែលនៅក្នុងសៀវភៅនេះ ទោះពួកគាត់សកម្មធ្វើនេះធ្វើនោះរហូតមែន ក៏គាត់មិនដែលស្លន់រហន់ធ្វើអ្វីឲ្យតែហើយនោះទេ! ពួកគាត់ចូលចិត្តរស់នៅតែក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះ!

ពេលគេសួរថា យើងគួររស់នៅបែបណា ម្នាក់បានឆ្លើយថា៖ «គួរធ្វើការងារច្រើនប្រភេទក្នុងមួយថ្ងៃៗ។ ត្រូវសកម្មរហូត តែធ្វើការម្តងមួយៗ កុំភ័យព្រួយហើយកុំស្លន់អី។» ម្នាក់ទៀតបានឆ្លើយថា៖ «អាថ៍កំបាំងរបស់ខ្ញុំនោះគឺ ខ្ញុំតែងប្រាប់ខ្លួនឯងថា កុំភ័យ កុំរហន់ ធ្វើយឺតៗមួយៗទៅ ប្រសិនបើយើងមិនប្រញាប់ហូតនោះ យើងអាចរស់នៅបានយូរជាងមុនច្រើនណាស់។ »

ទៅថ្ងៃមុខ យើងនឹងសរសេរអត្ថបទលំអិតទាក់ទងនឹងសម្បជញ្ញៈ (mindfulness) ឬការមិនភ្លេចខ្លួនថារស់នៅក្នុងបច្ចុប្បន្នកាលនេះជាមិនខាន។ តែឥលូវនេះ អ្នកអាចរៀនតិចនិចមូលដ្ឋានមួយ នោះគឺការដកដង្ហើមចេញចូល។ ដង្ហើមរបស់យើង ប្រៀបបាននឹងយុថ្កាដែលតំកល់ចិត្តរបស់យើង កុំឲ្យហោះហើរទៅអតីតកាល ឬអនាគតកាល ឲ្យវានៅនឹងថ្កល់នៅបច្ចុប្បន្នកាលបាន។

អញ្ចឹងពេលយើងដកដង្ហើមចូល ត្រូវចាំថាយើងកំពុងដកដង្ហើមចូល។ ពេលយើងដកដង្ហើមចេញ ត្រូវដឹងថាខ្លួនកំពុងដកដង្ហើមចេញ។ និយាយមែនណា! សាកធ្វើអញ្ចឹងតែប្រាំនាទីទៅ នឹងមានអារម្មណ៍ថាខ្លួនរាងស្រាលជាងមុន ហើយចិត្តយើងនៅនឹង ដឹងពីបច្ចុប្បន្នកាល ដឹងពីសភាពខ្លួន និងអ្វីដែលកើតឡើងជុំវិញខ្លួនខ្លាំងជាងមុនមិនខាន!

អាថ៌កំបាំងទី ៥៖ រក្សាមិត្តភាព និងសហគមន៍ឲ្យបានល្អ

រូបភាពបានមកពី៖ ចេន យ៊ូន (Jen Yoon)

ស្រដៀងនឹងទស្សនវិទ្យារបស់អេភីឃ្យូរឺសដែរ ជនជាតិជប៉ុនចំណាស់ៗទាំងនេះក៏គិតថា មិត្តភាព និងសហគមន៍គឺជាផ្នែកមួយដ៏សំខាន់ បើសិនជាយើងចង់រស់នៅឲ្យមានសេចក្តីសុខ។ អញ្ចឹងហើយបានជា ក្នុងតំបន់រស់នៅនីមួយៗលើកោះអូគីណាវ៉ា ប្រជាជនគេស្និទ្ធិស្នាលគ្នាណាស់!

ភាគច្រើន ពួកគាត់បង់ប្រាក់ប្រចាំខែដើម្បីចូលរួមជាសមាជិកក្លឹបណាមួយ។ ពេលដែលក្លាយជាសមាជិកហើយ គេអាចចូលរួមការប្រជុំ ចូលរួមជប់លៀង និងល្បែងរបស់ក្លឹបនោះបាន។ លុយថ្លៃសមាជិកនោះ គេយកទៅរៀបចំកម្មវិធីផ្សេងៗ ហើយក៏អាចយកទៅជួយសមាជិកណាមួយដែលកំពុងជួបវិបត្តិរឿងលុយកាក់ផងដែរ។ នៅខែដែលមានលុយនៅសល់ច្រើន គេក៏ឲ្យលុយនៅសល់នោះជារង្វាន់ទៅសមាជិកម្នាក់ទៀតផង!

លោកយាយលោកតាចាស់ៗទាំងនេះសុទ្ធតែយល់ថាមិត្តភក្តិល្អ និងសហគមន៍ល្អ ជាចំណែកដ៏សំខាន់ដែលជួយឲ្យគាត់រស់នៅបានយូរ ហើយសប្បាយរីករាយយ៉ាងនេះ។

ពេលដែលគេសួរថា តើពួកគាត់ក្រោកឡើងពីមួយថ្ងៃទៅមួយថ្ងៃរំពឹងអ្វីជាងគេ ម្នាក់បានឆ្លើយថា៖ «ជួបជាមួយមិត្តភក្តិខ្ញុំហ្នឹងឯង យើងតែងជួបគ្នាជារៀងរាល់ថ្ងៃដើម្បីជជែកលេងជានិច្ច។ ខ្ញុំដឹងថា ឲ្យតែបើកភ្នែកឡើងថ្ងៃស្អែក ខ្ញុំអាចជួបពួកគេនៅជាមិនខាន។ នេះហើយជារឿងដែលខ្ញុំចូលចិត្តធ្វើយ៉ាងខ្លាំងក្នុងជីវិត។»

ម្នាក់ទៀតបានឆ្លើយថា៖ «អាថ៍កំបាំងនៃអាយុវែងនោះគឺត្រូវនិយាយគ្នាជាមួយមនុស្សដែលអ្នកស្រឡាញ់ជារៀងរាល់ថ្ងៃ។»

និង «ពេលភ័យស្លន់ម្តងៗ ខ្ញុំតែងចេញក្រៅផ្ទះហើយញញឹម ក៏ដូចជានិយាយសួស្តីទៅកាន់អ្នកដែលដើរកាត់។ រាល់ថ្ងៃពេលព្រឹក ខ្ញុំចេញពីផ្ទះហើយនិយាយថា៖ «សួស្តី!» «ជួបគ្នាថ្ងៃក្រោយ!» ទៅកាន់អ្នកដែលដើរកាត់ខ្ញុំ។ ឯពេលរសៀលវិញ ខ្ញុំចូលចិត្តអង្គុយលេងជាមួយមិត្តភក្តិខ្ញុំ។»

អញ្ចឹង តើយើងគួរចាប់ផ្តើមធ្វើអ្វីទៅ? អាចចាប់ផ្តើមសើចញញឹម ហើយនិយាយរាក់ទាក់ទៅមនុស្សជាងមុនដូចពួកគាត់ក៏បាន។ ខ្ញុំផ្ទាល់តាំងពីដឹងពីអាថ៍កំបាំងនេះហើយ ក៏បានចាប់ផ្តើមញញឹម ហើយនិយាយសួស្តីទៅអ្នកផ្សេងៗក្នុងអាគារធ្វើការជាមួយគ្នាជារៀងរាល់ព្រឹក។ ម៉្យាងដែរ… ពេលធ្វើអញ្ចឹងទៅ ពិតជាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាណាស់!

ម៉្យាងវិញទៀត អ្នកក៏អាចរកពេលនិយាយលេងជាមួយមិត្តភក្តិជិតស្និទ្ធិដែលអ្នកមានស្រាប់ក៏បានដែរ។ លើសពីនេះទៅទៀត អ្នកក៏អាចស្វែងរកចូលរួមសហគមន៍ សមាគមន៍ កម្មវិធីផ្សេងៗ ឬសូម្បីតែរកក្រុមអនឡាញដែលចូលចិត្តរបស់ដូចអ្នកទៀតរឹតតែល្អ។

ប្រហែលជាទស្សនវិទូអេភីឃ្យូរឺសនិយាយត្រូវហើយ! បើចង់ឲ្យជីវិតមានន័យខ្វះមិត្តភក្តិមិនបានតែម្តង។

អាថ៌កំបាំងពី ៦៖ រកអុីឃីហ្គាយរបស់យើងផ្ទាល់ ហើយបន្តធ្វើវាជារៀងរាល់ថ្ងៃ

ស្អីគេអុីឃីហ្គាយហ្នឹង? វាជាពាក្យជប៉ុន (生き甲斐) ដែលមានន័យថា គោលបំណងនៃជីវិត ឬក៏មូលហេតុដែលជំរុញឲ្យយើងចង់ក្រោកឡើងរាល់ថ្ងៃនេះ។ វាគឺជាចំណុចប្រសព្វរវាង បេសកកម្ម ចំណង់ចំណូលចិត្ត ជំនាញការងារ និងអ្វីដែលសង្គមយើងត្រូវការ។

បង្កើតដោយម៉ាកវីន (Mark Winn) ហើយបកប្រែដោយក្រុមការងារវប្បធម៌

សំរាប់ចាស់ៗនៅជប៉ុនដែលត្រូវបានគេសម្ភាសដាក់ក្នុងសៀវភៅនេះ អុីឃីហ្គាយរបស់ពួកគាត់គឺមានទាំងតូចទាំងធំ។ អ្នកខ្លះចង់រស់នៅដោយសារគាត់ចូលចិត្តបង្កើតសិល្បៈ (ដូច ហាយ៉ៅ មីយ៉ាស្សាគី Hayao Miyazaki ដែលនៅបន្តគូររូបទោះគាត់ដល់អាយុចូលនិវត្តន៍ក៏ដោយ) អ្នកខ្លះរស់នៅដោយសារគាត់ចង់ជួបមិត្តភក្តិ ដោយសារគាត់ចង់បន្តថែរក្សាដំណាំគាត់ក៏មាន។

តាមពិតទៅ មនុស្សយើងម្នាក់ៗមានអុីឃីហ្គាយខុសៗគ្នា។ រឿងស្វែងរកគោលដៅជីវិតនេះ មិនមានជារឿងតូចតាចងាយស្រួលឡើយ! ដូច្នេះហើយនៅក្នុងមួយចំណុចតូចនៃអត្ថបទនេះ មិនគ្រាន់សំរាប់បកស្រាយឲ្យអស់ចិត្តអស់ចង់នោះទេ!

ដោយហេតុនេះហើយបានជាយើងកំពុងសរសេរកំរងអត្ថបទ «រៀបផែនការជីវិត» ដែលក្នុងនោះមានអត្ថបទច្រើន ចាក់ចូលលំអិតៗពីជំហាននីមួយៗ ដែលអាចនាំឲ្យយើងបង្កើតខ្លួនឯង បង្កើតជីវិតមួយដែលមានគោលដៅផ្ទាល់ខ្លួនបាន! ពេលយើងមានមូលដ្ឋានគ្រឹះរឹងមាំហើយ ចាំយើងងាកមកនិយាយពីអុីឃីហ្គាយឲ្យបានលំអិតជាងនេះទៀត!

តែនេះជាធីបខ្លីៗសង្ខេបៗ អ្នកនៅតែអាចព្យាយាមបើកចិត្តបើកគំនិត ចង់ចេះចង់ដឹងពីពិភពលោកបាន។ ព្យាយាមស្វែងរកវត្ថុថ្មីៗ សាកនេះសាកនោះ ដើម្បីរកមើលថាតើខ្លួនយើងចូលចិត្តធ្វើអ្វី ហើយពិភពលោកត្រូវការអ្វីខ្លះដែរ? ត្រូវរកអ្វីដែលខ្លួនចូលចិត្ត ហើយសង្គមត្រូវការ… ពេលរកឃើញហើយ ព្យាយាមរៀនសូត្រធ្វើម៉េចឲ្យខ្លាំងខាងហ្នឹង នោះអ្នកនឹងអាចរកលុយតាមវាបានហើយ នោះយើងនឹងរកឃើញអុីឃីហ្គាយរបស់យើងហើយ!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

មតិយោបល់