• 2019-06-25 23:30:00
  • ព័ត៌មាន

កំណត់គោលដៅជីវិត – បីជំហានដើម្បីរៀបប្រតិទិនជីវិត

  • 2019-06-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ sokheng seang
  • សហការជាមួយ wapatoa.com

តាមពិតទៅអ្នកតែងមានចិត្តចង់រៀនភាសាជប៉ុនយូរហើយ ហើយក៏ចង់ឧស្សាហ៍បរិច្ចាគលុយតិចតួចជួយសង្គម ថែមទាំងចង់ចាប់ផ្តើមហាត់ប្រាណឲ្យបានទៀងទាត់ទៀតផង។ ដោយសារអ្នកចេះមានអារម្មណ៍ថា បើអ្នកបានធ្វើរឿងទាំងនេះ អ្នកនឹងសប្បាយចិត្តនឹងខ្លួនឯងជាងមុន សប្បាយចិត្តនឹងរស់នៅជាងមុនជាមិនខាន...។

តែមិនដឹងថាដោយសារហេតុអីទេ មួយថ្ងៃៗដូចជាមមាញឹក បានតែចេញពីផ្ទះទៅរៀន ហើយទៅធ្វើការ មកវិញក៏ដេកហើយស្ពីងសោះ! មិនមែនថាយើងមិនចង់អភិវឌ្ឍខ្លួន ឬមិនចង់ជួយសង្គមទេ តែជីវិតយើងឥលូវនេះប្រៀបដូចជាទឹកហូរបាក់ទំនប់ ច្រាលមកបុកមុខយើងក្នុងល្បឿន ១៨០គីឡូក្នុងមួយម៉ោងអញ្ចឹង។ ក្រោកឡើងបើកភ្នែកមិនទាន់បានអីផង ដល់ពេលយប់ហត់ចុកពេញខ្លួន ចង់ដេកវិញបាត់ទៅហើយ។

ប្រហែលជាឆ្នាំក្រោយទើបមានពេលរៀនជប៉ុន… ចាំខែក្រោយទើបមានពេលហាត់ប្រាណ… តែថា បើចាំៗអញ្ចឹង តើពេលណាទើបអ្នកអាចរស់នៅជីវិតដែលអ្នកប៉ងចង់បានជាយូរហើយនោះ? មនុស្សខ្លះរវល់មមាញឹក ក៏ដោយសារគាត់កំពុងតែធ្វើអ្វីដែលគាត់ចង់ធ្វើឡើងពេញម៉ោងទៅហើយ ដល់ថ្នាក់គាត់គ្មានពេលបន្ថែមអីផ្សេងពីលើហ្នឹងទៀតទេ។ តែអ្នកខ្លះវិញ គាត់គ្មានពេលធ្វើអ្វីដែលខ្លួនចង់ធ្វើ ក៏ដោយសារគាត់មិនចេះគ្រប់គ្រង និងមិនទាន់ចេះរៀបផែនការជីវិតប្រចាំថ្ងៃឲ្យបានច្បាស់លាស់ហ្នឹងឯង!

តើអ្នករវល់ពិតមែន ឬក៏អ្នកគ្រាន់តែមិនចេះគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ?

រូបភាពបានមកពី៖ ខេវិន ម៉ូរាណ (Kevin Moran)

សាកងាកមកមើលជីវិតអ្នកប៉ុន្មានថ្ងៃចុងក្រោយនេះទៅមើល ហើយសួរខ្លួនឯងថា៖ «តើរាល់ថ្ងៃខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ឬក៏ខ្ញុំរវល់តែរឿងដែលខ្ញុំមិនចូលចិត្ត រឿងដែលខ្ញុំមិនខ្វល់ខ្វាយ ហើយនិងរឿងដែលគ្មានប្រយោជន៍ដល់គោលដៅជីវិតធំរបស់ខ្ញុំ

យកល្អ គឺអាចធ្វើពិសោធន៍មួយ ដោយកត់ត្រាគ្រប់សកម្មភាពដែលយើងធ្វើប្រចាំថ្ងៃតែម្តង! មនុស្សភាគច្រើនរស់នៅដោយមិនដឹងថា ក្នុងមួយថ្ងៃ ខ្លួនធ្វើអ្វីខ្លះ ហើយសកម្មភាពមួយៗស៊ីម៉ោងអស់ប៉ុន្មាននោះទេ។ ដោយហេតុនេះហើយ អ្នកដែលធ្វើពិសោធន៍នេះតែងភ្ញាក់ផ្អើលនឹងលទ្ធផល ព្រោះការពិតនៃជីវិតគឺខុសពីអ្វីដែលគាត់គិតយ៉ាងខ្លាំង!

ដើម្បីកុំឲ្យមានមន្ទិលនៅសល់ចំពោះសំណួរខាងលើ សាកធ្វើពិសោធន៍នេះដែរទៅ! ងាយស្រួលធ្វើមែនទែន ដោយអ្នកត្រូវការតែក្រដាសមួយសន្លឹកដាក់តាមខ្លួន ឬកត់ត្រាតាមទូរស័ព្ទអ្នកក៏បាន!

នេះជាសំរង់កំណត់ត្រាសកម្មភាពរបស់ស្មេរក្នុងអាទិត្យដែលស្មេរបានសរសេរអត្ថបទនេះផ្ទាល់តែម្តង៖

5:20 ក្រោកឡើង តែដេកស្ងៀមលើគ្រែ

5:30 ងើបឡើង + ស្តាប់ធម៌របស់ព្រះតេជគុណធីជញ៉ាត់ហាញ់ (Thich Nhat Hanh) ហើយដាក់ជី

6:30 រៀបផែនការសំរាប់ថ្ងៃថ្មី + កត់ក្នុងតារាងតាមដានទំលាប់សំរាប់ថ្ងៃម្សិល (អាចចុចអានទីនេះ​ ដើម្បីរៀនពីរបៀបតាមដានទំលាប់ប្រចាំថ្ងៃរបស់យើងបាន)

6:45 តាំងសមាធិ

7:00 ស្រោចទឹកដើមឈើ និងបោសបន្ទប់ដោយមានស្មារតីក្នុងខ្លួន + រៀបចំខ្លួនចេញទៅហាត់ប្រាណ

8:00 ហែលទឹក ស្ទីម និងញ៉ាំបាយព្រឹក

9:00 ធ្វើការ

12:00 ញ៉ាំបាយថ្ងៃត្រង់ និងលេងហ្វេសប៊ុក

1:00 តាំងសមាធិពេលថ្ងៃ និងដេកថ្ងៃ

2:00 ធ្វើការ

5:30 លេងហ្វេសប៊ុក រេឌីត (Reddit) ឬថាំប្លឺ (Tumblr)

6:30 ចេញញ៉ាំអីជាមួយមិត្តភក្តិ

8:00 មកដល់ផ្ទះ​ ងូតទឹក លេងទូរស័ព្ទ រៀបចំខោអាវសំរាប់ថ្ងៃស្អែក

9:00 អានសៀវភៅ ឬមើលរឿង

10:00 តាំងសមាធិដើម្បីបន្ធូរខ្លួន និងដេក

គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ខាងលើនេះ ស្មេរមិនបានកត់ឲ្យជាក់លាក់ថាតើលេងកម្មវិធីទូរស័ព្ទអីខ្លះ ហើយលេងមួយៗអស់ប៉ុន្មានម៉ោងនោះទេ។ ដោយសារ រាល់យប់ ស្មេរតែងឆែកមើលកម្មវិធី Screen Time (ពេលវេលាប្រើប្រាស់ទូរស័ព្ទ) ដែលមានមកស្រាប់ក្នុងអាយហ្វូនជំនាន់ក្រោយៗ។

ក្នុងកម្មវិធីថ្មីនេះ​ គឺគេប្រាប់តែម្តងថាមួយថ្ងៃយើងបើកទូរស័ព្ទប៉ុន្មានដង ចុចអស់ប៉ុន្មានម៉ោង ហើយប្រើកម្មវិធីអីខ្លះ។ អញ្ចឹងខ្ញុំតែងឆែកមើលរបាយការណ៍ Screen Time (ពេលវេលាប្រើប្រាស់ទូរស័ព្ទ) នេះរាល់យប់ ដើម្បីដឹងថាខ្លួនញៀនទូរសព័្ទឬអត់ ហើយគួរធ្វើអ្វីថ្ងៃស្អែកដើម្បីផ្លាស់ប្តូរទំលាប់អាក្រក់នេះ។

រូបភាពបានមកពី៖ ប្រេ ហួង (Bre Huang)

ប្រសិនបើទូរស័ព្ទអ្នកអត់មានកម្មវិធី Screen Time (ពេលវេលាប្រើប្រាស់ទូរស័ព្ទ) ទេនោះ អ្នកក៏អាចតាមដានថាខ្លួនឯងលេងហ្វេសប៊ុក និងមើលយូធូបជាដើមពីម៉ោងណាដល់ម៉ោងណាខ្លះ ហើយកត់វាជាមួយនឹងសកម្មភាពផ្សេងៗក្នុងក្រដាសពិសោធន៍អ្នកទៅ!

សំរេចចិត្តទៅថា តើនេះពិតជាជីវិតដែលអ្នកចង់បានឬក៏អត់?

ដូចដែល អ្នកនិពន្ធអានីឌីឡាត (Annie Dillard) ធ្លាប់ពោលអញ្ចឹងថា៖ «របៀបដែលយើងរស់នៅប្រចាំថ្ងៃ គឺជារបៀបដែលយើងរស់នៅពេញមួយជីវិត»។

សាកងាកមកមើលសកម្មភាពគ្រប់យ៉ាងដែលអ្នកធ្វើប្រចាំថ្ងៃទៅមើល… តើនេះជាជីវិតដែលអ្នកចង់បានឬ? តើអ្នកពិតជាចង់ក្លាយជាមនុស្សម្នាក់ដែលលេងហ្គេមពីរម៉ោងក្នុងមួយថ្ងៃ ហើយមើលយូធូបបួនម៉ោងបន្ថែមទៀតមែន? តើអ្នកពិតជាចង់ក្លាយជាមនុស្សដែលគ្មានពេលថែរក្សាខ្លួនឯង ដោយសារអង្គុយឈ្ងោកអោនអានទូរស័ព្ទឬ មិនចង់ក្លាយជាអ្នកមានទំលាប់អានសៀវភៅ មានទំលាប់ធ្វើការបានជក់ចិត្ត មានទំលាប់បរិច្ចាគលុយ និងពេលវេលាជួយសង្គមជាតិវិញទេ?

ប្រសិនបើអ្នកឆ្លើយថាខ្លួនពេញចិត្តនឹងជីវិតបែបនេះហើយ ក៏មិនអីទេ អាចបន្តរស់នៅរបៀបហ្នឹងទៀតទៅ ដោយមិនបាច់ផ្លាស់ប្តូរអ្វីមួយសូម្បីតែមួយសសៃនោះទេ។ តែបើមានចំណុចខ្លះ មានទំលាប់ ឬមានចរិតថ្មីៗខ្លះដែលអ្នកចង់បានមកក្នុងជីវិតអ្នកនោះ គឺទាល់តែអ្នកចេះរៀបប្រតិទិនជីវិត និងគ្រប់គ្រងពេលវេលាឲ្យបានល្អ ទើបអាចឆ្លៀតអភិវឌ្ឍផ្នែកទាំងនេះបាន។

ជឿខ្ញុំទៅ ខ្ញុំខំអាន ខំសាកល្បង តាំងពីខ្លួនមិនដែលមានទំលាប់សមាធិ មិនចេះនិយាយជាមួយមនុស្ស មិនចេះសរសេរ មិនចេះអង់គ្លេស មិនធ្លាប់អានសៀវភៅ… រហូតមកដល់សព្វថ្ងៃរកស៊ីជាអ្នកនិពន្ធ មានមិត្តភក្តិមួយក្រុមដែលជិតស្និទ្ធិគ្នា អាចចេះអង់គ្លេសយកមកប្រើការបាន មានទំលាប់សមាធិ និងស្មារតីក្នុងខ្លួនជាងមុនច្រើន ហើយមានពេលឆ្លៀតអានសៀវភៅបានរាប់រយក្បាលទៀតផង!

មិនមែនសុខៗមានសំណាងបានទំលាប់ និងសមិទ្ធិផលទាំងអស់នេះទេ… គឺខ្ញុំបានខិតខំអានសៀវភៅ អានប្លុក សួរគេឯង ហើយខំហាត់សាកនេះសាកនោះមិនដែលចប់! អញ្ចឹងណា បើចង់បានជីវិតដែលយើងប្រាថ្នាខ្ញុំគិតថា គឺ ២០ ភាគរយស្ថិតលើចំណេះដឹង និងយុទ្ធសាស្ត្រ ឯ ៨០ ភាគរយទៀតគឺស្ថិតលើការអត់ធ្មត់ និងការខិតខំប្រឹងប្រែងបន្តធ្វើរហូតហ្នឹង!

ជ្រើសរើសឥលូវតែម្តងថាតើអ្នកចង់ក្លាយជាមនុស្សប្រភេទណា តើអ្នកមានគោលដៅរយៈពេលវែងអ្វីខ្លះ ហើយគោលដៅរយៈពេលខ្លីអ្វីខ្លះមុននឹងយើងសំរុកខិតខំប្រឹងប្រែងបាន ទាល់តែយើងមានយុទ្ធសាស្ត្រនាំផ្លូបន្តិចសិន។ តែកុំរវល់តែអានៗ រវល់តែស្រាវជ្រាវ តែមិនយកមកធ្វើក្នុងជីវិតណា! ត្រូវចាំថា យុទ្ធសាស្ត្រមានសារៈសំខាន់តែ ២០ ភាគរយប៉ុណ្ណោះ ឯ ៨០ ភាគរយទៀតគឺផ្អែកលើការប្រតិបត្តិ។ បើមានតែចំណេះ តែអត់ប្រតិបត្តិ ជីវិតយើងក៏មិនផ្លាស់ប្តូរអ្វីនោះឡើយ!

ខាងក្រោមនេះជាយុទ្ធសាស្ត្រក្នុងការរៀបទិសដៅជីវិតដែលយើងបានដកស្រង់ពីសៀវភៅដ៏មហាសែនល្បីមួយគឺ សៀវភៅ​ ទំលាប់ទាំង 7 របស់មនុស្សដែលមានប្រសិទ្ធិភាពខ្ពស់ និពន្ធដោយស្តេហ្វិន ខូវ៉េយ (The 7 Habits of Effective People by Stephen Covey)!

ដើម្បីឲ្យយើងអាចដឹងថាយើងគួរធ្វើអ្វីថ្ងៃនេះជាប្រចាំថ្ងៃ ទាល់តែយើងដឹងសិនថា តើជីវិតយើងចង់ឲ្យទៅទិសណា? ពេលកំណត់ទិសហើយ យើងត្រូវកំណត់គោលដៅប្រចាំឆ្នាំដែលនាំយើងទៅទិសនោះបាន។ ហើយទើបយើងបំបែកគោលដៅប្រចាំឆ្នាំ ឲ្យមកក្លាយជាគោលដៅប្រចាំខែ ប្រចាំអាទិត្យ និងប្រចាំថ្ងៃ!

នេះជាការបកស្រាយសាមញ្ញៗពីជំហានទាំងបី ដើម្បីឲ្យអ្នករៀបប្រតិទិនជីវិត ដែលមានទាំងទិសដៅជីវិត គោលដៅប្រចាំឆ្នាំ ខែ អាទិត្យ និងថ្ងៃបានល្អ! សូមចុចអានទាំងបីអត្ថបទឲ្យបានលំអិត កុំឲ្យរំលងណា!

  • ជំហានទី ១៖ ត្រូវដឹងថាខ្លួនគួរយកចរិតជាមុខ ថាយើងគួរព្យាយាមលត់ដំចរិតយើង មុនពេលដាក់គោលដៅចង់បានលុយ មុខមាត់ ឬយសសក្តិជាដើម ព្រោះថាចរិតជាមូលដ្ឋានគ្រឹះនាំឲ្យយើងមានលុយ មុខមាត់ និងយសសក្តិមកតាមក្រោយនោះឯង!

  • ជំហានទី ២៖ កំណត់បេសកកម្មជីវិតរបស់អ្នក ដែលវានឹងដើរតួជាផែនទី និងត្រីវិស័យចង្អុលទិសអ្នក គ្រប់ពេលអ្នកត្រូវសំរេចចិត្តក្នុងជីវិត មិនដែលខានឡើយ។

  • ជំហានទី ៣៖ ឲ្យអាទិភាពទៅលើសកម្មភាព និងការងារណាដែលត្រូវជាមួយចរិត និងគោលដៅដែលអ្នកចង់បាន!

ពេលដើរចប់បីជំហាននេះហើយ អ្នកនឹងមាន

ចរិតដែលអ្នកចង់បាន ឧទាហរណ៍ដូចជាចរិតទៀងត្រង់ ក្លាហាន ចិត្តល្អ ចេះគ្រប់គ្រងលុយកាក់ ជាដើម។

  • គោលដៅប្រចាំឆ្នាំ
  • គោលដៅប្រចាំខែ
  • គោលដៅប្រចាំអាទិត្យ
  • ជាក់ស្តែង នេះគឺជាប្រតិទិនជីវិតរបស់ខ្ញុំ៖

ចរិតដែលខ្ញុំចង់បាន

ចង់ចេះចង់ដឹងច្រើនជាងមុន

ចិត្តល្អជាងមុន

មានសតិស្មារតីក្នុងខ្លួនជាងមុន

សប្បាយក្នុងជីវិតជាងមុន

គោលដៅប្រចាំឆ្នាំ ២០១៩៖

ចាប់ផ្តើមរៀនភាសាជប៉ុន ( = ចង់ចេះចង់ដឹងជាងមុន)

យកពេលនៅជាមួយបងប្អូន និងមិត្តភក្តិឲ្យបានច្រើនជាងមុន ( = ភាពសប្បាយក្នុងជីវិត)

អានសៀវភៅយ៉ាងហោចណាស់ ៥០ ក្បាល ( = ភាពចង់ចេះចង់ដឹង)

តាំងសមាធិប្រចាំថ្ងៃ ( = មានសតិក្នុងខ្លួន)

បរិច្ចាគថវិការទៅអ្វីមួយ មួយខែម្តង ( = មានចិត្តល្អ)

បរិច្ចាគឈាមឲ្យបានពីរដងក្នុងមួយឆ្នាំ ( = ចិត្តល្អ)

ដោយសារខ្ញុំបានចាប់ផ្តើមបំពេញគោលដៅប្រចាំឆ្នាំតាំងពីខែមករាមកម៉្លេះ ដូច្នេះគោលដៅខ្លះក៏ធ្វើបានជិតពេញទៅហើយ។

គោលដៅសំរាប់ខែឧសភា

ក្រោកម៉ោង ៥៖៣០ ព្រឹក (ដើម្បីមានពេលព្រឹកច្រើនម៉ោងសំរាប់ស្តាប់ធម៌ តាំងសមាធិ និងរៀបផែនការសំរាប់ថ្ងៃថ្មី)

រៀនឲ្យចេះព្យញ្ជនៈ ហ៊ីរ៉ាកាណា (Hiragana)

អានបញ្ចប់សៀវភៅ ឧទ្យានមែន្សហ្វៀល និពន្ធដោយ ចេន អស្ទិន (Mansfield Park by Jane Austen) តាំងសមាធិឲ្យបានពី ១០ ទៅ ២០ នាទីពេលព្រឹក + ១០ នាទីពេលថ្ងៃត្រង់ និង ១០ នាទីពេលយប់ បរិច្ចាគលុយឲ្យបានម្តង។

ដើម្បីឲ្យទិសដៅជីវិត និងគោលដៅប្រចាំឆ្នាំ វាសមស្របជាមួយនឹងអ្វីដែលយើងអាចធ្វើរាល់ថ្ងៃនោះ ខ្ញុំតែងអាប់ដេតគោលដៅជារៀងរាល់ខែ រៀងរាល់អាទិត្យ និងរាល់ថ្ងៃ។

នៅរាល់ដើមខែនីមួយៗ ខ្ញុំតែងយកពេលប្រហែលជាកន្លះថ្ងៃ ដើម្បីងាកមកមើលសកម្មភាពខែមុន ថាតើយើងធ្វើគោលដៅនីមួយៗបានជោគជ័យដូចដែលបានរំពឹងទុកឬទេ។ ហើយម៉្យាងទៀត ក៏តែងយកពេលនេះ ដើម្បីរៀបគោលដៅសំរាប់ខែថ្មីផងដែរ!

បន្ថែមពីលើនេះទៀត រាល់យប់ថ្ងៃអាទិត្យ ខ្ញុំតែងយកពេលប្រហែល ៣០ នាទីដើម្បីងាកមកមើលថាតើអាទិត្យមុននេះបានសំរេចបានគោលដៅប្រចាំអាទិត្យអ្វីខ្លះ ក៏ដូចជារៀបផែនការសំរាប់អាទិត្យថ្មីផងដែរ។ ជាចុងក្រោយ គឺរៀងរាល់ព្រឹក ខ្ញុំតែងយកពេលប្រហែល ៥ នាទីដើម្បីមើលថាខ្លួនបានធ្វើអ្វីខ្លះម្សិលមិញ ហើយមានគោលដៅប្រចាំអាទិត្យអ្វី ដែលខ្លួនអាចធ្វើបានថ្ងៃនេះ។

ថ្ងៃដែលខ្ញុំកំពុងសរសេរអត្ថបទនេះគឺថ្ងៃទី ១១ ខែឧសភា ហើយក្នុងរយៈពេល ១១ ថ្ងៃចុងក្រោយនេះ ខ្ញុំបានរៀនព្យញ្ជនៈហ៊ីរ៉ាកាណា (Hiragana) ចេះបានពាក់កណ្តាលហើយ ក៏បានចេញលុយបរិច្ចាគទៅឲ្យលោកពូមួយរូបដែលបានឆេះរលាកខ្លួន ក្នុងការជួយក្មេងស្រីម្នាក់ឲ្យរួចពីការឆាបឆេះឡាន។ បើនិយាយពីរឿងអានសៀវភៅ ក៏អានបានចប់ ៩០ ភាគរយទៅហើយ!

ទោះកំពុងធ្វើការពេញម៉ោងក៏ដោយ ក៏ខ្ញុំនៅអាចឆ្លៀតពេលមកធ្វើរឿងទាំងនេះបាន ក៏ដោយសារខ្ញុំបានរៀបប្រតិទិនច្បាស់លាស់សំរាប់ជីវិតប្រចាំឆ្នាំ ខែ អាទិត្យ និងរាល់ថ្ងៃនោះឯង!

និយាយមែនណា! ប្រសិនបើអ្នកមិនយកពេលមករៀបផែនការជីវិត ហើយដាក់អាទិភាពលើកិច្ចការដែលមានប្រយោជន៍ចំពោះជីវិតអ្នកទេ នោះអ្នកនឹងបន្តធ្វើជាកំណាត់ឈើអណ្តែតត្រសែត ដោយគ្មានទីពឹងនៅក្នុងទន្លេជីវិតជាមិនខាន។

តែបើយើងរៀបគោលដៅឲ្យច្បាស់ ដឹងថាយើងចង់បានចរិតរបៀបអី ចង់សាកធ្វើអ្វីខ្លះឆ្នាំនេះ ត្រូវបញ្ចប់កិច្ចការណាខ្លះខែនេះ និងអាទិត្យនេះ… ទោះក្នុងមួយថ្ងៃៗ យើងរវល់ប៉ុណ្ណាក្តី ក៏យើងគង់នឹងមានពេលឆ្លៀតអាចធ្វើយ៉ាងហោចណាស់ឲ្យបានរឿងដ៏តូចមួយដែលជំរុញឲ្យយើងទៅមុខលើផ្លូវដែលយើងបានកំណត់ដែរ!

រូបភាពបានមកពី៖ pinimg

អញ្ចឹងនៅចាំអង្កាល់ទៀត! លើកប៊ិច លើកក្រដាសចេញមក ហើយកំណត់ទិសដៅជីវិតអ្នកឥលូវនេះ ទោះវាធំប៉ុណ្ណា មើលទៅមិនសមនឹងកើតឡើងប៉ុណ្ណាក៏ដោយ ប្រសិនបើយើងខំម្តងបន្តិចៗ ពីមួយថ្ងៃទៅមួយថ្ងៃ នោះយូរនឹងឆាប់វានឹងក្លាយជាការពិត!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ sokheng seang

មតិយោបល់