• 2019-06-27 04:05:52
  • សុខភាព

មូសខ្លាញី​ចម្លង​ជំងឺបីប្រភេទមក​មនុស្ស​ ប្រយ័ត្នសុខភាពកូនៗ​

  • 2019-06-27 04:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជំនាញ​ឲ្យ​ដឹងថា​មូ​ខ្លាញី​មិន​ត្រឹម​តែ​អាច​ចម្លង​ជំងឺគ្រុន​ឈាម​ទៅ​កាន់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​អាច​បង្កជំងឺ​ពីរ​ប្រ​ភេទ​ផ្សេងទៀត​ទៅ​កាន់​មនុស្ស​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រេកុល ប្រ​ធានមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទងនឹង​ជំងឺ​គ្រុនឈាម​នាព្រឹក​នេះ​ថា មូសខ្លាញី​ជា​ប្រ​ភព​ចម្លង​ជំងឺ​ចំនួន​បី​គឺ​គ្រុនឈាម ជងឺខួរក្បាលតូច និង​ជំងឺឈឺសន្លាក់។

(ទិដ្ឋភាពឪពុកម្ដាយ​នាំកូនៗទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ​គន្ធបុប្ផា/រូបភាព៖ ហ្វេសប៊ុកDr. Beat Richner)

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា​មូសខ្លាញី​មាន​លទ្ធ​ភាព​ហើរ​ចេញពី​កន្លែង​រស់​នៅ​ចម្ងាយ​១៥០​ម៉ែត្រ​ដើម្បី​រក​ចំណី​អាហារ ហើយ​មូសនេះ​ចូល​ចិត្ត​បឺតឈាម​មនុស្សជាងឈាម​សត្វ។ មួយ​វិញ​ទៀត​មូសខ្លាញី​​ក៏មាន​សមត្ថភាព​ស្រូប​ក្លិន​ញើង​របស់​មនុស្ស​បាន​ក្នុង​ចម្ងាយ​ប្រាំគីឡូម៉ែត្រ​ផងដែរ ដែល​ករណីនេះលោក​ថា​មូសខ្លាញី​អាច​នឹង​ព្យា​យាម​ហោះទៅ​រក​មនុស្ស​នៅ​ចម្ងាយ​ឆ្ងាយជាង​១៥០ម៉ែត្រ​បើ​សិនជា​នៅ​ជិត​កន្លែងវារស់​នៅមិនមាន​មនុស្សរស់នៅ។ ចំណែក​​មូស​ខ្លា​ញី​មួយ​អាច​ខាំ​មនុស្ស​ពីពីរ​ទៅ​បី​នាក់​ដើម្បី​ចម្អែត​ពោះ​របស់វា និង​ចិញ្ចឹម​ពង​។

លោក​ឲ្យដឹងទៀតថា​មូសខ្លាញី​មួយ​ក្បាល​អាច​ពងបានចំនួន​៣០០​ពង និង​ថា​ពង​ញាស់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ឬ​ត្រឹម​១២​ថ្ងៃ​បើ​អាកាសធាតុ​កាន់តែក្ដៅ។ លោក​បញ្ជាក់ថា៖ «​បើ​សិនជា​មាន​ភ្លៀង​ហើយក្ដៅៗនោះ​វដ្ដ​បង្កកំណើត​របស់​មូស​ខ្លា​ក៏កាន់តែ​ខ្លី»។

លោក​អះអាងថា​មូសខ្លាមាន​លទ្ធភាព​ចម្លងជំងឺគ្រុន​ឈាម​បាន​ពេញ​មួយ​ឆ្នាំ​គ្រាន់តែថា​នៅ​រដូវ​ភ្លៀង​មាន​លទ្ធភាព​ពីរ​ដង​ខ្ពស់ជាង​រដូវ​ប្រាំង។ លោក​បន្តថាបើ​សិនជា​អាកាសធាតុ​កើនឡើង​ក្ដៅ​មួយ​ដឺក្រេ​លទ្ធភាព​ចម្លង​ជំងឺគ្រុន​ឈាម​កើនឡើង​២០ភាគរយ ហើយ​បើ​ចំនួន​ទឹក​ភ្លើង​កើន​ឡើង​១មីលីម៉ែត្រ​នោះ​លទ្ធភាព​ចម្លង​កើន​ឡើង​រហូត​ដល់​៣០​ភាគ​រយ បើ​ធៀបទៅ​នឹង​ពេលធម្មតា។​

លោក​បញ្ជាក់ថា​មូសខ្លាញី​ចូលចិត្ត​រស់នៅ​ក្នុង​កន្លែង​ដក់ទឹក​ដែល​គ្មាន​ក្លិន​ស្អុយ ដូចជានៅក្នុងអាង ពាង និងសម្បក​កង់រថយន្ត​ជាដើម​ ហើយថា​គ្រាន់តែ​សម្បក​កង់រយន្តមួយអាច​ផ្ទុក​ដង្កួវទឹក​រហូត​ដល់​៥០០០ ហើយ​​កន្លែងដែលគ្មាន​ពន្លឺចេញ​ចូល​បានជាកន្លែងដែល​វាចូលចិត្ត​នៅ​ផងដែរ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់