• 2019-07-01 09:55:00
  • ការអប់រំ

អង្គប្រជុំគំរូអង្គការសហប្រជាជាតិ ទីក្រុងភ្នំពេញលើកទី៦ បានបញ្ចប់ដោយជោគជ័យ

  • 2019-07-01 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗទៅនេះ អង្គប្រជុំគំរូអង្គការសហប្រជាជាតិ ទីក្រុងភ្នំពេញលើកទី៦ (6thPhnom Penh Model United Nations) ដែលបានរៀបចំឡើងដោយ ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទ “ស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសវេណេស៊ុយអេឡា” (Current Situation in Venezuela) ត្រូវបានបញ្ចប់ដោយទទួលបានភាពជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលបានចូលរួម។

កិច្ចប្រជុំគំរូនេះបានប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម មាស គឹមហេង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត វណ្ណ ម៉ូនីរត្ន័ នាយករងនៃវិទ្យាស្ថានភាសាបរទេស ព្រមទាំងសាស្រ្តាចារ្យ ម្ចាស់ឧបត្ថម្ភកម្មវិធី សិស្សនិស្សិត និងសាធារណជនសរុបប្រមាណជាង ៤៥០នាក់។

កិច្ចប្រជុំគំរូអង្គការសហប្រជាជាតិទី៦ក្រុងភ្នំពេញ ប្រជុំដោយក្រុមនិស្សិតចំនួន៣០រូប ដែលដើរតួជាគណៈប្រតិភូតំណាងឲ្យប្រទេសទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ក្នុងកិច្ចចាប់ផ្តើមនៃអង្គប្រជុំគំរូនេះ គណៈប្រតិភូគំរូតំណាងប្រទេសនីមួយៗបានឡើងថ្លែងសន្ទរកថាលើគោលនយោបាយ ព្រមទាំងនីតិវិធីដែលជាគោលជំហររបស់ប្រទេសខ្លួន ក្នុងការដោះស្រាយវិបត្តិ និងភាពតានតឹងក្នុងប្រទេសវេណេស៊ុយអេឡា។ ការពិភាក្សារកដំណោះស្រាយនេះមានសភាពតានតឹង ដោយសារតែគោលនយោបាយ និងនីតិវីធីរបស់ប្រទេសជាសមាជិក ជាពិសេសសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ផ្ទុកនូវអត្ថន័យ ចម្រូងចម្រាស់ ដែលធើ្វឲ្យសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខកាន់តែមានភាពលំបាកក្នុងការអនុម័ត។ មិនត្រឹមតែប៉ុណ្ណោះ គណៈប្រតិភូគំរូក៏មានឱកាសក្នុងការពិភាក្សាជាមួយនឹងទីប្រឹក្សាដែលត្រូវបានជ្រើសរើសដោយអ្នករៀបចំកម្មវិធី ដើម្បីជួយជ្រោមជ្រែងក្នុងការស្វែងរកសេចក្តីសម្រេចដ៏សមប្រកបមួយ ដើម្បីដោះស្រាយបញ្ហាទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសវេណេស៊ុយអេឡា ព្រោះសេចក្តីសម្រេចនោះអាចនឹងប៉ះពាល់ដល់គោលនយោបាយរបស់ប្រទេសមហាអំណាចមួយចំនួន ដែលជាសមាជិកអចិន្ត្រៃយ៍។

បន្ទាប់ពីកម្មវិធីនេះបានបញ្ចប់ទៅ គណប្រតិភូតំណាងទាំង៣០រូបបានបញ្ចេញនូវសេចក្តីសប្បាយរីករាយដែលពួកគេបានចូលរួមយ៉ាងសកម្ម ដែលជាចំណែកមួយជុំរុញឲ្យសន្និសីទនេះដំណើរការបានដោយជោគជ័យលើសពីការរំពឹងទុក។ គួរបញ្ជាក់ថាប្រតិភូតំណាងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាល និងដំបូន្មានពីសំណាក់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ យ៉ាងយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន និងផ្តល់ដំបូន្មាន។ ប្រតិភូគំរូតំណាងនៃប្រទេសឥណ្ឌូនេស៊ីម្នាក់បានបញ្ជាក់ថា “ក្រោយពីបានដើរតួជាគណប្រតិភូតំណាងហើយខ្ញុំគិតថាខ្ញុំនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងបញ្ហាទូទៅនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយខ្ញុំក៏បានជំនះលើភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈម្តងបន្តិចៗ រហូតដល់ទទួលបាននូវទំនុកចិត្តផងដែរ”។

ចំណែកឯ ប្រតិភូគំរូតំណាងនៃប្រទេសប៉ូឡូញវិញ ក៏បានលើកឡើងដែរថា “ខ្ញុំអរគុណជាខ្លាំងដល់អង្គប្រជុំគំរូអង្គការសហប្រជាជាតិ ទីក្រុងភ្នំពេញលើកទី៦នេះ ដែលបានផ្តល់ឲ្យខ្ញុំនូវបទពិសោធន៍ក្នុងការធ្វើកិច្ចពិភាក្សាការទូតជាន់ខ្ពស់ ហើយក៏ពង្រឹង និងបណ្តុះភាពជាមេដឹកនាំ”។

បើទោះបីជាកិច្ចប្រជុំគំរូនេះត្រូវបានបញ្ចប់ក៏ពិតមែន តែមានមតិសរសើរជាច្រើនបានលើកឡើងពីសំណាក់សាធារណជនដែលបានចូលរួម។ ជាក់ស្តែងណាស់ យុវតីម្នាក់បានលើកឡើងថា “សន្និសីទគំរូឆ្នាំនេះគឺពិតជាលើសពីការរំពឹងទុករបស់ខ្ញុំ ដោយសារតែការរៀបចំរបស់ក្រុមការងារ និងការខិតខំប្រឹងប្រែងរបស់គណប្រតិភូគំរូដ៏មានវិជ្ជាជីវៈដែលបានធ្វើអោយកម្មវិធីនេះមានភាពខុសប្លែកពីឆ្នាំមុនៗ”។ មិនត្រឹមតែប៉ណ្ណោះ គាត់ក៏បានបន្តថា “ការបង្កើតឡើងឲ្យមានការពិភាក្សារវាងគណប្រតិភូគំរូតំណាង និងទីប្រឹក្សាគឺពិតជាមានសារសំខាន់ ព្រោះវាមិនត្រឹមតែផ្តល់ឱកាសដល់និសិត្ស និងអ្នកចូលរួមទេ ប៉ុន្តែក៏បានពិភាក្សាទៅលើគោលនយោបាយដាក់ចេញពីប្រទេស ព្រមទាំងញ៉ាំងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក”។

អ្វីដែលគួរអោយស្ញប់ស្ញែងនោះគឺ គាត់រំពឹងរងចាំនៃការត្រលប់មកវិញនៃអង្គប្រជុំគំរូអង្គការសហប្រជាជាតិ ក្រុងភ្នំពេញលើកទី៧ (7th Phnom Penh Model United Nations) នៅឆ្នាំក្រោយទៀត ដែលអាចភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីដើម្បីធ្វើអោយកម្មវិធីនេះដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងទូទៅទាក់ទងទៅនឹងអភិបាលកិច្ចសកល។

កម្មវិធីនេះអាចរៀបចំទៅបានយ៉ាងរលូនក៏ដោយសារទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Prudential, ICE WATCH, CAM-PAINT និង Coca Cola ព្រមទាំងមានការសហការផ្សព្វផ្សាយជាមួយ Sabay, WEduShare និងស្ថានីយទូរទស្សន៍ PNN ។

អត្ថបទ៖ Khun Pisith

មតិយោបល់