• 2019-07-01 04:14:26
  • ព័ត៌មាន

គួរឲ្យរន្ធត់! ស្លាប់អ្នកដំណើរទាំងអស់ ១០​នាក់​ ក្រោយធ្លាក់យន្ដហោះឯកជននៅតិចសាស់

  • 2019-07-01 04:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ទាំង​អស់ ១០​នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​ធ្លាក់​យន្ដហោះ​ឯកជន​មួយ​នៅ​ព្រលានយន្ដហោះ​ទីក្រុង Addison រដ្ឋតិចសាស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​អ្នក​នាំ​ពាក្យ​ទីក្រុង​លោក Ed Martelle ឲ្យ​ដឹង​ថា​យន្ដហោះ​ឯកជន​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ព្រលាន​បន្ដិច ក៏​ស្រាប់​តែ​ហោះ​បុក​ឃ្លាំង​ដាក់​យន្ដហោះ​បណ្ដាល​ឲ្យ​ឆាបឆេះ​ជា​អណ្ដាត​ភ្លើង​កាល​ពី​ព្រឹក​ម៉ោង ៩​នៅ​ក្នុង​តំបន់។ យន្ដហោះ​នេះ ត្រូវ​រំពឹង​ថា​នឹង​ហោះ​ចេញ​ពី​ទីក្រុង Addison ទៅ​កាន់ St. Petersburg រដ្ឋ​ផ្លររីដា ប៉ុន្តែ​ជា​អកុសល​ក៏​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​យន្ដហោះ​ចំនួន ១០​នាក់​បាន​បាត់​បង់​ជីវិត។ ក្រោយ​កើត​ហេតុ ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ បាន​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាម​ៗ និង​បាន​ពន្លត់​ភ្លើង​ទាន់​ពេលវេលា។

យ៉ាង​ណា​មិញ អត្តសញ្ញាណ​នៃ​ជន​រងគ្រោះ​ទាំង​អស់ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ទេ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​ក្រុម​ប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន (NTSB) បាន​បញ្ជូន​ភ្នាក់​ងារ​របស់​ខ្លួន​ដើម្បី​ទៅ​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​ដ៏​អាក្រក់​ដូច្នេះ​កើតឡើង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់