• 2019-07-01 07:28:11
  • ព័ត៌មាន

យកចិត្តទុកដាក់លើការយកចិត្តទុកដាក់

  • 2019-07-01 07:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

អត្ថបទនេះជាផ្នែកមួយនៃ គម្រោងអុីនធឺណែត ដែលជាក្រុមអត្ថបទមួយក្រុម ដែលយើងព្យាយាមស្វែងយល់ពីឥទ្ធពលរបស់ អុីនធឺណែតមកលើផ្នែកផ្សេងៗនៃជីវិតរបស់យើង!

អូខេ តោះ! មុនពេលយើងចូលដល់សាច់រឿង ខ្ញុំចង់សាកឲ្យអ្នកធ្វើតេស្តមួយសិន… មិនថាអ្នកកំពុងធ្វើអ្វីខ្លះទេ រើសតែរឿងមួយមកធ្វើបានហើយ។ អ្នកខ្លះកំពុងរៀនបណ្តើរ អានបណ្តើរ លាងចាន ឬលួចមើលរឿងកូរ៉េពេលធ្វើការបណ្តើរ។ សាករើសយករឿងណាមួយ ហើយធ្វើតែវាមួយហ្នឹងបានហើយ។

ឈប់ដៀងភ្នែកមើលរឿង ពេលប្រឹងបន្លំធ្វើដូចខ្លួនកំពុងយកចិត្តទុកដាក់ផ្ញើអុីម៉ែលណាស់អញ្ចឹង។ ធ្វើតែមួយបានហើយ បើមើលរឿង ឈប់សរសេរអុីម៉ែល បើតែងអុីម៉ែល ឈប់មើលរឿង!

សាកធ្វើហើយនៅ? អូខេ តោះបន្ត។

អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអីបានជាតេស្តអីចម្លែកអញ្ចឹង? មិនមែនថាពួកយើងមិនគាំទ្ររឿងភាគកូរ៉េ ហើយចង់ឲ្យអ្នកឈប់មើលវានោះទេ តែធ្វើនេះគ្រាន់តែចង់ឲ្យអ្នកឃើញថា ខ្លួនអាចផ្ចង់ស្មារតីបានដល់កម្រិតណាទៅលើ…ជីវិត។ វា​មិនដែល! គ្រាន់តែអង្គុយធ្វើការ សរសេរអុីម៉ែល និងមើលរឿងភាគសោះ មកទាក់ទងអីដល់ជីវិតយើងទាំងមូល? ដូចហួសពេកហើយដឹង?

ពេលយើងនិយាយពាក្យថាជីវិតមួយម៉ាត់ យើងគិតដល់ពេលអស្ចារ្យ ប្លែកៗមានតែម្តងពីរដងក្នុងជីវិត ដូចពេលយើងលេងឈ្នះមេពិបាកមួយក្នុងហ្គេម ឬផ្ទឹមសំពះរៀបការជាមួយគូអនាគតយើងជាដើម។ តែតាមពិត បើគិតឲ្យសព្វៗទៅទៅ រឿងរ៉ាវទាំងនោះវាស៊ីភាគតិចណាស់ ក្នុងជីវិតទាំងមូលរបស់យើង។ មួយភាគធំនៃជីវិតរបស់យើង គឺយើងយកទៅធ្វើរឿងតូចតាច ដូចជាឈរលាងចាន ផ្ញើអុីម៉ែល ឬស្តាប់ចម្រៀងបណ្តើរ ចាំឡានក្រុងបណ្តើរនោះទេ។

មនុស្សធម្មតា គ្រាន់តែឲ្យមកផ្ចង់អារម្មណ៍លើរឿងតូចតាចដូចនេះ តែមួយភ្លែត ក៏ចាប់ផ្តើមរកកលធុញហើយ។ គ្រប់ពេលគ្រប់វេលា ខួរក្បាលរបស់យើងតែងវិលវល់ទៅរកខ្មោចនៃរឿងអតីតកាល ឬផ្សែងនៃរឿងអនាគតមិនដែលខាន។ តែកុំបន្ទោសខ្លួន​ឯងអី ព្រោះនេះជារឿងធម្មតាសម្រាប់មនុស្សលោកប៉ុណ្ណោះ។ តាមពិតទៅ ខួរក្បាលរបស់យើងវាវិវត្តមក ធ្វើយ៉ាងណាឲ្យយើងឆាប់បែកអារម្មណ៍ ដោយសារយើងគ្មានចង្កូមវែង ក្រញ៉ាំស្រួចទៅឈ្នះសត្វព្រៃសាហាវផ្សេងៗឡើយ រួចធ្វើយ៉ាងណាទើបយើងអាចរស់នៅក្នុងព្រៃ ហើយរក្សាជីវិតរហូតមកដល់ជំនាន់នេះបាន បើយើងមានស្បែករលោង ហើយកម្លាំងខ្សោយយ៉ាងនេះ ធ្វើយ៉ាងណាទើបវាយឈ្នះខ្លា តោ និងកញ្ជ្រោងដែលនៅពាសព្រៃ?

ចម្លើយគឺយើងមិនបានវាយប្រយុទ្ធជាមួយពួកវាទេ។ យើងរត់ដាក់មេផាយសឹងតែគ្រប់ពេល! ដោយសារយើងពូកែសង្កេតឃើញការផ្លាស់ប្តូរក្នុងបរិយាកាសនោះឯង ដែលធ្វើឲ្យយើងរវៀស រត់គេចបានរហ័សហ្នឹង!

«មានសម្លេងក្រោកៗនៅម្តុំស្លឹកឈើនោះមែន? តោះឈប់នៅរូងភ្នំនេះទៀត កនយើង!»

«ឯងថា ឯងឃើញស្រមោលគួរឲ្យខ្លាចនៅក្រៅមែន? តោះ តោះ តោះ! លាហើយរូងចាស់ សួស្តីរូងថ្មី!»

ប្រហែលជាឆ្ងល់ហើយថា បើសិនជាមនុស្សពូកែបែកអារម្មណ៍យ៉ាងនេះ តើហេតុអីបានជាគ្រូអ្នកនិយាយតែពីរឿងដដែលៗ បានដល់ទៅពីរ បីម៉ោងមិនឃើញបែកអារម្មណ៍ទៅណាសោះ?

លោក នីកូឡាស ខា (Nicholas Carr) ជាអ្នកនិពន្ធសៀវភៅ មនុស្សរាក់ (The Shallows) បានអះអាងថា នៅប្រមាណ ១០ ០០០ ឆ្នាំចុងក្រោយនេះ​ បើនិយាយពីទម្រង់ខួរក្បាលរបស់មនុស្សយើង មិនសូវមានការផ្លាស់ប្តូរច្រើនទេ តែការប្រើប្រាស់របស់វាបានប្តូរច្រើនមែនទែន! សាកស្រម៉ៃថាអ្នកជួបនិយាយជាមួយមនុស្សម្នាក់ពី ៤០ ០០០ ឆ្នាំមុនមើល៎! បើចង់ដឹងថាយ៉ាងម៉េចនោះ មិនបាច់ទៅមើលឆ្ងាយទេ សាកគិតដល់ពេលដែលអ្នកបានជួបនិយាយជាមួយចាស់ៗ ដែលមកពីជំនាន់មួយ ឬពីរជំនាន់មុនយើងទៅមើល! ពួកគាត់មានគំនិត យោបល់ និងរបៀបគិតខុសពីយើង ឡើងដល់ពេលខ្លះ សឹងតែនិយាយគ្នាមិនចុះ មិនយល់គ្នាផង។

ចុះទម្រាំជួបជាមួយពូម្នាក់ដែលមានអាយុជាង ៤០ ០០០ ឆ្នាំទៀត? ខ្ញុំគិតថា ចំនុចខុសគ្នាធំបំផុតរវាងយើងទាំងពីរ គឺត្រង់យើង​ចេះសរសេរ និងអាន។ គិតមើលទៅ​ យើងឡើងដល់ថ្នាក់បែងចែកប្រវត្តិសាស្ត្រជាពីរផ្នែកធំៗគឺ បុរេប្រវត្តិ (ពេលមិនទាន់មានអក្សរ) និង ប្រវត្តិសាស្ត្រ (ក្រោយពេលមានអក្សរ)! សម្រាប់យើងអ្នកចេះអាន ចេះសរសេរ យើងមិនដែលយកមកគិតថាតើសមត្ថភាពនេះប្រសើរអស្ចារ្យដល់ថ្នាក់ណានោះទេ ហើយក៏មិនដែលគិតថាវាអាចជួយសូនខួរក្បាលយើងដល់កម្រិតណាផង​ដែរ។ មុននឹងបកស្រាយថាវាសូនតាមរបៀបណា យើងគួរដឹងពីប្រភេទការអានខុសៗគ្នាចំបងពីរនេះសិន៖

១. ការអានរាក់៖ ក្នុងសៀវភៅ អូសទៅមុខ (Scrolling Forward) របស់លោក ដេវីឌ ឡឺវី (David Levy) គាត់បានអះអាងថា អ្នកដែលចេះអាន យើងអានរហូតឥតឈប់ឥតល្ហែរ ពេលខ្លះអានទាំងមិនដឹងខ្លួនទៀតផង! ឧទាហរណ៍ដូចពេលតាមផ្លូវ យើងក្រឡេកភ្នែកអានផ្លាកហាង អានរូបពាណិជ្ជកម្ម (ដែលតែងតែមានគេប្រកបអក្សរខុសយ៉ាងហោចណាស់ក៏មួយដែរ) ជាដើម។

២. ការអានជ្រៅ៖ នេះហើយជាការអានដែលតម្រូវឲ្យយើងផ្ចង់អារម្មណ៍ជាងគេ ដូចជាពេលយើងអានសៀវភៅពុម្ព ឬ សៀវភៅប្រលោមលោក ឬ សារដ៏មហាវែងដែលសង្សារចាស់យើងផ្ញើមកឲ្យយើងយប់មិញជាដើម។

រូបភាពបានមកពី៖ អាឡិចសាន់ដ្រា ហ្ស៊ុតតូ (Alexandra Zutto)

ការអានជ្រៅ មិនត្រឹមតែជួយបង្កើនចំណេះយើងនោះទេ តែវាថែមទាំងផ្លាស់ប្តូរទម្រង់ខួរក្បាលរបស់យើងទៀតផង! អ្នកនាង នីកូល ស្ពៀរ និងក្រុមការងារគាត់បានធ្វើការពិសោធន៍មួយ ដើម្បីតាមដានខួរក្បាលយើងពេលយើងអានរឿង។ ពួកគាត់រកឃើញថា ពេលយើងអានពីសកម្មភាព ឬអារម្មណ៍ណាមួយ ខួរក្បាលរបស់យើង វាគិតថា យើងកំពុងតែធ្វើសកម្មភាព ឬមានអារម្មណ៍នោះមែនទែនតែម្តង! សម្រាប់ខួរក្បាលយើង ការអាន និងការធ្វើមិនខុសគ្នានោះទេ។ ពេលយើងអានរឿងគេសើចសប្បាយ វាហាក់ដូចរឿងនោះកើតឡើងមកលើយើងអញ្ចឹង។

មិនត្រឹមតែប៉ុណ្ណោះទេ ពេលអានចប់ ខួរក្បាលយើងថែមទាំងបញ្ចូលបទពិសោធន៍ទាំងនេះទៅក្នុងការចងចាំរយៈពេលវែង ធ្វើដូចវាជាបទពិសោធន៍ជីវិតរឿងយើងផ្ទាល់អញ្ចឹង។ នេះសម្រាប់អ្នកខ្លះដែលសុខៗ គិតចង់ខាំកញ្ចឹងកគេ ប្រហែលមកពីអានរឿងបិសាចជញ្ជក់ឈាមច្រើនពេកហើយមើលទៅ…

លោក នីខូឡាន ខា (Nicholas Carr) អះអាងថែមទៀតថា ពេលដែលសង្គមមនុស្សមួយចេះតែអានច្រើនគ្នាទៅៗ ដូចសង្គមខាងផ្នែកអ៉ឺរ៉ុបជាដើម ការដែលយើងផ្ចង់អារម្មណ៍រាល់ពេលដើម្បីអានជ្រៅនោះ វាជួយសូនខួរក្បាលយើងពីចិត្តដែលងាយបែកអារម្មណ៍ ទៅឲ្យអារម្មណ៍មូលទៅវិញ (មូលដល់ថ្នាក់យើងពេលខ្លះលែងខ្វល់ លែងដឹងពីអ្វីនៅជុំវិញខ្លួនក៏មាន)។

ការផ្លាសប្តូរពីចិត្តងាយបែក ទៅចិត្តមូលនេះត្រូវការពេលរាប់រយឆ្នាំដើម្បីផ្លាស់ប្តូរ។ តែពេលនេះយើងលែងអានតែសៀវភៅហើយ នៅពីរទសវត្សរ៍ចុងក្រោយនេះ យើងចាប់ផ្តើមប្រើប្រាស់អុីនធឺណែតច្រើនមែនទែន ដែលអ្នកខ្លះគិតថា វាជាចំនុចរបត់មួយទៀត ដែលអាចមានឥទ្ធពលមហាសាលលើសតិរបស់យើង។ ពីមុន ស្មេរអាចតែងកំណាព្យមួយរាប់ពាន់វគ្គដើម្បីនិទានតែពីរឿងមួយទេ តែសម័យនេះវិញ អ្នកផ្សាយពាណិជ្ជកម្មមិនហ៊ានថតវីដេអូឲ្យលើសពី ៥ នាទីទេ ព្រោះយូរពេកគ្មាននរណាគេមើលឡើយ។ ហេតុអ្វីបានជាគេមានអារម្មណ៍អានកំណាព្យរាប់ពាន់វគ្គពីសម័យមុន តែគ្មានអារម្មណ៍មូលសម្រាប់វីដេអូតែ ៥ នាទីនាសម័យនេះ? តែេនះគ្រាន់តែជាឧទាហរណ៍តូចមួយប៉ុណ្ណោះ តោះទៅមើលកត្តាធំៗបីដែលទទួលរកឥទ្ធពលពីអុីនធឺណែត៖

១. ទម្លាប់អាន៖

មនុស្សភាគច្រើនគិតថា ពេលអានគឺអានហើយ ទោះអានលើអេក្រង់ក្តី ឬលើក្រដាសក្តី… បើដូច្នេះមែន ការអានលើអុីនធឺណែត មិនខុសអ្វីពីការអានសៀវភៅទេ។ តែពេលគេពិសោធន៍ទៅ គំនិតនេះត្រឹមត្រូវឬអត់?

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

មតិយោបល់