• 2019-07-04 07:55:34
  • ការអប់រំ

កំពូល​សិស្ស​និទ្ទេស​ A ទាំង ៣ លំដាប់ កាល​​ឆ្នាំ​មុន ទៅ​ដល់​ណា​អស់​ហើយ?

  • 2019-07-04 07:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លទ្ធផល​បាក់​ឌុប​ឆ្នាំ​ ២០១៨​ ប្រកាស​ជា​លើក​ទី​ ២​ ក្រោយ​ពី​មាន​ការ​តវ៉ា​យ៉ាង​ច្រើន​ពី​សំណាក់​សិស្សានុសិស្ស​នោះ  រូបភាព​សិស្ស​និទ្ទេស​ A​ លំដាប់​ពិន្ទុ​កំពូល​ៗ​ ជា​ពិសេស​ចំពោះ​សិស្ស​លំដាប់​ពិន្ទុ​ទី​ ១​ ទី​ ២​ និង​ទី ​៣ ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ ហ្វេស​ប៊ុក​ ព្រម​ទាំង​បាន​ទទួល​ការ​ស្ងើច​សរសើរ​ពី​ប្រជាជន​ខ្មែរ​ទៀត​ផង។

ទោះ​បី​ជា​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ខណៈ​ពេល​នោះ​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ព័ត៌មាន​ផ្សេង​ៗ​របស់​អ្នក​ទាំង​ ៣​ បាន​បាត់​ទៅ​វិញ​បន្តិច​ម្ដង​ៗ​ពី​ភ្នែក​សាធារណៈ​ជន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​ចង់​ដឹង​ ជា​ពិសេស​សិស្ស​ទី​ ១២​ កំពុង​ត្រៀម​ប្រលង​បាក់​ឌុប​ក្នុង​ឆ្នាំ​នេះ​ថា​ តើ​ពួក​គេ​ទាំង​ ៣​ នាក់​ នៅ​ពេល​នេះ​ដើរ​ដល់​ដំណាក់​កាល​ណា​ហើយ​។

ខាង​ក្រោម​នេះ​ ជា​ព័ត៌មាន​បច្ចុប្បន្ន​ភាព​របស់​សិស្ស​ឆ្នើម​និទ្ទេស​ A​ លំដាប់​កំពូល​ទាំង​ ៣​៖

១. កញ្ញា​ ថល​ រតនា​

បន្ទាប់​ពី​បដិសេធ​មិន​ទទួល​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ សិស្ស​ឆ្នើម​និទ្ទេស​ A​ លំដាប់​ពិន្ទុ​ ១០០.០០​ មក​ពី​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​រូប​នេះ​ កំពុង​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​របស់​ខ្លួន​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​ ផ្នែក​វេជ្ជសាស្ត្រ​។

ចំពោះ​ការ​រៀន​សូត្រ​នៅ​សាកលវិទ្យាល័យ​វិញ​ រតនា​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មាន​ការ​លំបាក​ទៅ​លើ​មុខវិជ្ជា​មួយ​ចំនួន​ធំ​ ពី​ព្រោះ​មុខ​វិជ្ជា​ទាំង​អស់​នោះ​ត្រូវ​សិក្សា​យ៉ាង​លម្អិត​មាន​ការ​ស្រាវជ្រាវ​ច្រើន​ ហើយ​ជា​ពិសេស​ក្នុង​ ១​ មុខវិជ្ជា​ត្រូវ​បង្រៀន​ដោយ​គ្រូ​ច្រើន​នាក់​។

ដោយ​សារ​តែ​ការ​ប្រលង​សញ្ញាប័ត្រ​ មធ្យម​សិក្សា​ទុតិយភូមិ​ ជិត​មក​ដល់​ហើយ​នោះ​ កញ្ញា​បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​សិស្ស​ទី​ ១២​ ទាំង​អស់​ថា​៖​ «នៅ​ពេល​កំពុង​ប្រលង​ ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ ជឿ​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ និង​ត្រូវ​ចង​ចាំ​ថា​ យើង​ជា​អ្នក​កំណត់​វាសនា​ខ្លួន​ឯង​ សូម​ជូន​ពរ​ឲ្យ​ប្អូន​ៗ​សម្រេច​ជោគជ័យ​ទាំង​អស់​គ្នា​»។

២. លោក​ ប៉េង​ ម៉េង​ហេង

សព្វ​ថ្ងៃ​នេះ​ អតីត​សិស្ស​ឆ្នើម​និទ្ទេស​ A​ នៃ​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​ទី​ ៧​ ប៉េង​ ម៉េង​ហេង កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​មហាវិទ្យាល័យ​ Skyline​ ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ San Bruno ​នៃ​រដ្ឋ​ California​ ហើយ​មូល​ហេតុ​ ដែល​គេ​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​នេះ​ ដោយ​សារ​តែ​រូប​គេ​ផ្ទាល់​ចូល​ចិត្ត​កុំព្យូទ័រ​តាំង​ពី​តូច​ ហើយ​ក៏​ចង់​ដឹង​ពី​របៀប​ដំណើរ​ការ​នៃ​ការ​សរសេរ​កូដ​ផង​ដែរ​។

ចំពោះ​ស្ថានភាព​រៀន​សូត្រ​នៅ​ មហាវិទ្យាល័យ​ Skyline​ យុវជន​ម្នាក់​នេះ​ បាន​រៀប​រាប់​ថា​ ខ្លួន​គេ​មាន​ការ​ពិបាក​ក្នុង​ការ​ចុះ​សម្រុង​ទៅ​នឹង​បរិបទ​ថ្មី​ ហើយ​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​ទាំង​អស់​ដោយ​ពុំ​មាន​​ឪពុក​ម្ដាយ​មក​ចាំ​ជួយ​ទៀត​ឡើយ​​ ហើយ​​ណា​មួយ​នឹក​ផ្ទះ​ ដូច្នេះ​ធ្វើ​ឲ្យ​បាត់​បង់​អារម្មណ៍​រៀន​សូត្រ​។

នៅ​ពេល​សួរ​ទៅ​ដល់​គម្រោង​នៅ​ពេល​រៀន​ចប់​ ម៉េង​ហេង​ បាន​ឆ្លើយ​ថា​៖«​ពេល​ចប់​ ខ្ញុំ​គិត​ថា​ ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ព្រោះ​ខ្ញុំ​ចង់​យក​ចំណេះ​ និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​ មក​ចូល​រួម​ជំរុញ​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ជឿន​លឿន​»។

៣. កញ្ញា តែ ស៊ូ​ចេង

ជា​សិស្ស​និទ្ទេស​ A​ មួយ​រូប​ ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ ហ្វេស​ប៊ុក សរសើរ​មិន​ដាច់​ពី​មាត់​កាល​ពី​ឆ្នាំ​មុន​ថា​ ស្អាត​ហើយ​រៀន​ពូកែ​ទៀត​នោះ​ អតីត​សិស្ស​ទី​ ១២​ នៃ​វិទ្យាល័យ​អន្តរជាតិ​សិង្ហបុរី​រូប​នេះ​ កំពុង​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​របស់​ខ្លួន​លើ​មុខ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៅ​ សាកល​វិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​ និង​ថ្នាក់​បរិញ្ញាបត្រ​ អក្សរសាស្ត្រ​អង់គ្លេស​ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​។

ថ្វី​បើ​កញ្ញា​ជា​សិស្ស​និទ្ទេស​ A​ ក៏​ពិត​មែន​ ប៉ុន្តែ​កញ្ញា​នៅ​តែ​មិន​ទាន់​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​សិក្សា​ដោយ​ខ្លួន​ឯង​បាន​ឡើយ​ ចំពោះ​ការ​រៀន​បែប​កម្រិត​ឧត្តម​សិក្សា​​​នៅ​ឡើយ​ទេ។ ចំពោះ​គម្រោង​នៅ​ពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ យុវតី​រូប​នេះ​​លើក​ឡើង​ថា​ មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​នោះ​ទេ៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់