• 2019-07-06 01:00:00
  • សុខភាព

មុន​​ផឹក​ស្រា គួរ​ញ៉ាំអាហារ ៦ ប្រភេទ​នេះសិន​ បើ​មិន​ចង់ពិបាក​ខ្លួន ឬ​ឆាប់​ស្រវឹង

  • 2019-07-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​អាច​មាន​អាការៈ​វិល​មុខ ខ្លះ​ចង់​ក្អួត​ ធីងធោង​​មិនសូវស្វាង ដោយសារតែផឹក​ស្រាពេល​​ពោះទទេរ​។ ម្យ៉ាង​​ការ​ទទួលទាន​ជាតិ​ស្រវឹង​ពេល​គ្មាន​អាហារ​ចូល​ពោះ​​សោះ អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រវឹង​ខ្លាំង ហើយ​បង្កជា​គ្រោះ​ថ្នាក់​ធំ​នា​ពេល​អនាគត​ទៀត​ផង​។ ដូចនេះ​​​អ្នក​គួរ​​បំប៉ន​អាហារ​សម្រន់​​ខ្លះ ហើយ​ទាំង​នេះ​ជា​ប្រភេទ​អាហារ​ទាំង​ ៦ ដែល​ល្អ​បំផុត​សម្រាប់​ញ៉ាំ​មុន​ពេល​ផឹក​ស្រា។

១. ស៊ុត

ស៊ុតមាន់ ឬស៊ុតទា​គឺ​ជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ជួយ​បង្អាក់​ការ​ស្រូប​យក​ជាតិ​អាល់កុល និង​កាត់​បន្ថយ​ភាព​គ្រោះថ្នាក់​នៃ​អាល់កុល។

២. ផ្លែ​ចេក

ផ្លែ​ចេក​មិន​ត្រឹម​តែ​ស្រួល​រក តម្លៃ​សមរម្យ​នោះ​ទេ តែ​ក៏​មាន​គុណ​ប្រយោជន៍​ខ្ពស់​ទៀត។ ផ្លែ​ចេក​ គឺ​ជា​អាហារ​សម្រន់​ល្អ​ឥត​ខ្ចោះ​ដែល​ជួយ​កាត់​បន្ថយ​ការ​ស្រូប​ជាតិ​អាល់កុល​ក្នុង​ចរន្តឈាម​។ លើស​ពី​នេះ​ទៅ​ទៀត ចេក​មាន​ប៉ូតាស្យូម​ខ្ពស់​ដែល​អាច​ជួយ​រារាំង​អតុល្យភាព​អេឡិចត្រូលីត​។ ហើយ​ក្នុង​ផ្លែ​ចេក​មួយ​ផ្លែ​មាន​ជាតិ​ទឹក​ដល់​ទៅ ៧៥% ដូចនេះ​ចេក​អាច​រក្សា​ជាតិទឹក​ក្នុង​ខ្លួន​អ្នក​ដល់ទៅ​ ១០%។

៣. ត្រីសាម៉ុន

ប្រភេទ​ត្រី​សាម៉ុន​ថ្វី​ត្បិត​តែ​ថ្លៃ​បន្តិច​ ប៉ុន្តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ត្រី​សាម៉ុន មាន​ជាតិ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​អាច​​កាត់​បន្ថយ​ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ជាតិ​អាល់កុល​ និង​​ការ​រលាក​ក្នុង​ខួរក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ផឹក​ស្រា​ច្រើន។

៤. ផ្លែ​ប៊័រី

ប្រភេទ​ផ្លែ​ប៊័រី ​ដូចជា​ផ្លែ​ស្រ្តប៊េរី ឬ​ ប្លូប៊េរី​ មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​​ ដូចជា​ជាតិ​កាកសសៃ (fiber) ម៉ង់ហ្គាណែស (manganese) វីតាមីន C និង K ជា​ដើម។ ប្រភេទ​ផ្លែឈើ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ជួយ​ឲ្យ​មាន​សំណើម​ក្នុង​ខ្លួន។ ម៉្យាង​ទៀត ប៊័រី​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​មាន​ប្រសិទ្ធ​ភាព​បង្កើន អង់ស៊ីអុកស៊ីដង់ ជា​ច្រើន​ក្នុង​ថ្លើម។

៥. ក្រូចថ្លុង

ក្រូច​ថ្លុង ​មាន​សារធាតុ​ការពារ​ការ​ខូចខាត​ថ្លើម និង​ជួយ​បង្កើន​កម្រិត​នៃអង់ស៊ីម​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​ នឹង​មុខងារ​ថ្លើម​ និង​ការ​បន្សាប​ជាតិ​ពុល។​

៦. ផ្លែ​ប៊័រ

ផ្លែ​ប៊័រ ជា​អាហារ​​ដែល​ល្អ​បំផុត​ក្នុង​​ការ​ទទួលទាន​មុន​ពេល​ញ៉ាំ​ស្រា ​​​​ព្រោះ​វា​ផ្ទុក​ដោយ​ជាតិ​ខ្លាញ់​ដែល​ជាតិ​ខ្លាញ់​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​រំលាយ​ច្រើន​ជាង​ប្រូតេអ៊ីន ឬ ជាតិ​អាល់កុល​ដែល​អាច​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​អាល់កុល​ទៅ​ក្នុង​ចរន្តឈាម៕

ប្រភព៖ healthline ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់