• 2019-07-04 07:53:55
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​អចលនទ្រព្យ៖ "វិស័យ​សំណង់​នៅ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​អំឡុង​៥ឆ្នាំ​ទៀត"

  • 2019-07-04 07:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្វី​ទៅ​នាំ​ឲ្យ​វិស័យ​សំណង់​របស់​កម្ពុជា​រក្សា​បាន​កំណើន​រឹងមាំ​ល្អ​​អំឡុង​​៥ឆ្នាំ​ទៀត​? កត្តា​ទី​១ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ល្អ​ ដោយ​ GDP អាច​រក្សា​បាន​​រង្វង់​ ៧% កត្តា​ទី ២ គឺ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​លើ​ការ​ដាក់​សម្ពាធ​ផ្សេងៗ ដូចជា EBA និង​ ទី៣ តម្រូវ​ការ​នៃ​អ្នក​ចង់​បាន​ផ្ទះ​រស់​នៅ​ នៅ​តែ​បន្ត​កើន​ឡើង ហើយ​វិនិយោគិន​បរទេស​នៅតែ​បន្ត​មក​វិនិយោគ​លើ​វិស័យ​នេះ។ ទាំង​៣​ចំណុច​នេះ ជា​ការ​លើកឡើង​របស់​ លោក ច្រឹក​ សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា បាន​ប្រាប់​ Sabay កាល​ពី​រសៀល​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ ២០១៩

លោក ច្រឹក សុខនីម បាន​បន្ថែម​ថា រហូត​មក​ទល់​នឹង​ពេល​នេះ វិស័យ​សំណង់​នៅ​កម្ពុជា​ នៅតែ​រក្សា​បាន​កំណើន​ល្អ ហើយ​អាច​ឈរ​ជើង​បាន​រយៈពេល​ ៥ឆ្នាំ​ទៀត។

«កត្តា​ដែល​រក្សា​កំណើន​ នៃ​វិស័យ​សំណង់​រឹងមាំ​ល្អ គឺ​ដោយសារ​តែ​កត្តា ស្ថាន​ភាពនយោបាយ​ល្អ GDPកើន​ឡើង​ក្នុង​រង្វង់​៧ភាគរយ បើ​មាន​បញ្ហា EBA វា​ធ្លាក់​បន្តិច ប៉ុន្ដែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ ដូច្នេះ​បរិបទ​នៅ​ស្រុកខ្មែរ វិស័យ​សំណង់​នៅ​តែ​រឹងមាំ»

ប៉ុន្តែ​ លោក ច្រឹក​ សុខនីម បាន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​កម្ពុជា​រក្សា​បាន​កំណើន​ល្អ និង​វិស័យ​សំណង់​រឹង​មាំ​ល្អ​បែប​នេះ​ក្ដី ក៏​៥ឆ្នាំ​ក្រោយ​ វិស័យ​សំណង់​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​ ដែល​ទាមទារ​ឲ្យ​មាន​ការ​វាយ​តម្លៃ​សារ​ឡើង​វិញ និង​ត្រៀម​លក្ខណៈ​សាជាថ្មី។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​រូប​នេះ​បាន​លើកឡើង​ថា ជាទូទៅ​វដ្ដ​នៃ​វិស័យ​សំណង់​ប្រែប្រួល​អំឡុង​ ៣០ឆ្នាំ​ម្ដង សម្រាប់​សាកល​លោក ហើយ​ ១៥ឆ្នាំ​ម្ដង​នៅ​អាស៊ី។ ដូច្នេះ​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​កើន​ឡើង​ខ្លាំង​លើ​វិស័យ​សំណង់ ប៉ុន្តែ​ការ​កើន​ឡើង​ដល់​កំពូល​នឹង​ធ្លាក់​ចុះ​វិញ ដែល​ទាមទារ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ និង​គិតគូរ​ឡើង​វិញ អំឡុង​៥ឆ្នាំ​ក្រោយ។

វដ្ដ​នៃ​វិស័យ​សំណង់​ដែល​នឹង​ឡើង​ដល់​កំពូល​ ហើយ​ធ្លាក់​ចុះ​មក​វិញ ដោយសារ​តែ​កត្តា​សេដ្ឋកិច្ច​ជា​សាកល ការ​ឡើង​ថ្លៃ​អចលនទ្រព្យ និង តម្រូវ​ការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​អាច​នឹង​ធ្លាក់​ចុះ​ផងដែរ។ ប៉ុន្តែ​ចរន្ត​នេះ នៅ​មិនទាន់​កើត​មាន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ អំឡុង​ពេល​៥ឆ្នាំ​នេះ។ នេះជា​ការ​លើកឡើង​របស់​ លោក ច្រឹក សុខនីម។

គួរ​កត់​សម្គាល់​ថា វិស័យ​សំណង់​ត្រូវ​បានព្យាករ​ថា​នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា ១៧,៣% និង ១៦,១% ក្នុងឆ្នាំ ២០១៩ និង ២០២០ ដោយសារ​ការ​រំពឹង​ទុក​នៃ​ការ​បន្ត​កើន​ឡើង​សំណង់​អាគារ​លំនៅឋាន​ ដែល​មាន​តម្លៃ ទាប និង​មធ្យម ព្រម​ទាំង​សំណង់​អគារ​ពាណិជ្ជកម្ម ជំនួស​ឲ្យ​កំណើន​យឺត​នៃ​សំណង់​អគារ​លំ​នៅឋាន ដែល​មាន​តម្លៃ​ខ្ពស់។

សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២០ ដែល​បាន​ចេញ​ផ្សាយ​ដោយ ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ការ​ព្យាករ​នេះ គឺ​ស្របតាម​និន្នាការ​កើន​ឡើង​ នៃ​គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ ២០១៨ ជាពិសេស​លើ​សំណង់ ដែល​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ដូចជា សណ្ឋាគារ រមណីយដ្ឋាន និង​កាស៊ីណូ ដែល​មាន​ការ​កើន​ឡើង​រហូត​ដល់ ១៦,៧ភាគរយ​ ធៀប​នឹងឆ្នាំ ២០១៧ ដែល​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ ២ពាន់​ លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់