• 2019-07-07 03:15:02
  • សុខភាព

មិនចេះក៏ត្រូវរៀនញ៊ាំ! “ឆៃថាវ”ប្រសើរចំពោះសុខភាព ទប់ស្កាត់សូម្បីមហារីក

  • 2019-07-07 03:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆៃថាវ គឺជាបន្លែមើមមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់និងធ្លាប់ទទួលទានបន្លែនេះ។ ទោះបីជាចូលចិត្ត ឬឧស្សាហ៍ទទួលទាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ឆៃថាវ មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលល្អសម្រាប់សុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានឆៃថាវ ៖

១. សុខភាពថ្លើម

ឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំទ្រមុខងារនៃថ្លើម។ ដូច្នេះកុំភ្លេចបន្ថែមឆៃថាវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ឆៃថាវ មានផ្ទុកសារធាតុ anthocyanins និង phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀត ឆៃថាវក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីសំណាក់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។

៣. ទប់ស្កាត់ព្យាបាលអាការៈទល់លាមក

នោះក៏ព្រោះតែឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។

៤. លាងសម្អាតតម្រងនោម

នោះក៏ព្រោះតែមើមឆៃថាវជាប្រភពដ៏ប្រសើរនៃសារធាតុ betaine ដែលមានលក្ខណៈសម្បត្តិ ប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។

៥. គ្រប់គ្រងជំងឺទឹកនោមផ្អែម

ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផលប៉ះពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយក្នុងការគ្រប់គ្រងការស្រូបយកនូវជាតិស្ករទៅក្នុងចរន្តឈាមដែលមានន័យថា អ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ព្រួយបារម្ភច្រើនអំពីការធ្លាក់ចុះ ឬឡើងខ្ពស់ភ្លាមៗនៃកម្រិតជាតិស្ករនៅពេលទទួលទាន។

៦. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ

ឆៃថាវមានផ្ទុកសម្បូរទៅដោយជាតិទឹក ហេតុនេះហើយទើបវាជាអាហារដ៏ល្អសម្រាប់សុខភាពដែលជួយក្នុងការរក្សាជាតិទឹក និងសំណើមក្នុងរាងកាយ។ ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អជាពិសេសសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយជួយឲ្យអ្នកជៀសផុតពីអាការៈទល់លាមក ហើយធានានូវការស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលអ្នកបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ។

៧. គ្រប់គ្រងសម្ពាធឈាម

ឆៃថាវ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។

៨. បន្សាបជាតិពុលពីក្នុងរាងកាយ

ឆៃថាវ គឺជាអាហារដ៏មានឥទ្ធិពលបំផុតមួយដែលជួយក្នុងការកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយ។ វាមានផ្ទុកនូវសារធាតុ pectin និង betaine ដែលជួយការពារប្រព័ន្ធរំលាយអាហារនិងថ្លើម។ សារធាតុគីមីទាំងនេះក៏អាចជួយសម្អាតក្នុងរាងកាយផងដែរ ដោយកាត់បន្ថយបរិមាណនៃជាតិពុលដែលរាងកាយកំពុងផ្ទុក។ បន្លែនេះ ក៏ជាប្រភពដ៏សម្បូរបែបនៃជាតិម៉ាញ៉េស្យូម ជាតិដែក កាល់ស្យូម និងជាតិស័ង្កសី ដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការកម្ចាត់ ឬបន្សាបជាតិពុលចេញពីក្នុងរាងកាយ។ លើសពីនេះទៅទៀត បរិមាណខ្ពស់នៃជាតិសសៃក្នុងឆៃថាវជួយធ្វើអោយយការរំលាយអាហារមានភាពប្រសើរឡើង និងជួយរាងកាយកម្ចាត់កាកសំណល់។

៩. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ឆៃថាវមានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលសំខាន់ចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ដោយការជំនួសកោសិកាឈាមស និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺមហារីក។

១០. ព្យាបាលដំបៅក្រពះ

ឆៃថាវ មានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែ​​​មើមនេះក្នុងរបបអាហារប្រចាំថ្ងៃជួយកម្ចាត់និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ៕

ប្រភព ៖ health.com.kh

មតិយោបល់
អត្ថបទពេញនិយម