• 2019-07-09 05:12:55
  • ព័ត៌មាន

លោក​ ហ៊ួត​ ជា ៖ មុខរបរ៧ ប្រភេទ​នឹង​អាច​​ក្ដោប​ទីផ្សារ​ខ្ពស់​ ចន្លោះ​ពី​ ៥ ឆ្នាំ​ទៅ​ ១០ ឆ្នាំខាងមុខ​

  • 2019-07-09 05:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​​សហគ្រិន​​វ័យ​ក្មេង​មួយ​រូប លោក​ ហ៊ួត​ ជា​ ​អគ្គនាយក​​ក្រុមហ៊ុន​​ ហ៊ួត​ ជា ​បាន​ចែករំលែក​​បទពិសោធន៍​ដល់​យុវជន​​ ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ថា ​មាន​មុខ​របរ​​ ៧​ប្រភេទ​ ដែល​​នៅតែ​អាច​ធ្វើ​អាជីវកម្ម​បាន​ និង​អាច​​ឈាន​ទៅ​ក្ដោប​ក្ដាប់​ទីផ្សារ​ខ្ពស់​​ ក្នុង​ចន្លោះ​៥ ​ឆ្នាំ​ទៅ​១០​ ឆ្នាំ​ខាង​មុន។ តើ​មុខ​របរ​ទាំង​ ៧ ​ប្រភេទ​នោះ​មាន​អ្វី​ខ្លះ​?

​​១ ផ្នែក​អចលនៈ​ទ្រព្យ​

វិស័យ​អចលនៈ​ទ្រព្យ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ហក់​ឡើង​​ខ្ពស់​គួរ​ឱ្យ​កត់សំគាល់​ ​ខណៈ​ផ្ទៃ​ដី​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​លក្ខណៈ​ធំ​ទូលាយ​ ដែល​ជា​ឱកាស​មួយ​​អាច​វិនិយោគ​ជា​សួន​​ឧស្សាហកម្ម​ សាងសង់​រោងចក្រ និង​បុរី​ជាដើម​។ ម្យ៉ាង​បើ​គេ​ប្រៀប​ធៀប​តម្លៃ​ដីធ្លី​​កម្ពុជា​ទៅ​នឹង​បណ្ដា​​ប្រទេស​នៅ​តំបន់​អ៊ឺរ៉ុប ក្រុង​ហុង​កុង​ ប្រទេស​ចិន ​មាន​តម្លៃ​ប្រហែល ៨ពាន់ដុល្លារទៅ​ ១ម៉ឺន​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។នៅ​កម្ពុជា​តម្លៃ​អចលនៈ​ទ្រព្យ​ស្ថិតនៅ​ក្រោម​​១​ម៉ឺន​ដុល្លារ​ទាំង​អស់​ទេ​។ដូច្នេះ​វា​ជា​ឱកាស​មួយ​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រក្សា​ស្ថេរ​ភាព​យ៉ាង​ល្អ​ប្រសើរ​។

២ វិស័យ​​សំណង់

វិស័យ​សំណង់ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ គឺ​យើង​នៅ​ក្រោយ​ទេ​នៅឡើយ​។ យ៉ាង​ណា​ការ​សាង​សង់​ ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​​ខ្លាំង​មែន​ទែន ជាក់​ស្ដែង​នៅ​ឆ្នាំ ​២០១៨ ទំហំ​វិនិយោគ​វិស័យ​សំណង់​មាន​ប្រមាណ ​៥ ០០០​លាន​​ដុល្លារ​អាមេរិក។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​រៀប​ចំ​​ដែន​​ដី ​នគរូបនីយកម្ម​ ​និង​សំណង់។ បន្ថែម​លើ​នេះ​ក្នុង​រយៈ៤ ខែ ឆ្នាំ ២០១៩ ការ​វិនិយោគ​ ក្នុង​វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​ជាង ៣ពាន់​លាន​ដុល្លារ​អាមេរិក។​ វិស័យ​សំណង់​មាន​ការ​រីក​ដុះ​ដាល​ច្រើន ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ហួត​ ជា​ ក៏​មាន​​ឱកាស​បង្កើត​សាខា​ចំនួន ៣២ និង​​ឆាប់​ៗ​​នេះ​នឹង​សម្ពោធ​ខាង​សាខា​ចំនួន​ ១០ បន្ថែម​ទៀត ដោយ​សារ​មាន​តម្រូវ​ការ​ខ្ពស់​ផ្នែក​សំណង់​នេះ​ឯង។ ​

៣ បច្ចេកវិទ្យា និង​អេឡិច​ត្រូនិច​

បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​ប្រើ App ​ដោយ​ទិញ​អ្វី​ក៏​តាម​ អន​ ឡាញ​ ។ដូច្នេះ​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​ចាប់​យក​​មុខរបរ​របស់​យើង ក៏​អាច​​រត់​តាម​​ប្រទេស​ជឿន​លឿន ខណៈ​ពេល​ខ្លះ​សូម្បី​ទិញ​បន្លែ​ត្រី​សាច់​ក៏​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ឱ្យ​គេ​ដឹក​ជញ្ជូន​មក​ដល់​​កន្លែង​ដែរ។ អ្នក​មាន​សមត្ថភាព​អាច​សរសេរ​កូដ ឬ​បង្កើត​ App ទៅ​ថ្ងៃ​ក្រោយ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន។ចំណែក​ប្រព័ន្ធ​អេឡិច​ត្រូនិច​មិន​មែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ​ គឺ​ទទួល​ទាំង​សាកល​លោក​កំពុង​តែ​ពេញ​និយម​ និង​មាន​តម្រូវ​ការ​ខ្ពស់​។ ​​

៤ មីក្រូ​ហិរញ្ញ​វត្ថុ និង​​ក្រុមហ៊ុន​ហាង​បញ្ចាំ

ការ​បើក​មុខរបរ​​ប្រភេទ​នេះ នៅ​តែ​ពេញ​និយម និង​អាច​រកចំណូល​បាន​ច្រើន ដោយសារ​ប្រជាជន​​កម្ពុជា​គឺ​ជា​មនុស្ស​សម្លឹង​មើល​ឃើញ​ឱកាស​ច្រើន​ ហើយ​ពេល​ខ្លះ​គាត់​អត់​មាន​ធន​ធាន​គ្រប់​គ្រាន់​ឡើយ។ប៉ុន្តែ​គាត់​អាច​រៀប​ចំ​ផែន​ការ​អាជីវកម្ម​ ​ដោយ​មាន​ទ្រព្យ​បញ្ចាំ​ខ្លះ​យ​​ក​ទៅ​ដាក់​នៅ​ធនាគារ​ ឬ​ក៏​អាច​រំលោះជាដើម​ គឺ​មាន​ឱកាស​ចំណេញ​បាន​ច្រើន​ដែរ។

​៥ ការ​វិនិយោគ​លើ​វិស័យ​អប់រំ

ការ​វិនិយោគ​លើ​វិស័យ​អប់រំ ​គឺ​ជា​ឱកាស​មួយ​ ដោយសារ​បច្ចុប្បន្ន​ឪពុក​-​ម្ដាយ​ជាច្រើន​កាន់តែ​​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការសិក្សា​​របស់​កូន ដោយ​អ្នក​ខ្លះ​អស់​អី​អស់​ទៅ​ឱ្យ​តែ​បាន​​កូន​រៀន​សាលា​ល្អ ​ខណៈ​ពី​មុន​ការ​ចំណាយ​លើ​ការ​សិក្សា​មិន​អស់​ច្រើន​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​សាលា​ខ្លះ​តាំង​ពី​ថ្នាក់​​មត្តេយ្យ​​​ឡើង​ ថ្លៃ​ចាប់​ ២ ​ពាន់​ដុល្លារ​ រហូត​ដល់៤ពាន់​ដុល្លារ​ ទៅ​៥ពាន់​ដុល្លារ​។​ដូច្នេះ​វិស័យ​អប់រំ​យើង​បច្ចុប្បន្ន​សឹង​ស្មើនឹង​ប្រទេស​សិង្ហបុរី ឬ​ប្រទេស​ថៃ​ដែរ។ ដូច្នេះ​វិស័យ​អប់រំ​សម្រាប់ ៥​ឆ្នាំ​ទៅ​១០ ឆ្នាំ​ទៀត​ បើ​សិន​ជា​យើង​សម្លឹង​មើល​ឃើញ​ស្លាក​យី​ហោ​សាលា​ល្បី​ៗ ដូចជា​ Zaman និង​ North bridge ជាដើម​​គឺ​មាន​ឱកាស​ច្រើន​មែនទែន​​។ ​

៦ វិស័យ​ម្ហូប​អាហារ

វិស័យ​ម្ហូបអាហារ ក៏​ជា​ឱកាស​មួយ​ល្អ​ដែរ​ សម្រាប់​ការ​វិនិយោគ ​ខណៈ​បច្ចុប្បន្ន​វិស័យ​នេះ​ក៏​កំពុង​ទទួល​បាន​ចាប់​អារម្មណ៍​ច្រើន​។ ដូច​ជា​ហាង​ទំនើប​មួយ​ចំនួន​ស្ទើរ​រក​កន្លែង​អង្គុយ​គ្មាន​ទាំង​នេះ​ ដោយ​សា​រ​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការ​កើន​​ឡើង។

៧ វិស័យ​កសិកម្ម

មុខ​របរ​កសិកម្ម​នៅ​តែ​មានឱកាស​ច្រើន​ ក្នុង​ពេល​៥ឆ្នាំ​ទៅ​១០ ឆ្នាំ​ទៀត​ នៅ​ពេល​ដែល​​យើង​អាច​ឈាន​ទៅ​ដាំ​ដុះ​ ផលិត​ផល​ល្អ​ៗ ​មាន​ស្តង់ដា ​និង​មិន​ប្រាស់​ថ្នាំ​គីមី ​គឺ​ប្រទេស​ចិន និង​សិង្ហបុរី​ អាច​ជា​ទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​​។

យ៉ាង​ណា​មិញ​ លោក ហ៊ួត​ ជា​​ ក៏​បាន​ផ្តាំ​ផ្ញើ​ថា មុន​នឹង​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ យុវជន​គួរ​តែ​មាន​ក្តី​ស្រមៃ​ធំ។ ក្តី​ស្រមៃ​ធំ​ បើ​ជា​អ្នក​សរសេរ​កូដ​គួរ​ជា​អ្នក​ ដែល​មាន​សមត្ថភាព​ច្បាស់លាស់ និង​អាច​ធ្វើ​ការងារ​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​ៗ បន្ទាប់​មក​គាត់​អាច​ចាប់​ផ្ដើម​មុខរបរ ​​ក្នុង​ចន្លោះ​ពេល​ពី​ ៥​ ឆ្នាំ​ទៅ ១០ ឆ្នាំខាងមុខ​បាន​នឹង​មាន​​ឱកាស​ទទួល​ជោគជ័យ​ខ្ពស់​​។ ដូច្នេះ​យុវជន​ត្រូវតែ​ឆ្លងកាត់​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ណា ដែល​ខ្លួន​​ស្រលាញ់ និង​មាន​​ចំណូលចិត្ត​ ។ ជាក់​ស្ដែង​ដូច​លោក​ផ្ទាល់​លោក​ស្រលាញ់​វិស័យ​សំណង់​ និង​ដឹក​ជញ្ជូន​ លោក​ខិត​ខំ​ប្រឹង​ប្រែង​​ស្វែងយល់​ទាក់​ទង​នឹង​វិស័យ​នេះ ដែល​អាច​ឱ្យ​លោក​បាន​រៀន​ផង បាន​ប្រាក់ចំណូល​ផង។ដូច្នេះ​បើ​ស្រលាញ់​អ្វីមួយ​គួរ​តែ​ធ្វើ​ការងារ ​ក្នុង​វិស័យ​នោះ​សិន​ ហើយ​ធ្វើ​ការងារ​តិច​ ​បំផុត​ក៏ ៥ ឆ្នាំ​ទៅ​៧ ឆ្នាំ មាន​បទពិសោធន៍​គ្រប់​គ្រាន់​ ហើយ​យក​​មក​អនុវត្ត​នឹង​មាន​អត្រា​ជោគជ័យ​ខ្ពស់៕​

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម