• 2019-07-12 03:00:01
  • ព័ត៌មាន

ដើមឆ្នាំ២០២០ វិក័្កយបត្រទូទាត់ថ្លៃអគ្គិសនី នឹងប្តូរជាភាសាខ្មែរ​

  • 2019-07-12 03:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ថា អគ្គិសនី​កម្ពុជា នឹងផ្លាស់ប្តូរវិក្ក័យបត្រតម្លៃទូទាត់ភ្លើងប្រចាំខែសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទៅជាភាសាខ្មែរនៅដើមឆ្នាំ២០២០ខាងមុខ។

យោងតាមសារព័ត៌មាន Khmer Daily បាន​ស្រង់សម្ដីរបស់ ឯកឧត្ដម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនី​កម្ពុជា បានលើកឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា​ កាលពីព្រឹកថ្ងៃទី១១ ​ខែកក្កដា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

ឯកឧត្ដម កែវ រតនៈ បានគូសបញ្ជាក់ថា អគ្គិសនីកម្ពុជា​នឹងផ្លាស់ប្តូរវិក្ក័យបត្រ​សម្រាប់​ការទូទាត់ថវិកាភ្លើងប្រចាំខែជាភាសាខ្មែរដើម្បីឱ្យប្រជាពលរដ្ឋងាយយល់ដឹងពីការប្រើប្រាស់ភ្លើងអគ្គិសនីនៅដើមឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្ដមបានលើកឡើងពីមូលហេតុដែល​អគ្គិសនី​មិនទាន់បានផ្លាស់ប្តូរនៅក្នុងឆ្នាំនេះ​ដោយសារតែប្រព័ន្ធទិន្នន័យសម្រាប់ទូទាត់ថវិកា ប្រចាំខែនេះបច្ចុប្បន្ននៅជាប់កុងត្រាជាមួយប្រទេសណូវែលសេឡង់។

ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកមិញនេះដែរ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា ក៏បានសួរទៅកាន់តំណាងរាជរដ្ឋាភិបាល និងអគ្គនាយកអគ្គិ​សនី​កម្ពុជាអំពីបញ្ហានៃការដាច់ភ្លើង និងកុងទ័រភ្លើងកើនឡើង។ ឯកឧត្ដមបានស្នើឱ្យមន្ត្រី​អគ្គិសនី ចុះតាមមូលដ្ឋានមួយខែជួបប្រជាពលរដ្ឋម្តង គឺពេលទៅចុះកត់ចំនួនតួលេខកុងទ័រ ហើយគួរ​ផ្តល់យោបល់ផង ខណៈមន្រ្ដីអគ្គិសនីខ្លះ ពេលពលរដ្ឋទៅជិតភ័យខ្លាចរឿងសួរទៅវិញ។

ឯកឧត្ដមបានជំរុញឱ្យមន្រ្ដីអគ្គិសនីធ្វើទំនាក់ទំនងល្អជាមួយពេលរដ្ឋ ហើយធ្វើជាមន្ត្រី​បម្រើ​រាស្ត្រ កុំឆ្លើយថាទេ នៅពេលចុះកត់កុងទ័រម្តងៗ​នៅពេល ដែលពលរដ្ឋសួរថា​ ហេតុអ្វីកុងភ្លើង​ខែនេះឡើង បើមិនសូវប្រើផង ហើយដាច់ភ្លើងញឹកញាប់នោះ។

ទន្ទឹមគ្នានេះ ឯកឧត្ដម ម៉ម ប៊ុននាង ក៏បានស្នើបន្ថែមដល់មន្ត្រីអគ្គិសនី ត្រូវមានឧបករណ៍ត្រួតពិនិត្យភ្លើង និងខ្សែភ្លើង​នៅតាមផ្ទះប្រជាពលរដ្ឋផង ដោយសារមូលហេតុអ្វីខ្លះ​មានបញ្ហាដោយ​សារ​មានការ​ឆ្លង ឬដោយសារខ្សែភ្លើង ឬឆ្លងព្រីភ្លើង ជាដើម៕

ប្រភព៖ Khmer Daily ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់