• 2019-07-13 01:12:51
  • ព័ត៌មាន

បាក់ឌុប​ឆ្នាំ​នេះ​ក្រសួង​អប់រំ​ ​សន្យា​មិន​ឱ្យ​មាន​កំហុស​បច្ចេកទេស​កុំព្យូទ័រ​ដូច​ឆ្នាំ​មុន​ទេ​

  • 2019-07-13 01:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​​ការ​ប្រលង​សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយ​ភូមិ​(បាក់ឌុប​) កាន់​តែ​ខិត​ជិត​មក​​​​ដល់ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​​ឱ្យ​ដឹង​ថា ​ក្រុម​ការងារ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​រៀប​ចំ​ការ​​ប្រលង​ថ្នាក់​ជាតិ​មួយ​​នេះ​ឱ្យ​មាន​លក្ខណៈ​សុក្រឹត​​ ត្រឹម​ត្រូវ និង​យុត្តិធម៌​បំផុត​ ពិសេស​​គឺ​បញ្ចៀស​ឱ្យ​ខាន​តែ​បាន​នូវ​បញ្ហា​កំហុស​បច្ចេកទេស​ដូច​ឆ្នាំ​មុន​។ ​កាលពី​ឆ្នាំមុន​​បញ្ហា​បច្ចេក ទេស​កុំព្យូទ័រ​បាន​ធ្វើ​ឱ្យ​លទ្ធ​ផល​ប្រលង​សញ្ញាប័ត្រ​បាក់ឌុប​​ប៉ះ​ពាល់​ដល់​បេក្ខជន ​១៨៥០០​នាក់ ​ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង​ ១០​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​អ្នក​ធ្លាក់​ពី​មុន​ ​បាន​ជាប់​ឡើង​វិញ​ជិត១​ពាន់​នាក់។

លោក ​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា ​បាន​មាន​ប្រសាសន៍​ថា​ បទពិសោធន៍​កាល​ពី​ឆ្នាំ​មុន​​​ជា​មេរៀន​មួយ​ធ្វើ​ឱ្យ​ក្រុម​ការងារ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ នូវ​លក្ខណៈ​បច្ចេកទេស​កុំព្យូទ័រ ដោយ​ធានា​ថា​នឹង​មិន​ឱ្យ​មាន​បញ្ហា​ដូច​ឆ្នាំ​មុន​ឡើយ​។​គណៈកម្មាធិការ​រៀបចំ​ការ​ប្រលង​បាន​ពិនិត្យ​មើល​គ្រប់​ទម្រង់​ទាំង​អស់​​នៃ​ឧបករណ៍ ​សម្ភារ​ ក៏​ដូច​ជា​នីតិវិធី ​ដើម្បី​ធានា​គោរព​ទៅ​តាម​គោលការណ៍​ទាំង​បួន​ ​មាន​គោលការណ៍​ច្បាប់ ​យុត្តិធម៌​ តម្លាភាព​ ​និង​លទ្ធផល​អាច​ទទួល​យក​​បាន​។ ដូច្នេះ​ដើម្បី​រក្សា​នូវ​គោលការណ៍​​ខាង​លើ​​ ​ក្រុម​ការងារ​នឹង​ពិនិត្យ​មើល​លើ​តួនាទី​របស់​ គណៈកម្មាធិការ​នានា​នូវ​គ្រប់​ដំណើរ​ការ​នៃ​ការ​ប្រលង​ទាំងអស់​ទាំង​ដំណើរ​ការ​សំណេរ​ ដំណើរ​ការ​កំណែ បូក​ស្រង់​ពិន្ទុ និង​ការ​ប្រកាស​លទ្ធផល​។ លោក​ថា ​គណៈកម្មាធិការ​ទាំង​អស់​បាន​ពិនិត្យ​មើល​​តួនាទី​​ ភារកិច្ច​ កាតព្វកិច្ច​ សិទ្ធី​របស់​ខ្លួន​​រៀងៗខ្លួន​​ឡើង​វិញ​ថា ​តើ​ម្នាក់​ៗ​មាន​តួនាទី​អ្វីខ្លះ ដែល​ទាំង​នេះ​គឺ​ជា​យន្ត​ការ​ក្រសួង​​បាន​ធ្វើ​នា​ពេល​កន្លងមក​ ពោល​គឺ​មិន​មែន​ទើប​តែ​ធ្វើ​ឡើយ។​

“អញ្ចឹង​គណៈកម្មាធិការ​បាន​ប្រជុំ​ច្រើន​ដង​ហើយ ដើម្បី​ធានា​នូវ​យន្តការ​ទាំងអស់​ហ្នឹង​ឱ្យ​វា​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ទាក់​ទង​នឹង​លក្ខណៈ​បច្ចេកទេស​យើង​បាន​ពិនិត្យ​មើល​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ soft ware រួម​ទាំង​កុំព្យូទ័រ ​ខ្លួន​ឯង​ផ្ទាល់​​ថា តើ​កុំព្យូទ័រ​​រៀង​ចាស់​ត្រូវ​ប្តូរ​ថ្មី​ ទាំង server ​ថា តើ​ត្រូវ​ Back up file យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​គឺ​ថា​​ យើង​បាន​ត្រួតពិនិត្យ​មើល​​​ឡើងវិញ​ជាមួយ​នឹង​អ្នក​បច្ចេកទេស។ អញ្ចឹង​ខ្ញុំ​ជឿ​​ថា យន្ត​ការ​ទាំង​អស់​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ គ្រាន់តែ​យើង​​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​​ ដើម្បី​ធានា​ថា ​គ្រប់​ដំណើរ​ការ​ទាំងអស់​ទាំង​ដំណើរ​ការ​អនុវត្ត​ដោយ​មនុស្ស​ និង​ប្រព័ន្ធ​កុំព្យូទ័រ​​ហ្នឹង​ដំណើរ​ការ​​បាន​ល្អ​ប្រសើរ​​កុំ​ឱ្យ​មាន​បញ្ហា​បច្ចេកទេស​ដូច​ឆ្នាំ​ទៅ​”។

លោក​បាន​បន្ថែម​ថា យន្ត​ការ​ខាង​លើ​​នេះ​នឹង​មិន​ប៉ះពាល់​​ដល់​ដំណើរ​ការ​ប្រកាស​លទ្ធផល​ប្រលង​នោះ​​ទេ ពោល​គឺ​នៅ​រក្សា​តាម​នីតិវិធី​មាន​ជា​ធរមាន​។​ដូច្នេះ​មិន​មាន​ហេតុ​​ផល ដែល​ត្រូវ​ពន្យារ​ពេល​ ឬ​ពន្លឿន​ពេល​ទេ គឺ​ត្រូវ​ធ្វើ​ទៅតាម​កាល​បរិច្ឆេទ​។ ​កាល​បរិច្ឆេទ​ប្រលង​បាក់ឌុប​​ឆ្នាំនេះ​​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ខណៈ​បេក្ខជន​ប្រលង​ឆ្នាំ​នេះ​មាន​ជិត​១២​ម៉ឺន​នាក់​ ប៉ុន្តែ​តួ​លេខ​ខាងលើ​នៅ​មិន​ទាន់​ផ្លូវការ​ទេ​​​ដោយ​ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធ​ផល​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

​នៅ​​ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​បាក់​ឌុប​កាល​ពី​ឆ្នាំ​មុន​បាន​ធ្វើ​ឱ្យ​បេក្ខជន​ជា​ច្រើន​មាន​ការ​ភ្ញាក់​​ផ្អើល​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ប្រលង​ ដោយ​សារ​បញ្ហា​កំហុស​បច្ចេកទេស​ រហូត​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​យុវជន​ និង​​កីឡា​ធ្វើ​កោសលវិច័យ​ប្រលង​ឡើង​វិញ​។ ក្រោយ​​​ធ្វើ​​​កោសលវិច័យ​ លទ្ធផល​​​ប្រឡង​​​បាក់​ឌុប ​ត្រូវ​​​បាន​​​ក្រសួង​អប់​រំ យុវជន ​និង​កីឡា ​ប្រកាស​​​ឡើង​​​វិញ ​និង​មាន​​​ចំនួន​​​អ្នក​​​ជាប់​​​កើន​​​ឡើង​​​ច្រើន​​​ជាង​​​មុន​ជិត ​១​ពាន់​នាក់​ឯណោះ​។ លទ្ធផល​​​ថ្មី​នេះ​​​បង្ហាញ​​​ថា ​អ្នក​​​ជាប់​​​និទ្ទេស ​A ​បាន​​​កើន​​​ដល់​​ ៤០៨​នាក់ ​ខណៈ​​​ដែល​​​មាន​អ្នក​​​ប្រលង​​​​ជាប់​​​បាន​​​កើន​​​រហូត​ដល់​ ៧៦០៣៤​នាក់​​​តែ​ម្ដង​(កាល​ពី​មុន អ្នក​ជាប់​ត្រឹម​៧៥​០៥៩នាក់​)​។​

គណៈកម្មការ​​​បាន​​​រក​​​ឃើញ​​​ថា ​ដំណើរ​​​ការ​បូក​​​ស្រង់​​​ពិន្ទុ​​​តាម​​​ប្រព័ន្ធ​​​កុំព្យូទ័រ​​​មាន​​​បញ្ហា​​​បច្ចេកទេស ​​​ដែល​​​ប៉ះពាល់​​​ដល់​​​ពិន្ទុ​​​វិញ្ញាសា​​​គណិតវិទ្យា​​​របស់​​​ថ្នាក់​​​វិទ្យាសាស្ត្រ ក្នុង​​​មណ្ឌល​​​មួយ​​​ចំនួន ដោយ​​​សារ​​​កម្មវិធី​​​កុំព្យូទ័រ​​​មិន​​​បាន​​​បូក​​​ស្រង់​​​ពិន្ទុ​​​មុខវិជ្ជា​​​គណិតវិទ្យា​​​របស់​​​បេក្ខជន​​​ចំនួន​​ ៧៤០​ បន្ទប់​​។ បន្ទាប់​​​ពី​​​ដោះស្រាយ​​​បញ្ហា​​​បច្ចេកទេស​​​រួច លទ្ធផល​​​នៃ​​​ការ​​​ប្រឡង​​​មាន​បេក្ខជន​​​ជាប់​​​សរុប ៧៦០៣៤​នាក់​ជាប់​ ត្រូវនឹង​ ៦៧,០៧​​ភាគ​រយ ។​

បេក្ខជន​​​ជាប់​​​និទ្ទេស​ A ​មាន​​​ចំនួន ​៤០៨​​នាក់​​ និទ្ទេស​ B​ ចំនួន ​២ ២២២​នាក់ ​និទ្ទេស ​C ​ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​​១៥​ ១៨០​​នាក់ និង​​​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​។ ថ្នាក់​​​វិទ្យាសាស្ត្រ​​​ស​ង្គ​ម​​​មិន​​​មាន​​​ការ​​​ប៉ះពាល់​​​ទេ​។ ចំណែក​​​លទ្ធផល​ចាស់ ​​​ដែល​​​បាន​​​ប្រកាស ​​អ្នក​​​ប្រលង​​​ជាប់​​​សញ្ញាប័ត្រ មធ្យម​​សិក្សា​​​ទុតិយភូមិ ​(​​បាក់​​​ឌុប​​) សម័យ​ប្រលង​​​២០ ខែ​​​សីហា ​ឆ្នាំ​​២០១៨​ ​នៅ​​​ទូទាំង​​​ប្រទេស ​មាន​​​ចំនួន ​៧៥០៥៩​​​​​​នាក់ ​ត្រូវ​ជា ​៦៦,២១% ​ច្រើន​​​ជាង​​​ឆ្នាំ ​២០១៧ ​ដែល​​​មាន​​​តែ ​៦៣,៨៤%​៕

អត្ថបទ៖ សុផល

មតិយោបល់