• 2019-07-15 09:50:58
  • ព័ត៌មាន

ស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ​មន្រ្តីនគរបាលណាម្នាក់យាមតាមក្លិបកម្សាន្តឡើយ

  • 2019-07-15 09:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាមិនអនុញ្ញាតឲ្យ​មន្រ្តីនគរបាលណាម្នាក់ទៅបំពេញការងារផ្សេងក្រៅពីការងារនគរបាលឡើយ ដោយសារកន្លងទៅមានមន្រ្តីនគរបាលមួយចំនួនតូច បានឆ្លៀតទៅបំពេញការងារ និងយាមតាមក្លិបកម្សាន្ត។

ថ្លែងទៅកាន់កងកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ពេលគោរពទង់ជាតិដូចសព្វមួយដងដែលមានមន្រ្តីជាង​៨០០​នាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា មន្រ្តីនគរបាលមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកន្លងទៅមានមន្រ្តីនគរបាលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក៏បានចាត់ការតាមនីតិវិធី ហើយនៅតាមក្លិបកម្សាន្ត នឹងមិនអនុញ្ញាតអោយមានវត្តមានមន្រ្តីនគរបាលទៅយាម ឬការពារក្លិបណាមួយឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឲ្យកម្លាំង នគរបាលរបស់យើង ត្រូវមកគោរពទង់ជាតិឲ្យបានជាងនេះទៀត ពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ហើយដំបូងនេះគឺកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍ ត្រូវកាត់មុនគេ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បញ្ជាក់ជាថ្មីទៀត ថា កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំ នៅពេលល្ងាច ដើម្បីសុខភាពផង និងដើម្បីឲ្យរាងកាយមាំមួនផង។

ប្រភពព័ត៌មាន​ និង​រូបភាព ពី​ស្នងការនគរបាល​រាជធានីភ្នំពេញ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់