• 2019-07-16 00:00:00
  • ការអប់រំ

តើការរៀនជំនាញ A ពេល​មកធ្វើការ​ជំនាញ B បានដែរ​ឬ​អត់?

  • 2019-07-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​​ភាគ​ច្រើន ពិសេស​យុវវ័យ​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​តែង​មាន​សេចក្ដី​បារម្ភ​ ថា​ មិន​ដឹង​គួរ​រៀន​ជំនាញ​អ្វី​នៅ​ថ្នាក់​មហាវិទ្យាល័យ។ ពួក​គេ​ឆ្ងល់​ថា​ បើ​គេ​រៀន​ជំនាញ ​A ហើយ​ធ្វើ​ការ​ជំនាញ​ B បាន​ដែរ​ឬ​អត់? 

ដូច្នេះ​ Sabay នឹង​នាំ​យោបល់​ពី​អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​ទាំង​នេះ​ផ្ទាល់​​ ទៅ​កាន់​ប្រិយមិត្ត​ដែល​ធ្លាប់​បារម្ភ​ពី​បញ្ហា​នេះ។ 

 

Student reading book

 

អ្នក​នាង​ គង់ ច័ន្ទ​វណ្ណា​ សព្វ​ថ្ងៃ​ជា​គណនេយ្យករ​នៅ​ក្រុម​ហ៊ុន​អាកាសចរ​មួយ​កន្លែង​បាន​ប្រាប់ Sabay ថា​ អ្នក​នាង​មិន​បាន​កាន់​បរិញ្ញាបត្រ​ ជំនាញ​គណនេយ្យ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​​ជា​ជំនាញ​ វណ្ណា ជ្រើសរើស​ កាល​នៅ​មហាវិទ្យាល័យ។  

«​មិន​មែន​មាន​ន័យ​ថា រៀន​ជំនាញ​ A ហើយ​ទៅ​ធ្វើ​ការ​ B បាន​នោះទេ គឺ​វា​អាស្រ័យ​លើ​ជំនាញ​ដែរ ឧទាហរណ៍​ថា​ ទៅ​រៀន​គណនេយ្យ​ចង់​ធ្វើ​ការ​ពេទ្យ​ម៉េច​នឹង​បាន? មួយ​ទៀត​វា​ក៏​អាស្រ័យ​លើ​​ក្រុម​ហ៊ុន​ ដែល​យើង​ដាក់​ពាក្យ​ធ្វើ​ការ​ ព្រោះ​ក្រុម​ហ៊ុន​ខ្លះ រក​តែ​សញ្ញាប័ត្រ ឯ​ក្រុមហ៊ុន​ខ្លះ​ទៀត​ អត់​សញ្ញាប័ត្រ​​ក៏​បាន​ឱ្យ​តែ​មាន​សមត្ថភាព!»។ អ្នក​នាង​បាន​បន្ថែម។  

ចំពោះ ​លោក​ សាន់ ភក្ដី ​វិញ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា រូបលោក​កាន់​បរិញ្ញាបត្រ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ តែ​សព្វថ្ងៃ​ជា​អ្នក​បកប្រែ​ភាសា​អង់គ្លេស​ឱ្យ​បណ្ដាញ​សារព័ត៌មាន​​មួយ​កន្លែង។  

លោក​បាន​បន្ថែម​ថា «នេះ​ជា​បញ្ហា​មួយ​ដែល​ យុវវ័យ​ភាគ​ច្រើន​ រួម​ទាំង​ខ្ញុំ​កាល​ពី​មុន​ជួប​ប្រទះ​ ព្រោះ​ពួក​គេ​មិន​បាន​ set គោល​ដៅ​ឱ្យ​បាន​ច្បាស់លាស់​ ប៉ុន្តែ​ពួក​គាត់​មិន​ចាំ​បាច់​បារម្ភ​ឡើយ​​ចំពោះ​ការ​ងារ​ដែល​មិន​ Specific ព្រោះ​ថា ​​ឱ្យ​តែ​ពួក​គាត់​មាន​ សមត្ថភាព​គឺ​អាច​ធ្វើ​បាន​ហើយ! ដូច​អាជីព​ជា​អ្នក​បក​ប្រែ​ ដូច​ខ្ញុំ​ មិន​ចាំ​បាច់​មាន​សញ្ញាប័ត្រ​អង់គ្លេស​ទេ ឱ្យ​តែ​ចេះ​បក​!»។  

«កាល​ទើប​ចប់​បាក់​ឌុប​ខ្ញុំ​ស្ទើរ​តែ​ខាត​មួយ​ឆ្នាំ​ចោល ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​រៀន​ផ្នែក​អី​ ហើយ​ក៏​មិន​ដឹង​ថា​ខ្លួន​ចង់​ធ្វើ​ស្អី​ដែរ​! សាលា​នេះ​មិន​រៀន​ សាលា​នោះ​មិន​រៀន​ព្រោះ​មិន​ដឹង​ច្បាស់​ ម្យ៉ាង​ទៀត​ខ្ញុំ​តែង​គិត​ថា​ បើ​ខ្ញុំ​រៀន​ជំនាញ​ផ្សេង​ ធ្វើ​ការ​ជំនាញ​ផ្សេង​បាន​អត់?»។ នេះ​ជា​ការ​លើក​ឡើង​របស់ កញ្ញា​សេន​ សុវណ្ណ​ សិស្ស​ទើប​បញ្ចប់​បាក់ឌុប​កាល​ពី​ឆ្នាំ​មុន​នេះ​។  

សុវណ្ណ​ ក៏​បាន​បន្ថែម​ថា អ្នក​ដែល​បាន​កំណត់​គោល​ដៅ​ច្បាស់​លាស់​ គឺ​ងាយ​ស្រួល​ទេ តែ​សម្រាប់​អ្នក​ដែល​មិន​ច្បាស់​លាស់​ ដូច​ជា​នាង គឺ​មាន​ការ​ពិបាក​ ហើយ​ច្រើន​តែ​ធ្វើការ​ខុស​ជំនាញ​។  

«តែ​ពេល​នេះ​លែង​បារម្ភ​ហើយ ព្រោះ​ខ្ញុំ​រក​ការងារ​ធ្វើ​បាន​ ជា​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ ទោះ​បី​រាល់​ថ្ងៃ​រៀន​អក្សរសាស្ត្រ​អង់គ្លេស​ក៏​ដោយ! ខ្ញុំ​គិត​ថា ធ្វើ​ចឹង​វា​ចំណេញ​ដូច​បាន​រៀន​ជំនាញ​ពីរ​ផ្សេង​ ក្នុង​ពេល​តែ​មួយ»។ សុវណ្ណ​បាន​ប្រាប់។  

ចំណែក​លោក ដុំ ដារ៉ា ជា​​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៅ​អង្គការ​មួយ​បាន​ប្រាប់​ថា លោក​កាន់​សញ្ញាប័ត្រ​ ទេសចរណ៍​ តែ​មិន​បាន​យក​ជំនាញ​នេះ​ទៅ​ប្រើ​ឡើយ​។  

លោក​បាន​បញ្ជាក់​ថា «​ឱ្យ​តែ​អាច​ប្រើ​ភាសា​អង់គ្លេស​ និង កុំព្យូទ័រ​បាន​ មិន​បាច់​ភ័យ​រឿង រៀន​ខាង​A ធ្វើការ​ខាង​B ទេ!​ សំខាន់​ឱ្យ​តែ​ ខិត​ខំ​រៀន មាន​ការ​ច្នៃ​ប្រឌិត ប៉ុន្តែ​លើកលែង​ជំនាញ​មួយ​ចំនួន​ដូច​ជា វិស្វករ​ ពេទ្យ​អី​ជាដើម ទាល់​តែ​រៀន​ជំនាញ​ហ្នឹង​បាន​ ធ្វើ​ខាង​ហ្នឹង​កើត»។  

សម្រាប់​លោក ដារ៉ា​ ផ្ទាល់ ទោះ​បី​ជា​ការ​សិក្សា​ជំនាញ​ផ្សេង ហើយ​ធ្វើ​ការ​ជំនាញ​ផ្សេង អាច​ទៅ​រួច​​ចំពោះ​មុខវិជ្ជា​​មួយ​ចំនួន​ក៏​ពិត​មែន ប៉ុន្តែ​លោក​មិន​គាំ​ទ្រ​ឱ្យ​យុវវ័យ​ចេះ​តែ​រៀន ដោយ​មិន​បាន​កំណត់​គោល​ដៅ​ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។  

«បើ​អាច​ ពួក​គាត់​គួរ​តែ​​ មាន​គម្រោង​ឱ្យ​ច្បាស់​លាស់​ វា​ប្រសើរ​ជាង​​ចេះ​តែ​រៀន​ហើយ​ចេះ​តែ​ធ្វើការ​ឱ្យ​តែ​បាន​ៗ​លុយ! នេះ​សម្រាប់​អ្នក​ដែល​ហួស​ហើយ បើ​​បារម្ភ​ថា រៀន​ នេះ​​ ខ្លាច​ធ្វើ​ការ​ងារ​ នោះ​មិន​កើត គួរ​កុំ​បារម្ភ​អី ខំប្រឹង​រៀន​ធម្មតា​ទៅ​បាន​ហើយ!» ។ ប្រធាន​ផ្នែក​ធនធានមនុស្ស​រូប​នេះ​បាន​បន្ថែម៕​​​​​​  

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង

មតិយោបល់
អត្ថបទពេញនិយម