• 2019-07-17 02:27:05
  • ការអប់រំ

ម្ចាស់​មេ​ដៃ​មាស​រូប​វិទ្យា​បង្ហើប​ពី​គន្លឹះ​ធ្វើ​លំហាត់​រូប​

  • 2019-07-17 02:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​វិទ្យា​ ជា​មុខ​វិជ្ជា​សំខាន់​មួយ​ ក្នុង​ចំណោម​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ថ្នាក់​វិទ្យាសាស្ត្រ​ពិត​។

ដើម្បី​ជួយ​សម្រួល​ដល់​សិស្ស​ថ្នាក់​ទី​ ១២ ទាំង​ឡាយ​ ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដោះ​ស្រាយ​លំហាត់​មុខ​វិជ្ជា​នេះ​ សារ​ព័ត៌មាន​ Sabay  បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជា​មួយ​ម្ចាស់​មេដៃ​មាស​រូបវិទ្យា​ទូទាំង​ប្រទេស​ឆ្នាំ​ ២០១៩ ​អំពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ធ្វើ​លំហាត់​រូបវិទ្យា​។

ជា​សិស្ស​ថ្នាក់​ទី​ ១២ នៃ​វិទ្យាល័យ​ មេសាង ក្នុង​ខេត្ត​ព្រៃ​វែង​ កញ្ញា​ កុច តុលា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដើម្បី​ដោះ​ស្រាយ​លំហាត់​រូប​ រឿង​ដែល​ត្រូវ​ធ្វើ​មុន​គេ​បង្អស់​នោះ​គឺ​ អាន​ប្រធាន​ឲ្យ​យល់​ ដើម្បី​ស្គាល់​ពី​ប្រភេទ​លំហាត់​ថា​តើ​ វា​ស្ថិត​នៅ​ក្នុង​មេរៀន​មួយ​ណា​ បន្ទាប់​មក​កញ្ញា​ចាប់​ផ្ដើម​គិត​ អំពី​រូប​មន្ត​ និង​ទ្រឹស្ដី​ផ្សេងៗ​វិញ​ម្ដង​។

យុវតី​រូប​នេះ​បន្ត​ថា​ តម្លៃ​ថេរ​ ជា​បញ្ហា​មួយ​ ដែល​ធ្វើ​ឲ្យ​សិស្ស​ភ័ន្តច្រឡំ​ ព្រោះ​ថា​ ពេល​ខ្លះ​តម្លៃ​ថេរ​មិន​មាន​ប្រាប់​នៅ​ក្នុង​លំហាត់​ឡើយ​ ដូច្នេះ​ហើយ​សិស្ស​គ្រប់​រូប​ត្រូវ​តែ​ចាំ​ពី​តម្លៃ​ទាំង​អស់​នោះ​ ចំណែក​ឯ​ខ្នាត​វិញ​ គឺ​ត្រូវ​បំបែក​ជា​ខ្នាត​ SI (ខ្នាត​អន្តរជាតិ​ប្រើ​នៅ​ក្នុង​រូប​វិទ្យា​) ដោយ​សារ​តែ​បម្រាមនៅ​ក្នុង​លំហាត់​ភាគ​ច្រើន​ មិន​បាន​ដាក់​ជា​ខ្នាត​អន្តរជាតិ​ទេ​។

ដោយ​ឡែក​ចំពោះ​ការ​សរសេរ​នៅ​ពេល​ប្រលង​  តុលា​ បាន​និយាយ​ថា​៖ «សម្រាប់​ការ​សរ​សេរ​ នៅ​ពេល​មាន​លំហាត់​ដាក់​មក​ ខ្ញុំ​នឹង​ស្រង់​បម្រាប់​នៅ​ក្នុង​ហ្នឹង​ទាំង​អស់​ យក​មក​ដាក់​នៅ​ខាង​លើ​។ បន្ទាប់​មក​បាន​សរសេរ​សំនួរ​ ដែល​គេ​សួរ​ ហើយ​ប្រសិន​ជា​លំហាត់​ទាក់​ទង​នឹង​រូបមន្ត​ត្រង់​ (លំហាត់​ដែល​ដាក់​រូបមន្ត​ចូល​ ហើយ​ជំនួស​លេខ​) ខ្ញុំ​នឹង​ដាក់​តាម​រូបមន្ត​ត្រង់​»។

ដោយ​សារ​តែ​មាន​ការ​ត្អូញត្អែរ​ជា​ច្រើន​អំពី​ការ​លំបាក​ក្នុង​ការ​យល់​ពី​បាតុភូត​រូប​វិទ្យា​នោះ​ យុវតី​ ខេត្ត​ ព្រៃវែង រូប​នេះ​ បាន​បក​ស្រាយ​ថា​៖ «តាម​ពិត​បាតុភូត​ហ្នឹង​ គឺ​វា​ទាក់​ទង​នឹង​មេរៀន​ អ៊ីចឹង​ប្រសិន​ជា​យើង​ចង់​យល់​បាតុភូត​ គឺ​យើង​ត្រូវ​យល់​ពី​មេរៀន​ ហើយ​មួយ​ទៀត​គឺ​យើង​ត្រូវ​យល់​ពី​ពាក្យ​គន្លឹះ​ នៅ​ក្នុង​លំហាត់​ ដើម្បី​ឲ្យ​យល់​ពី​បាតុភូត​ ថា​វា​ចង់​និយាយ​ពី​អ្វី​ ហើយ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ដោះ​ស្រាយ​របស់​យើង​»។

ចំពោះ​សិស្ស​មិន​បាន​ខំ​រៀន​ពី​ដើម​ឆ្នាំ​ កញ្ញា​បាន​ណែ​នាំ​ឲ្យ​អ្នក​ទាំង​អស់​នោះ​ សង្ខេប​មេរៀន​ឡើង​វិញ​ដោយ​ផ្ដោត​ទៅ​លើ​និយមន័យ​ ទ្រឹស្ដី​ រូបមន្ត​ ដែល​ពួក​គាត់​គិត​ថា​សំខាន់​ ដោយ​សារ​តែ​កញ្ញា​ជឿ​ជាក់​ថា​ លំហាត់​បាក់​ឌុប​ មាន​លំហាត់​ខ្លះ​ គ្រាន់​តែ​ដាក់​រូបមន្ត​ចូល​ហើយ​ដោះ​ស្រាយ​តែ​ប៉ុណ្ណោះ​ មិន​មាន​បាតុភូត​អ្វី​ច្រើន​ឡើយ​ ដូច្នេះ​ហើយ​បើ​ចាំ​រូបមន្ត​ គឺ​អាច​ធ្វើ​បាន​ហើយ​៕            

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់