• 2019-07-17 04:45:51
  • ព័ត៌មាន

មន្ត្រី​សុខាភិបាលច្រាន​ចោល​សារសំឡេង​​ដែលថា​ក្រ​សួង​ហាម​បរិភោគ​សាច់ជ្រូក​មួយ​រយៈ​

  • 2019-07-17 04:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីនាំ​ពាក្យ​ក្រ​សួង​សុខាភិបាល​បាន​ច្រាន​ចោល​សារជាសំឡេង​មួយ​ដែល​ចែក​បន្តគ្នា​តាម​បណ្ដាញ​សង្គម​និយាយពី​ការហាម​បរិភោគសាច់ជ្រូក​មួយ​រយៈ ខណៈ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​កំពុង​ផ្ទុះ​នៅកម្ពុជា។

(រូបភាព៖ មន្ត្រីកំពុង​បាញ់​ថ្នាំ​សម្លាប់​ម៉េរោគប៉េស្តជ្រូកអាហ្វ្រិក/រូបភាព៖ ក្រ​សួង​កសិកម្ម)

សារជាសំឡេងនេះ​បាន​ចែក​រំលែក​តៗគ្នា​តាមប្រ​អប់​សារ​របស់​បណ្ដាញ​សង្គម ដែលមាន​ខ្លឹម​សារថា​ក្រសួង​សុខាភិបាល​បាន​ហាម​ប្រ​ជា​ពល​រដ្ឋ​បរិភោគសាច់ជ្រូក​មួយ​រយៈពេល ខណៈ​កំពុង​មាន​ការរាល​​ដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក​​ក្នុង​ប្រទេស។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយ​ស្ដីពី​ការ​ចូល​រួម​ទប់ស្កាត់​ជំងឺគ្រុន​ឈាម លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បដិសេធចំពោះ​សារ​ជាសំឡេងនេះ និង​ថា​ក្រ​សួង​មិន​បាន​ណែនាំបែបនេះ​នោះទេ។

(លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល)

លោក​បន្តថា៖ «នេះសុទ្ធតែយក​ក្រ​សួង​សុខាភិបាល​មក​លាប​ទៀត តាមពិត​យើង​មិន​បាន​និយាយទេ​ គឺ​យើងគ្រាន់តែ ប្រ​កាសថាមេរោគ​ប៉េស្ត​ជ្រូកអាហ្វ្រិក​ហ្នឹង​មិន​ឆ្លង​មក​មនុស្ស ហើយ​ក៏មិន​ប៉ះពាល់​ដល់​ខុស​ភាព​សាធារណទេ... ជំងឺនេះ​មិន​មែនជា​ជំងឺថ្មីទេ គេ​រក​ឃើញ​ជាង​មួយសតវត្សរ៍​ហើយ វាកើតនៅ​អាហ្វ្រិក ឆ្លង​មក​អ៊ឺរ៉ុប អាម៉េរិក ថ្មីៗមក​ចិន មក​វៀតណាម និង​មកកម្ពុជា​យើង»។

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា​បើ​សិនជា​ចៃដន្យ​មាន​ការ​បរិភោគ​ប៉ះចំសាច់ជ្រូក​កើត​ជំងឺនេះ​ ក៏មិនមាន​បញ្ហា​សុខភាព​ដល់​អ្នក​បរិភោគដែរ។ អ្វី​ដែល​សំខាន់​លោក​ថា​តាម​វិធានការ​ណ៍​អប់រំ គឺមិន​អនុញ្ញាតិ​ឲ្យ​អ្នក​បរិភោគ​ បរិភោគសាច់​ជ្រូកឈឺ​ងាប់​នោះទេ។

គួរ​បញ្ជាក់ថា​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​បាន​មក​ដល់កម្ពុជាកាលពី​ខែ​មេសា កន្លង​ទៅ ហើយ​បច្ចុប្បន្ន​ខេត្ត​ដែល​រក​ឃើញ​ជំងឺនេះមាន​រតនគិរី ត្បូង​ឃ្មុំ កណ្ដាល តាកែវ និង​ស្វាយរៀង៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់