• 2019-07-17 09:09:38
  • ចរាចរណ៍

ឯក​ឧត្តម​ ស៊ុន​ ចាន់ថុល ​៖ ​​គ្រោះថ្នាក់​ចរាចរ​ ស្លាប់​​មនុស្ស​ រាល់​ខែ​ស្មើ​នឹង​យន្ត​ហោះ Airbus 320 មួយ​គ្រឿង​ធ្លាក់​ជា​ប្រចាំ​​​នៅ​កម្ពុជា​

  • 2019-07-17 09:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​បាន​បណ្ដាល​​ឱ្យ​ស្លាប់ និង​រង​របួស​ជា​រៀង​រាល់​ថ្ងៃ​ ឯកឧត្ដម​ ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​​ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ​ករណី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ ក្នុង​មួយ​ខែ​ៗ​ស្នើ​ទៅ​នឹង​ករណី​យន្តហោះ​ Airbus ​320 មួយ​គ្រឿង​ធ្លាក់​ជា​ប្រ​ចាំ​​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ​។ ការ​ថ្លែង​របស់​​​ឯកឧត្ដម​​បែប​នេះ​ត្រូវ​បាន​​ធ្វើឡើង ក្នុង​ឱកាស​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា​រវាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ជាមួយ​នឹង​ក្រុមហ៊ុន មីឆែលីន និង​ក្រុមហ៊ុន​វើលដ៍​ប្រ៊ីត ​ត្រេឌីង ​ស្តី​ពី​ការ​បង្កើត​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ​នេះ​។

ឯកឧត្ដម​ ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​​ និង​ដឹក​ជញ្ជូន​

ឯកឧត្ដម​​​បាន​បន្ថែម​​ថា រយៈពេល​៦ខែ​ឆ្នាំ ២០១៩ នេះ​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​មាន​​ចំនួន​ ១០៣៣ នាក់​ ដូច្នេះ​បើ​គិត​ជាមធ្យម​ស្មើ​នឹង​យន្តហោះ​ Airbus 320 មួយ​គ្រឿង​ធ្លាក់​ជា​ប្រ​ចំា​នៅ​កម្ពុជា​​រៀងរាល់​ខែ​។ យន្ត​យន្តហោះ​​ Airbus​ 320 មួយ​គ្រឿង​អាច​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ ​១៥០ ​នាក់​។​ ឯកឧត្ដម​​​បាន​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ និង​​បើក​បរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ “​៦​ខែ​នេះ​​យើង​គ្រោះ​ថ្នាក់​ស្លាប់​​​១០៣៣​នាក់​ ច្រើន​ណាស់​។ យើង​អាច​និយាយ​ថា​ យន្តហោះ​មួយ​​ផ្ទុក​មនុស្ស​ ១៥០នាក់​។​អញ្ចឹង​មួយ​ខែ​ធ្លាក់​មួយ​ៗ​នៅ​កម្ពុជា​យើង​។​ ដូច្នេះ​ធំ​ណាស់​​យើង​​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ​ពិសេស​សុំ​ការ​ចូល​រួម​ពី​ផ្នែក​ឯក​​ជន​ ដើម្បី​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរ​”។

​ឯកឧត្ដម ​បាន​ឱ្យ​ដឹង​ទៀ​ត​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​បាន​សម្លាប់​ប្រជាពលរដ្ឋ​​ខ្មែរ​ប្រមាណ​៦​នាក់​ក្នុង​មួយ​ថ្ងៃ​ និង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាង៤០០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។​ គ្រោះ​ថ្នាក់​ទាំង​នោះ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​៖ កត្តា​អ្នក​បើកបរ​ កត្តា​យានយន្ត​ ការ​មិន​គោរព​ច្បាប់ ​និង​កត្តា​ផ្លូវ​ជា​ដើម​។ ​ដូច្នេះ​អ្នក​បើកបរ​ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន​ យក​រថយន្ត​ទៅ​ឆៀក​ឱ្យ​បាន​តាម​ពេល​កំណត់​ និង​បើកបរ​ដោយ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​៕

អត្ថបទ៖ សុផល

មតិយោបល់