• 2019-07-18 00:10:00
  • សុខភាព

រឿង​រ៉ាវ​ខ្លះៗទាក់ទង​នឹង​ជំងឺគ្រុន​ឈាមដែលយើង​គួរ​ដឹង

  • 2019-07-18 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​បួន​ដងហើយ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មក​នេះ​។​

ជំងឺគ្រុន​ឈាម​ជា​ជំងឺ​ឆ្លង និង​រាត​ត្បាត​បង្ក​មកពី​ការ​ជ្រៀត​ចូលទៅក្នុង​ខ្លួនមនុស្ស​នូវ​វីរុសគ្រុនឈាម​ តាម​រយៈ​ភ្នាក់ការ​ចម្លង​​ដែលគេ​ដឹង​ជាទូទៅថា​មូស​ខ្លា​ញី។

(សារទាក់ទងនឹងជំងឺគ្រុនឈាម/រូបភាព៖ ក្រ​សួង​សុខាភិបាល)

បើ​តាម​មន្ត្រី​ជំនាញ​ជំងឺនេះ​បាន​ផ្ទុះឡើង​ខ្លាំងនៅកម្ពុជា​ចំនួន​បួន​ដង​ហើយ​គិត​ទាំងឆ្នាំ២០១៩នេះ ពោលគឺ លើកទី​១​នៅ​ឆ្នាំ២០០២ លើកទី២នៅ​ឆ្នាំ២០០៧ និង​ទី​បី​នៅ​ឆ្នាំ២០១២ ។

លោក​វេជ្ជបណ្ឌិត​ លាង រិទ្ធា ប្រ​ធាន​កម្មវិធី​ប្រយុទ្ធនឹង​ជំងឺគ្រុន​ឈាម​នៃក្រ​សួងសុខាភិបាល​ថ្លែង​ក្នុង​សិក្ខាសាលា​កាលពី​ម្សិល​មិញ​ថា​ជំងឺនេះ​មាន​វដ្ត​របស់​វា​ក្នុង​រង្វង់​ប្រាំ​មួយ​ទៅ​ប្រាំពី​ឆ្នាំ​ម្ដង ដែល​លោក​ថា​ជា​ពេល​ដែល​ប្រ​ព័ន្ធ​ការ​ពាររាងកាយ​របស់​មនុស្ស​តែងចុះ​ខ្សោយ​ក្នុង​រយៈ​ពេល​នោះ។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៩​នេះ​ជំងឺគ្រុន​ឈានបាន​ផ្ទុះ​ឡើង​ប្រហែលជា​ពីរ​ម៉ឺន​ករណី និងមាន​២៥​ករណី​បាន​ស្លាប់ ដែល​មន្ត្រី​ថា​ចំនួននេះ បាន​កើន​ឡើង​បួន​ដង​លើស​ឆ្នាំ​២០១៨ ធៀប​ក្នុង​រយៈពេល​ដូច​គ្នា​។

ជំងឺគ្រុន​ឈាម​កើត​ភាគច្រើន​លើ​កុមារមាន​អាយុចន្លោះពី​៥ទៅ​១៥ ឆ្នាំ​ ហើយ​ជំងឺគ្រុន​ឈាម​ក៏កើត​លើ​មនុស្ស​ពេញ​វ័យ​ដែរ ដែល​បាន​កើត​ឡើង​ប្រហែលជា​១ភាគរយ​ចាប់តាំងពី​ឆ្នាំ២០១៣​មក។​

មូល​ហេតុ​នាំ​ឲ្យ​កើត​ជំងឹគ្រុន​ឈាម​

មូល​ហេតុ​នាំ​ឲ្យ​កើត​ជំងឺគ្រុន​ឈាម​គឺ​ការ​បង្កឲ្យ​មាន​ជម្រក​មូសខ្លា និងកន្លែង​ពង​កូន​របស់​វា។ ពាង​ឬអាង​ស្តុកទឹក​ សំបក​កំប៉ុង សំបក​កង់ឡាន​ចាស់ៗ និង​សំបក​ដូងជា​ដើម​សុទ្ធសឹងជា​កន្លែង​អាច​ដក់​ទឹក​បាន​សម្រាប់ជាជម្រកមូសខ្លា​ពង​កូន។ នេះ​បើតាម​ឯកសារ​របស់​ក្រ​សួង​សុខាភិបាល។​ កត្តា​ស្លៀក​សម្លៀកបំពាក់​មិន​ត្រឹម​ត្រូវជិត​ល្អ មិន​គេង​ក្នុង​មុង បណ្ដាល​ឲ្យ​មូសខ្លាខាំ​នៅពេល​ថ្ងៃ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏ជា​ធាតុ​ផ្សំនៃ​ការ​បង្កឲ្យ​មាន​ជំងឺ​គ្រុន​ឈាមផង​ដែរ។

ត្រូវ​ធ្វើ​យ៉ាងម៉េច​បើ​សង្ស័យថា​កើត​ជំងឺគ្រុន​ឈាម​?

រោគសញ្ញា​គ្រុន​ឈាម​នឹង​ស្ដែងចេញចន្លោះពី​៨ទៅ​១០​ថ្ងៃក្រោយពី​មូសខ្លាញី​ផ្ទុក​វីរុសនេះខាំ។ កុមារឬមនុស្សធំ​មាន​គ្រុន​ក្ដៅ​ខ្លាំងភ្លាមៗ​ពី​៣៩​ទៅ​៤០​អង្សាសេ​រយៈពេល​២​ទៅ​៧ថ្ងៃ បូក​រួម​នឹង​រោគសញ្ញា​មុខឡើង​ក្រហម ឈឺក្បាល ឈឺផ្នែក​ខាងក្រោម​រង្វង់ភ្នែក ឈឺសាច់ដុំ ឈឺសន្លាក់ សន្លឹម ឬកុមារឡេះឡះ អង់កម្លាំង​ខ្លាំង និង​ស្បែក​ស្អិត​ជា​ដើម សុទ្ធតែជា​រោគសញ្ញា​នៃជំងឺគ្រុន​ឈាម។ ករណីនេះ​បើ​កើត​មាន​ត្រូវ​ប្រ​ញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​នៅជិត​ដើម្បីពិនិត្យ និង​ព្យាបាលជា​បន្ទាន់។

តើមាន​ឱសថព្យាបាលជំងឺគ្រុន​ឈាមទេ?

លោក​វេជ្ជបណ្ឌិត​ លាង រិទ្ធា មានប្រ​សាសន៍ថា​ជំងឺគ្រុន​ឈាម​កើត​ឡើងពី​វីរុស​ ដែល​ថា​គ្មា​នទេ​ឱសថ​សម្រាប់​ព្យាបាល​​វីរុស​ដូច​ជាគ្រុនឈាម ផ្ដាសាយ និង​HIV ជា​ដើម​នោះ។ ប៉ុន្តែ​ការ​ព្យា​បាល​ជំងឺគ្រុន​ឈាម​ជា​ការ​គាំទ្រ​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្រ្តតាម​រោគសញ្ញា ដូច​ជា​ក្ដៅខ្លួន​ត្រូវ​ឲ្យ​ថ្នាំ​បំបាត់​ក្ដៅ ខ្វះជាតិ​ទឹក​ត្រូវ​ដាក់​សេរ៉ូប​បំពេញ​ជាតិ​ទឹក​តាមការ​កំណត់​របស់​គ្រូពេទ្យជំនាញ។

(លោក​វេជ្ជបណ្ឌិត​ លាង រិទ្ធា )

វិធានការបង្ការជំងឺគ្រុន​ឈាម​

ជានិច្ចកាល​ត្រូវ​គេ​ងក្នុង​មុង ឬមុងជ្រលក់ថ្នាំ ពិសេស​គេង​ពេល​ថ្ងៃ។ សម្រាប់​ផ្ទះ​វិញ​ត្រូវ​មានពន្លឺចេញ​ចូល​ល្អ ហើយ​ខោអាវត្រូវ​បត់ទុក​ឲ្យ​បាន​ត្រឹម​ត្រូវជៀសវាង​ព្យួរ​រណេង​រណោង​អាច​ជា​ជម្រក​ដល់​មូសខ្លា។

សម្អាតបរិស្ថាន​ជុំវិញ​ផ្ទះ កុំ​ឲ្យ​មាន​ទឹក​ដក់ លាង​សម្អាត​ពាង ឬអាង​ស្តុក​ទឹក​ គ្របឲ្យ​បាន​ត្រឹម​ត្រូវ ដាក់ថ្នាំអាបេ​ត ឬត្រីក្រឹម​ប្រាំពីរពណ៌ និង​កាប់​ស្កាព្រៃ​ស៊ុបទ្រុប​ចេញឲ្យ​អស់ពី​ផ្ទះ ជាអ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទប់ស្កាត់ជំងឺនេះ​។

ក្នុង​រណី​មាន​ឃើញ​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍ក្ដៅ​ខ្លួន​ច្រើនគ្នា និង​សង្ស័យថាកើតជំងឺគ្រុន​ឈាម​ប្រ​ជា​​ពល​រដ្ឋ​អាច​រាយការណ៍ទៅក្រ​សួង​សុខាភិបាល​តាម​រយៈ​ទូរសព្ទ​១១៥៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម