- 2019-07-19 01:51:23
- ព័ត៌មាន
កម្ពស់ទឹកទន្លេមេគង្គរដូវវស្សាឆ្នាំនេះទាបជាងកំណត់ត្រាកាលពីឆ្នាំ១៩៩២
- 2019-07-19 01:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពស់ទឹកទន្លេមេគង្គរដូវវស្សាឆ្នាំនេះទាបជាងកំណត់ត្រាកាលពីឆ្នាំ១៩៩២
ចន្លោះមិនឃើញ
គណៈកម្មកាទន្លេមេគង្គឲ្យដឹងថាកម្ពស់ទឹកទន្លេមេគង្គក្នុងរដូវទឹកឡើងឆ្នាំនេះមានកម្រិតទាប ពោលគឺទាបជាងកំណត់ត្រាដែលមានកាលពីឆ្នាំ១៩៩២ទៅទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការទន្លេមេគង្គបានឲ្យដឹងថាកម្ពស់ទឹកចន្លោះខែមិថុនា ដល់កក្កដា គឺទាបជាងអ្វីដែលបានកត់ត្រាកាលពីឆ្នាំ១៩៩២ តែរំពឹងថាស្ថានភាពនេះនឹងបញ្ចប់ទៅវិញនៅដំណាច់ខែកក្កដា។
ប្រភពខាងលើឲ្យដឹងថាស្ថានភាពទឹកនៅស្ថានីយឈាងសែនមានកម្ពស់ត្រឹម២,១០ម៉ែត្រ ទាបជាងកម្ពស់មធ្យម៣,០២ម៉ែត្រដែលវាស់តាំងពីឆ្នាំ១៩៦១ ដល់២០១៨។
សម្រាប់នៅវៀងច័ន្ទវិញកម្ពស់ទឹកមានត្រឹម០,៧ម៉ែត្រ ឬ៥,៥៤ម៉ែត្រទាបជាងកម្ពស់ទឹកជាមធ្យម។ សម្រាប់នៅខេត្តក្រចេះប្រទេសកម្ពុជាវិញកម្ពស់ទឹកគឺ៩,៣១ម៉ែត្រ ទាបជាងកម្រិតមធ្យមរបស់ខ្លួន៥,៤០ម៉ែត្រ។
ដោយឡែកនៅថ្ងៃនេះក្រសួងធនធានទឹកកម្ពុជាឲ្យដឹងដែរថាកម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ត្រឹម៩,២៧ម៉ែត្រ ខណៈនៅអ្នកលឿងមានកម្ពស់ត្រឹម១,៥២ម៉ែត្រ ហើយទន្លបាសាក់ ចតុមុខវិញមានកម្ពស់ត្រឹម២,៣៦ម៉ែត្រ ទាបជាងម្សិលមិញ០,០២ម៉ែត្រ។
សម្រាប់មូលហេតុដែលនាំឲ្យកម្ពស់ទឹកទន្លេមេគង្គទាបនេះ គណៈកម្មការទន្លេមេគង្គឲ្យដឹងថាមកពីបរិមាណទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ពោលគឺបានត្រឹម៦៧ភាគរយនៃចំនួនទឹកភ្លៀងធ្លាក់ជាមធ្យមប្រចាំខែមិថុនា ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៨។
កម្ពស់ទឹកទាបនេះក៏អាចមកពីចំនួនទឹកហូរធ្លាក់ពីខាងលើមកដែរ ដោយចាប់ពីថ្ងៃទី៥ដល់ទី១៩ ខែកក្កដា ឆ្នាំ២០១៩ បរិមាណទឹកហូរចេញពីទំនប់Jinghong ក្នុងខេត្តYunnan ប្រទេសចិនប្រែប្រួលពីបរិមាណ១ ០៥០-១២៥០ម៉ែត្រគួបក្នុងមួយវិនាទី មកត្រឹម៥០៤-៦០០ម៉ែត្រគួបក្នុងមួយវិនាទីវិញ ដោយហេតុផលភាគីចិនជួសជុលថែទាំបង្គោលភ្លើង៕