• 2019-07-19 04:47:51
  • ព័ត៌មាន

គ្រាន់​តែ​នាំគ្នាគូស​អាវ​​ទុក​ជា​អនុស្សាវរីយ​ មុន​ចប់​វិទ្យាល័យ​ ជារឿងខុស​ឬទេ?

  • 2019-07-19 04:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីការ​ប្រលង​ឆមាស​លើក​ទី​ ២ ត្រូវ​បាន​បញ្ចប់​ សិស្សានុសិស្ស​ជា​ច្រើន​ ​ពិសេស​​​ថ្នាក់​ទី​ ១២​​បាន​នាំ​គ្នា​គូស​អាវ​ទុក​ជា​អនុស្សាវរីយ​ រួច​ក៏​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ជំទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ក្នុង​ប្រអប់​ Comment ។

ក្នុង​នោះ​ផង​ដែរ​ លោក​គ្រូ​វិទ្យាល័យ​​ម្នាក់​​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​លើក​ឡើង​ថា​​​ អាវ​មួយ​តម្លៃ​យ៉ាង​តិច​ ៥ ដុល្លារ​ បើ​យក​វា​ទៅ​បរិច្ចាគ​ឲ្យ​អ្នក​មាន​ជីវភាព​លំបាក​ វា​ល្អ​ជាង​ ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​ខំ​រក​ប្រាក់​ពី​សំណាក់​សប្បុរសជន​ ពី​គ្រប់​ទិស​ទី​ដើម្បី​ជួយ​ក្មេងៗ​ ដែល​គាត់​គ្មាន​លទ្ធភាព​ទិញ​ខោ​អាវ​ស្លៀក​ពាក់​ ។

លោក​ថា​ ៖«ស្តាយ​ណាស់​ បើ​ដឹង​មុន​ថា​ពួក​គេ​យក​គូស​បែប​នេះ​ គិត​ថា​សុំ​ដូរ​អាវ​ចាស់​ល្មម​ឲ្យ​គូស​ រួច​យក​អាវ​ថ្មី​ទាំង​នោះ​ទៅ​បរិច្ចាគ​ឲ្យ​ក្មេងៗ​ដែល​អត់​វិញ​»។

រូបភាពពីហ្វេសប៊ុក

ជំទាស់​នឹង​មតិ​មួយ​នេះ​ កញ្ញា​ អេង ស្រីមុំ ជា​សិស្ស​ថ្នាក់​ទី​ ១២ មួយ​រូប​ ប្រាប់​មក​កាន់​ Sabay ថា​ កញ្ញា​និង​មិត្តភ័ក្ដិ​ គូស​អាវ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ គឺ​ដោយ​សារ​តែ​ចង់​ទុក​វា​ ជា​អនុស្សាវរីយ​ចុង​ក្រោយ​ មុន​ពេល​បែក​គ្នា​។

កញ្ញា​ថា​ ៖« ខ្ញុំ​ចង់​មាន​ក្តី​ស្រលាញ់​ចុង​ក្រោយ​ និង​ការ​បំភ្លេច​មិន​បាន​ ចង់​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​រហូត​ ទើប​ពួក​ខ្ញុំ​សម្រេច​ចិត្ត​លះ​បង់​អាវ​ដ៏​មាន​តម្លៃ​នេះ​»។

រូបភាពផ្តល់ដោយកញ្ញា អេង ស្រីមុំ

ងាក​មក​កញ្ញា​ សុខុន សុម៉ាភាវី ដែល​បាន​បញ្ចប់​ការ​សិក្សា​តាំង​ពី​ឆ្នាំ​ ២០១៥ មក​នោះ​ បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ក៏​ធ្លាប់​គូស​អាវ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​សិស្ស​ទី​ ១២​ ឆ្នាំ​នេះ​ដែរ​ ហើយ​មក​ដល់​ពេល​នេះ​ កញ្ញា​នៅ​តែ​រក្សា​អាវ​នោះ​ទុក​ជា​អនុស្សាវរីយ៍​ ទោះ​ជា​រៀន​ចប់​ ៤ ឆ្នាំ​ហើយ​ក្តី​។

រូបភាពផ្តល់ដោយកញ្ញា អេង ស្រីមុំ

ចំណែក​សំណួរ​សួរ​ថា​ ខុស​ ឬ​មិន​ខុស​នោះ​ និស្សិត​កម្ពុជា​ទើប​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់​ទំនង​ នៃ​សាកលវិទ្យាល័យ​ Prince of Songkla ប្រទេស​ថៃ​ កញ្ញា​ ហេង សុខជា បាន​បក​ស្រាយ​ថា​ ការ​សរសេរ​ពាក្យ​ពេជ្រ​មិត្ត​ភាព​ ឈ្មោះ​ ឬ​ក៏​គូស​វាស​សញ្ញា​ផ្សេងៗ​នៅ​លើ​អាវ​នោះ​ គឺ​វា​មាន​យូរ​ណាស់​មក​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​ខុស​ ឬ​មិន​ខុស​ វា​អាស្រ័យ​លើ​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​។

រូបភាពផ្តល់ដោយកញ្ញា អេង ស្រីមុំ

កញ្ញា​ថា​ ៖«ការ​សរសេរ​អក្សរ​ ឬ​ក៏​ប្រយោគ​ខ្លីៗ​ អំពី​ចំណង់​មិត្តភាព​របស់​សិស្ស​វិទ្យាល័យ​ ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ វា​មិន​មែន​ជា​ប្រពៃណី​ ឬ​ជា​ទម្លាប់​ពី​ចាស់​បុរាណ​នោះ​ទេ​ តែ​វា​ជា​រស់​និយម​មួយ​ ដែល​ធ្វើ​តៗ​គ្នា​»។

រូបភាពពីហ្វេសប៊ុក

ជាក់​ស្ដែង​កាល​ពី​មុន​​ នៅ​ពេល​រៀន​ចប់​ សិស្ស​និស្សិត​ ពួក​គាត់​ចូល​ចិត្ត​សរសេរ​សៀវភៅ​អនុស្សវរីយ៍​ ដែល​បិទ​រូប​ថត​  ថត​រូប​ជា​មួយ​គ្នា​ ឬ​ឲ្យ​រូប​ថត​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ឥឡូវ​សិស្ស​និស្សិត​ប្ដូរ​ទៅ​ជា​គូស​អាវ​គ្នា​វិញ​ម្តង​។​

និស្សិត​រូប​នេះ​បន្ថែម​ថា​ ៖«ការ​គូស​អាវ​ហ្នឹង​ វា​ល្អ​ត្រង់​មួយ​ថា​ អ្នក​ខ្លះ​អត់​ដែរ​និយាយ​រក​យើង​ទេ​ តែ​រៀន​ចប់​ ពេល​គូស​អាវ​ បែរ​ជា​មក​សរសេរ​ពាក្យ​ល្អៗ​ឲ្យ​យើង​ ឬ​ចំណុច​ល្អ​របស់​យើង​ នេះ​ជា​ចំណុច​ល្អ​មួយ​ក្នុង​ការ​គូស​អាវ​»។

រូបភាពពីហ្វេសប៊ុក

ទាក់​ទង​នឹង​បញ្ហា​មួយ​នេះ​ ប្រទេស​ថៃ​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ ព្រោះ​មាន​អ្នក​ខ្លះ​គិត​ថា​ វា​ជា​រឿង​ល្អ​ ដោយ​សារ​ពួក​គេ​ចំណាយ​ប្រាក់​តិច​ក្នុង​ការ​បង្កើត​អនុស្សាវរីយ៍​ ជៀស​ជាង​ឲ្យ​ការ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​ ខណៈ​អ្នក​ខ្លះ​គិត​ថា​វា​ជា​រឿង​មិន​បាន​ការ​ បើ​យក​អាវ​ទៅ​បរិច្ចាគ​ឲ្យ​ក្មេង​ក្រី​ក្រ​វា​ល្អ​ជាង​។​ នេះបើតាមការឲ្យដឹងពីកញ្ញា សុខជា។

ចំពោះ​កញ្ញា​ផ្ទាល់​ កញ្ញា​យល់​ថា​ ៖«ប្រសិន​ជា​សិស្ស​ណា​មាន​លទ្ធភាព​ ហើយ​ស្រុះ​ស្រួល​គ្នា​ថា​ធ្វើ​ ក៏​ធ្វើ​ទៅ​ វា​មិន​ខុស​នោះ​ទេ​ តែ​ប្រសិន​ជា​សាលា​ហាម​ឃាត់​ ជា​ពិសេស​សាលា​ឯកជន​ ដែល​មាន​ឯក​សណ្ឋាន​ថ្លៃៗ​ យក​វា​ទៅ​ធ្វើ​អ៊ីចឹង​ ក៏​វា​ខ្ចះ​ខ្ចាយ​ដែរ​ កុំ​ធ្វើ​អី​ល្អ​ជាង​»។        

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទពេញនិយម