• 2019-07-19 08:46:22
  • សុខភាព

គ្រាន់តែ​ដើរ​មួយ​ថ្ងៃ៣០នាទី​ ផ្ដល់អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ដល់​សុខភាព​

  • 2019-07-19 08:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ដើរ​បាន​ផ្តល់​ផល​ប្រ​យោជន៍​ជាច្រើន​ដល់​សុខ​ភាព ហើយ​ការ​ដើរ​នេះ​ទៀត​សោត​ក៏អាច​ធ្វើបាន​ដោយ​ងាយ​ស្រួល​មិន​ចំណាយ​ថ្លៃសេវា​អ្វីផ្សេង​ៗដូចទៅ​កន្លែង​ហាត់​​ប្រាណ​នោះ​ដែរ​។

Walk For Health ជាអង្គការ​ផ្នែក​សុខភាព​មួយ​មានទីតាំង​នៅ​ប្រ​ទេស​អង់គ្លេស លើក​ឡើង​ថា​អ្នក​ដែល អង្គុយ​នៅ​មួយ​កន្លែង​យូរ​ មិន​សូវ​មាន​ចលនា​ប្រ​ឈម​នឹ​ងការ​ស្លាប់​លឿន​ជាង​អ្នក​ដែល​មាន​ចលនា​​ច្រើន។

អង្គការ​​ដដែល​បង្ហាញ​តួលេខ​មួយ​ថា​មនុស្ស​ស្លាប់​ដោយសារ​មិន​សូវធ្វើ​ចលនា​ឬ​បញ្ចេញ​កម្លាំង​ពលកម្ម​​មាន​ចំនួន​៦ភាគរយ​នៃអ្នក​ស្លាប់​ទូទាំង​ពិភព​លោក ហើយ​ការមិន​សូវ​មាន​ចលនា​នេះ​បាន​ក្លាយ​ជាឃាតករ​ធំទី​៤​ដែល​សម្លាប់​មនុស្ស​ក្នុង​ពិភព​លោក​ដូចគ្នា​។

អង្គការ​ដដែល​បញ្ជាក់ដែរថា​ការមិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្មនេះ ក៏​ជា​ដើម​ហេតុ​នាំឲ្យមានជំងឺ​ទឹក​នោម​ផ្អែម ជំងឺគាំង​​បេះ​ដូង និង​ជំងឺ​មហារីក​សុដន។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អង្គការខាង​លើ​​បាន​ផ្តល់​អនុសាសន៍​ដល់អ្នក​ដែល​មិន​សូវបាន​បញ្ចេញ​កម្លាំង​ពលកម្ម​ឲ្យ​ដើរ​ឲ្យបាន​យ៉ាង​តិច​៣០នាទី​ក្នុង​មួយ​ថ្ងៃ​។

ការ​ដើរ​ជួយ​ការពារ​មិន​ឲ្យ​លើស​ជាតិ​ស្ករ ឡើង​ទម្ងន់​ខុស​ប្រក្រតី កាត់​បន្ថយ​ការ​ឡើង​សម្ពាធឈាម ជួយ​ឲ្យ​គេង​លក់​ស្រួល កាត់​បន្ថយ​អារម្មណ៍​មួម៉ៅ និង​ជួយ​ពង្រឹង​ការ​ចងចាំ​ជាដើម។ នេះបើ​តាម​ប្រ​ភព​ដដែល។

ចំណែក​របាយការ​ណ៍​មួយ​ដែលធ្វើ​ឡើង​ដោយ​ក្រ​សួង​សុខាភិបាលកម្ពុជា និង​សាកលវិទ្យាល័យវិទ្យា​សាស្រ្ត​សុខាភិបាល ចេញផ្សាយ​កាលឆ្នាំ​២០១០ បាននិយាយ​ដល់​ប្រភេទជំងឺដែល​មិនអាច​ដឹង​មុន ដូចជា​ជំងឺទឹក​នោម​ផ្អែម ជំងឺបេះដូង អំងឺដាច់សរសៃឈាម​ក្នុង​ខួរក្បាល និង​មហារីក​ជាដើម។

ក្នុង​ករណី​សិក្សា​នេះ​ក៏​បាន​លើក​ពី​កត្តា​បញ្ចេញ​កម្លាំង​ពល​កម្ម​ ជា​ផ្នែក​មួយ​ក្នុង​ការ​សិក្សា​ពី​កម្រិត​​ប្រ​ឈម​នៃជំងឺ​ទាំង​នេះ។ បើ​តាម​របាយការណ៍នេះ អ្នក​រស់នៅ​ទី​ប្រ​ជុំ​ជន​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពីរ​ដង​ខ្ពស់​ជាង​អ្នកនៅ​ទីជន​បទ។ ចំណែក​ការ​ឡើង​សម្ពាធឈាម​ខ្ពស់​ក៏​ដូច​គ្នា​ អ្នក​រស់​នៅ​ទី​ប្រ​ជុំ​ជន​មាន​អត្រាខ្ពស់​ជាងអ្នក​រស់​នៅជន​បទគឺ១៦,៩ភាគរយ ទល់​នឹង​១០​ភាគរយ​។​

ចំពោះ​ការ​ណ៍​ដែល​អ្នក​រស់​នៅ​ទី​ប្រ​ជុំ​ជន​មាន​អត្រាកើត​ជំងឺទាំងនេះ​ខ្ពស់ជាង​អ្នករស់​នៅទី​ជន​បទ ទំនងជា​អ្នកនៅទី​ជន​បទ​បាន​បញ្ជេញ​កម្លាំង​ពល​កម្ម​ច្រើន​ជាង​អ្នករស់​នៅទី​ប្រជុំជន​ក្នុង​មួយ​ថ្ងៃៗ។

បើ​តាម​ការ​សិក្សា​ប្រ​ហាក់​ប្រហែល​គ្នា​ផ្សេងទៀត បាន​ផ្តល់អនុសាសន៍​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ដើរ​យ៉ាង​តិច​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍៕ ​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់