• 2019-07-19 14:30:01
  • ព័ត៌មាន

១០ ប្រទេស​ដែល​មិន​ធ្លាប់​ក្រោម​អាណានិគម​របស់​ពួក​អឺរ៉ុប

  • 2019-07-19 14:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា ប្រទេស​ទាំង​ ១០ ដែល​មិន​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ពួក​អឺរ៉ុប៖

១០. អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេស​នេះ​ក្រោម​ចក្រភព​អូតូម៉ង់ (ទួរគី) រហូត​ដល់​សង្គ្រាម​លោក​លើក​ទី ១។ ពេល​នោះ​អង់គ្លេស​បាន​ជួយ​ទំនុក​បម្រុង​កុលសម្ព័ន្ធ​ឲ្យ​បះបោរ​ ដើម្បី​ធ្វើ​ឲ្យ​ចក្រភព​នេះ​ទន់ខ្សោយ។

៩. អ៊ីរ៉ង់៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​មែន ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​បាន​បាត់បង់​ទឹកដី​មួយ​ចំនួន​ធំ​ទៅកាន់ រុស្ស៊ី និង​អង់គ្លេស។

៨. ជប៉ុន៖ ប្រទេស​នេះ​រស់​ក្នុង​ភាព​ឯកោ​និយម​រាប់​ពាន់​ឆ្នាំ រហូត​ដល់​អាមេរិក​គំរាម​កំហែង​ដោយ​ប្រើ​នាវា​យោធា​ធំៗ ឲ្យ​បើក​ចំហ​ប្រទេស​ទៅ​ពួក​លោក​ខាង​លិច។

៧. កូរ៉េ៖ ប្រទេស​នេះ​មិន​ស្ថិត​ក្រោម​អំណាច​របស់​អឺរ៉ុប​ទេ ប៉ុន្តែ​រង​ការ​គំរាមកំហែង​រាប់រយ​ឆ្នាំ​ដោយ​ពួក​ជប៉ុន និង​ចិន ហើយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ពី​ឆ្នាំ១៩១០ រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទី ២។

៦. ថៃ៖ ប្រទេស​នេះ​សុខ​ចិត្ត​ផ្ដល់​នូវ​ការ​ទាមទារ​របស់​អង់គ្លេស និង​បារាំង​ ដូច​ជា​កាត់​ទឹកដី​មួយ​ចំនួន និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស​ឲ្យ​រក​ស៊ី​ក្នុង​ស្រុក​ជាដើម ហើយ​ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​ជា​តំបន់​ស​ ចន្លោះ​ដែនដី​អាណានិគម​អង់គ្លេស (ភូមា) និង​ដែនដី​អាណានិគម​បារាំង (ឥណ្ឌូចិន)។

៥. ចិន៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​ផ្លូវ​ការ​ពិត​មែន ក៏​ប្រទេស​នេះ​រង​ការ​ជិះជាន់​ និង​កេងប្រវ័ញ្ច​ដោយ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន ហើយ​រង​ការ​ឈ្លានពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​ពួក​ជប៉ុន​នៅ​សង្គ្រាម​លោក​លើក​ទី ២​។

៤. អាហ្វហ្គានីស្ថាន៖ ប្រទេស​នេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​រុស្ស៊ី និង​អង់គ្លេស។ ប្រទេស​នេះ​ដែរ​ក៏​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ជាមួយ​អង់គ្លេស​ ហើយ​ក៏​សុខ​ចិត្ត​ឲ្យ​អង់គ្លេស​គ្រប់គ្រង​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន ជា​ថ្នូរ​ការ​កំណត់​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​ ក្នុង​ស្រុក។

៣. នេប៉ាល់៖ អង់គ្លេស​ធ្វើ​សង្គ្រាម​ជាមួយ​រដ្ឋ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​អស់​ចំណាប់អារម្មណ៍ ដោយ​កត្តា​ភូមិសាស្ត្រ។

២. ប៊ូតាន់៖ ដោយ​លក្ខខណ្ឌ​ភូមិសាស្ត្រ ពួក​អង់គ្លេស​គ្រប់គ្រង​តែ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ។

១. អេត្យូពី៖ អង់គ្លេស​បាន​បរាជ័យ​ក្នុង​ការ​ឈ្លានពាន​ប្រទេស​នេះ ហើយ​ពេល​អ៊ីតាលី​ចូល​មក អ៊ីតាលី​គ្រប់គ្រង​តែ​តំបន់​ជាប់​សមុទ្រ​ទេ៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម