- 2019-07-22 08:47:57
- ព័ត៌មាន
ផ្សឹកភិក្ខុកក្កដា សុភ័ណ្ឌ ព្រោះលំបាកប្រដៅពេក
- 2019-07-22 08:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សឹកភិក្ខុកក្កដា សុភ័ណ្ឌ ព្រោះលំបាកប្រដៅពេក
ចន្លោះមិនឃើញ
យោងតាមទំព័រ Facebook សាលាគណរាជធានីភ្នំពេញ ភិក្ខុ កក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទកាលពីវេលាព្រលប់ថ្ងៃទី ២១ កក្កដា ឆ្នាំ ២០១៩ នេះ ចំពោះមុខមន្ត្រីសង្ឃនានា។ មូលហេតុនាំឲ្យសង្ឃសម្បូរលាភអង្គនេះសឹក ដោយសារមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ក្នុងព័ត៌មានសង្គម។ បើតាមកំណត់ត្រាសរសេរដោយ ភិក្ខុអង្គនេះ បានទទួលស្គាល់ថា ទង្វើដែលខ្លួនបានប្រព្រឹត្តិកន្លងមក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា។
នេះទំនងដោយសារតែការធ្លាយរូបភាព ដួលស្ដូកស្ដឹងប្រឡាក់ដោយឈាម ហើយត្រូវបានភិក្ខុអង្គនេះបកស្រាយថា ជាការសម្ដែងរឿងអប់រំខ្លី។ រូបភាពនេះបានធ្វើឲ្យផ្ទុះការរិះគន់ជាច្រើនពីអ្នកលេង Facebook ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា។
បើតាមព្រះគ្រូ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថា៖ កាលពីព្រលប់ថ្ងៃទី ២១ កក្កដានេះ គណៈសង្ឃបានសម្រេចសេចក្ដី ឲ្យភិក្ខុ កក្កដា សុភ័ណ្ឌសឹក ព្រោះភិក្ខុអង្គនេះ ត្រូវអាបត្តិសង្ឃាទិសេស គឺ ភិក្ខុដទៃហាមប្រាមមិនស្ដាប់ ឬហៅម្យ៉ាងទៀតថា បុគ្គលដែលលំបាកប្រដៅ ។
សិក្ខាបទសម្រាប់ភិក្ខុសង្ឃទាំងអស់មាន ២២៧ ក្នុងនោះ សង្ឃាទិសេស មាន១៣ «ខ» ។ នៅត្រង់ «ខ» ១២ ព្រះពុទ្ធបញ្ញត្តិថា ភិក្ខុមានជាតិជាអ្នកប្រដៅក្រ (លំបាកប្រដៅ) ភិក្ខុឯទៀតឃាត់មិនស្ដាប់។ សង្ឃបានសូត្រសមនុភាសនកម្ម ដើម្បីឲ្យលះបង់។ បើមិនលះបង់ ត្រូវសង្ឃាទិសេស ។
ព្រះគ្រូ ឃឹម សនមានសង្ឃដីកាថា៖ ភិក្ខុសុភ័ណ្ឌនេះ តាំងតែពីនៅជាសាមណេរម្ល៉េះ ភិក្ខុសង្ឃចាស់វស្សាបានស្ដីប្រដៅ ណែនាំជារឿយៗ តែលោកមិនស្ដាប់តាមសោះ រហូតនាំឲ្យមានរឿងរ៉ាវបែបនេះ។ យ៉ាងណាក៏ដោយ បើសឹកទៅ ហើយមានបំណងចង់បួសវិញ ក៏បាន តែត្រូវរៀនសូត្រធម៌វិន័យឲ្យបានចេះចាំស្ទាត់ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនល្អ ។
ព្រះមេគណរាជធានី ក៏មានសង្ឃដីការិះគន់ថា ភិក្ខុសាមណេរខ្លះ មិនយកចិត្តទុកដាក់រៀនវិន័យទេ បែរជាខំខាងរៀនទេសនាទៅវិញ ទាំងខ្លួនឯងមិនទាន់មានការសង្រួមល្អ ចេះដឹងជ្រៅជ្រះនៅឡើយ។ ការធ្វើបែបនេះមិនខុសអ្វីពីការសម្លឹងឃើញលាភសក្ការៈនោះទេ។ ព្រះអង្គក្រើនរំឭកដល់ ភិក្ខុ សាមណេរ ច្រើនអង្គផ្សេងទៀតឲ្យខិតខំសិក្សាធម៌អាថ៌ វិន័យ និងប្រព្រឹត្តិឲ្យបានខ្ជាប់ខ្ជួន។
ពេលនេះលោក កក្កដា សុភ័ណ្ឌ លែងជាបព្វជិតក្នុងព្រះពុទ្ធសាសនាទៀតហើយ។ កាលនៅជាភិក្ខុ គាត់បានធ្វើទានដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ជាហូរហែនិងទទួលបានការកោតសរសើរពីមហាជនផងដែរ។