• 2019-07-23 02:58:25
  • ព័ត៌មាន

សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវប្រ​ទះឃើញ​ថា​ស្លាប់​នៅខេត្តក្រចេះកាលពីម្សិលមិញ​

  • 2019-07-23 02:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​មាន​ទម្ងន់ជាង​១០០គីឡូក្រាម​​ត្រូវប្រទះឃើញស្លាប់​នៅ​ខេត្ត​ក្រ​ចេះ​កាលពីម្សិលមិញ ដោយ​សង្ស័យថា​​ស្លាប់​ដោ​យសារជាប់មង។

(រូបភាព៖ WWF-Cambodia)

ប្រភព​ពី​WWF-Cambodia​​បាន​ឲ្យ​ដឹថា​កាលពី​ម្សិល​មិញ​ក្រុម​ការងារបាន​ដឹង​ថាសត្វ​ផ្សោតមួយ​ក្បាល​បានស្លាប់​​ ហើយ​សាកសព​ត្រូវគេ​ប្រទះឃើញ​នៅក្នុង ភូមិកាកុត ​ឃុំសំបុក ​ស្រុកចិត្របុរី​ ទី​រួមខេត្ត​ខេត្តក្រចេះ។ ការ​ស្លាប់នេះ​មន្ត្រីសង្ស័យ​ថា​ដោយ​សារ​ជាប់​មង ដោយ​ឃើញមាន​ស្នាម​មង​នៅ​នឹង​ផ្នែក​កន្ទុយ។​

សត្វ​ផ្សោត​នេះ​មាន​ទម្ងន់១០៤ គីឡូក្រាម ប្រវែងសរុប ១,៩៨ ម៉ែត្រ និង​អាយុប្រហាក់​ប្រហែល​ចន្លោះពី ១៥-១៨ ឆ្នាំ។ ប្រភព​បន្តថា​សត្វផ្សោតដែលស្លាប់នេះជាសត្វ​ផ្សោតទី​៥ហើយដែល​បាន​ត្រូវ​គេប្រទះ​ឃើញថា​​ស្លាប់​តាំងពីខែមករា ឆ្នាំ២០១៩ រហូតមក​ដល់បច្ចុប្បន្ន ​ហើយ​ចំនួនកូនផ្សោត​ដែល​កើត​ក្នុងកំឡុងពេលដូចគ្នានេះ​គឺមានចំនួន៩ក្បាល។

(រូបភាព៖ WWF-Cambodia)

WWF-Cambodia សរសេរទៀតថា៖ «ការដាក់មង​នៅក្នុង​តំបន់អភិរក្ស គឺ​ជាកត្តា​ចំបង​ដែលធ្វើ​ឲ្យ​មាន​ការស្លាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​។ យើង​ខ្ញុំសូម​អំពាវនាវ​ សូម​កុំឲ្យ​មាន​ការនេសាទ​ខុសច្បាប់​ក្នុងតំបន់​អភិរក្ស​ដើម្បីការ​ពារសត្វ​ផ្សោតទន្លេ​មេគង្គ​ដែលជាបេតិក​ភណ្ឌមាន​ជីវិតដ៏​មានតម្លៃ​របស់​ប្រទេស​យើង»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់