• 2019-07-23 08:09:56
  • ព័ត៌មាន

សមត្ថកិច្ចចាប់ខ្លួន​​បុរស​ជនជាតិចិន​ម្នាក់​​សង្ស័យ​​សម្លាប់​​សង្សា​​​មានផ្ទៃពោះ​​រួច​ដុតសាកសព

  • 2019-07-23 08:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ឲ្យ​ដឹងថា​បុរសជនជាតិចិន​ម្នាក់​ត្រូវ​ចាប់​ខ្លួន និង​កំពុងកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ជាប់​សង្ស័យ​ថា​បាន​សម្លាប់ និង​ដុត​សង្សារបស់​ខ្លួន​ទាំងមាន​ផ្ទៃ​ពោះ។

(សមត្ថកិច្ចកំពុងពិនិត្យកន្លែង​ដុតសាកសពនារីរងគ្រោះ/រូបភាព៖ នាយកដ្ឋាន​នរគបាលព្រហ្មទណ្ឌនៃអគ្គស្នងការ​ដ្ឋាន​រគរបាលជាតិ​)

នាយកដ្ឋាន​នរគបាលព្រហ្មទណ្ឌនៃអគ្គស្នងការ​ដ្ឋាន​រគរបាលជាតិ​ឲ្យ​ដឹង​តាម​រយៈហ្វេស​ប៊ុក​របស់​ខ្លួន​នារសៀល​នេះ​ថា បុរសជា​ជនជាតិ​ចិនខាង​លើ​មាន​ឈ្មោះ​ថាYang Yang អាយុ២៨ឆ្នាំ។ ប្រ​ភព​បន្តថា​បុរសខាង​លើ​បាន​មកធ្វើការ​នៅ​ប្រ​ទេស​កម្ពុជា​កាលពីខែ​តុលា ឆ្នាំ២០១៦ និង​បាន​ស្គាល់​នារីរងគ្រោះ​ឈ្មោះ Miao Xiaolin​ នៅ​ឆ្នាំ២០១៨​ និង​បានក្លាយជា​សង្សា​នឹង​គ្នា​ក្រោយ​មកទៀត។

អ្នក​ទាំងពីរ​បាន​ជួល​បន្ទប់​រស់​នៅ​ជាមួយ​គ្នានៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ នេះបើ​តាម​ប្រភព​ដដែល​។ ប្រ​ភព​សរសេរទៀតថា៖ «លុះ​ដល់​ថ្ងៃទី២៩ ​ខែមិថុនា ឆ្នាំ២០១៩ [ជន​សង្ស័យ]​បាន​ប្រាប់​ឲ្យជន​រង​គ្រោះ​យកកូនចេញ​ ព្រោះ​ថា​ខ្លួន​មានប្រពន្ធ​រួចហើយ ​តែជនរង​គ្រោះមិនព្រម ក៏មាន​ការ​ឈ្លោះ​ប្រកែក​​គ្នាហើយ​ខ្លួនក៏ច្រានជនរងគ្រោះ​ឲ្យដួលទៅ​លើឥដ្ឋ​បណ្តាល​ឲ្យ​សន្លប់​ ហើយ​បាន​យក​កន្សែង​ពោះគោរិតកសម្លាប់»។

ក្រោយ​ពី​សម្លាប់​ជនសង្ស័យ​បាន​ទិញ​វ៉ាលី​មួយ​ដើម្បី​ដាក់​សាកសព និង​ទិញ​សាំង​មួយ​ដប​ផង​ រួច​ដឹក​សាកសព​តាម​រថយន្ត​យកទៅ​ដុត​ចោល​នៅចំណុចដីឡូតិ៍លីយ៉ុងផាត់នៅ​ម៉ោង​ប្រហែល​៨យប់ និង​បាន​គេចខ្លួន​ទៅ​ប្រ​ទេស​ចិន​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១៩​។ នេះ​បើ​តាម​ចម្លើយ​សារភាព​របស់ជនសង្ស័យ​ដែល​ប្រ​ភព​ខាងលើ​បាន​ផ្សាយ។

ប្រ​ភព​ដដែល​សរសេរ​បន្តថា៖ «រហូត​ដល់ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៩ ជន​ដៃដល់​ក៏ត្រឡប់​មក​ធ្វើការ​នៅក្នុងក្រុមហ៊ុន​វិញ ​ដោយគិត​ថាពុំមាន​អ្នកណា​ដឹងរឿងនេះ តែ​ពេល​មកដល់​ក្រុមហ៊ុនវិញ​ក៏ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ បច្ចុប្បន្ន​បន្ទាប់​ពីបញ្ចប់ការសួរ​នាំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ កំពុងកសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការបន្ដតាម​នីតិវិធី»​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់