• 2019-07-23 09:03:25
  • ព័ត៌មាន

WCS៖ កម្ពុជាជាទីកន្លែង​ឆ្លងកាត់ការជួញដូរផលិតផលសត្វព្រៃ មកពីទ្វីបអាហ្វ្រិក ទៅកាន់ទីផ្សារ​តំបន់អាស៊ី

  • 2019-07-23 09:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាទីកន្លែងឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរផលិតផលសត្វព្រៃមកពីទ្វីបអាហ្វ្រិកចូលទៅក្នុងទីផ្សារជាច្រើននៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរវាង អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០១៩។

សេចក្ដីប្រកាសដដែលបានឲ្យដឹងថា ការជួញដូរសត្វព្រៃទាំងនោះ រួមមានភ្លុកដំរី កុយរមាស និងពង្រូល ជាដើម។ នៅកម្ពុជាក៏មានការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា ផងដែរ ហើយការជួញដូរសត្វព្រៃនៅកម្ពុជាឆ្លងកាត់តាមព្រំដែនគោក ក៏ជាបញ្ហាប្រឈមដែរ។

រូបភាព​យក​ពី ផេកផ្លូវការ WCS Cambodia

នៅឯពិធីសិក្ខាសាលាស្ដីពី “តួនាទីរបស់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ” ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាការកាំបូឌីយ៉ាណា កាលពីព្រឹកមិញនេះ លោកស្រី Sarah Brook, ជាទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃនៅអាស៊ី នៃអង្គការ WCS បានបន្ថែមថា “តាមពិតទៅមិនមែនមានតែប្រទេសកម្ពុជាទេដែលឆ្លងកាត់ការជួញដូរផលិតផលសត្វព្រៃ គឺមានប្រទេសផ្សេងដែរ”។

លោកស្រី បានលើកឡើងទៀតថា បើទោះបីអាជ្ញាធរមានសមត្ថកិច្ចបានខិតខំបង្ក្រាបបទល្មើសជួញដូរសត្វព្រៃក្ដី ប៉ុន្ដែប្រទេសកម្ពុជា នៅតែមានករណីជួញដូរសត្វព្រៃ ដោយយកប្រទេសមួយនេះជាទីកន្លែងឆ្លងកាត់ ដែលភាគច្រើនបាននាំមកពីប្រទេសអាហ្វ្រិក ហើយនាំបន្ដទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេស វៀតណាម និងចិន។ ការជួញដូរកន្លងមកមានទាំងព្រំដែនគោក សមុទ្រ និងច្រកអន្ដរជាតិ។

ក្រៅពីការជួញដូរឆ្លងកាត់ប្រទេសកម្ពុជា គឺកម្ពុជាខ្លួនឯងក៏មានការជួញដូរសត្វព្រៃ និងការបរបាញ់សត្វព្រៃផងដែរ ដែលសត្វទាំងនោះរួមមាន៖ សត្វព្រៃ ឬសត្វកម្រ ដែលបានជួញដូរកន្លងមកនៅកម្ពុជា មានដូចជា អណ្ដើក, កន្ធាយ, ពស់, ពង្រូ, ខ្លារខិន, ក្ដាន់, ខ្ទីង គោរព្រៃ និងសត្វល្មូនផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា ការជួញដូរសត្វព្រៃត្រូវបានគេចាត់ទុកថា ជាបទល្មើសឆ្លងដែនមួយក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើន ដែលអាចរកប្រាក់បានច្រើនបំផុតនៅក្នុងពិភពលោក ដែលគិតជាទឹកប្រាក់ស្មើប្រមាណចន្លោះពី ៧ពាន់លានដុល្លារទៅ ២៣ពានលានដុល្លារអាមេរិក នៃចំណូលខុសច្បាប់ក្នុង១ឆ្នាំៗ (ប្រភព៖ UNEP/Interpol)។

ជាក់ស្ដែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាក់ចំណូលបានមកពីការជួញដូរសត្វព្រៃខុសច្បាប់ មានចំនួន ២,៥ពាន់លានដុល្លារក្នុង១ឆ្នាំ។ ការជួញដូរសត្វព្រៃ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសត្វព្រៃនៅទូទាំងពិភពលោក ធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ចម្លងជំងឺដល់មនុស្ស និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ការជួញដូរសត្វព្រៃ គួរត្រូវបានគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរមួយ ដូចគ្នាទៅនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរអាវុធដែរ។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋាភិបាលដើម្បីពង្រឹងការអនុវត្តច្បាប់ និងចំណាត់ការរបស់តុលាការលើការជួញដូរសត្វព្រៃ នៅទូទាំងតំបន់អាស៊ី។ ការរឹបអូសសត្វព្រៃតែម្យ៉ាង មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជនល្មើសជួញដូរសត្វព្រៃ ដែលរកប្រាក់កម្រៃបានច្រើនលើសលប់ពីមុខជំនួញខុសច្បាប់របស់ខ្លួនឡើយ។ ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ គេចាំបាច់ត្រូវធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសជនជួញដូរសត្វព្រៃ ព្រមទាំងដាក់ពិន័យឲ្យបានត្រឹមត្រូវទៅតាមទំហំ នៃទោសកំហុសរបស់ពួកជនទាំងនោះ ដើម្បីធានាថាបណ្ដាញក្រុមជួញដូរសត្វព្រៃត្រូវបានរំខាន និងរំលាយចោល។

លោកស្រី Sarah Brook, ជាទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃនៅអាស៊ី នៃអង្គការ WCS បានសង្កត់ធ្ងន់ថា ថ្វីត្បិតសមត្ថកិច្ចបានខិតខំបង្ក្រាប ប៉ុន្ដែបទល្មើសនៅតែមានអាចបណ្ដាលមកពីការអនុវត្តច្បាប់ នៅធូរលុង ដែលទាមទារឲ្យមានការរឹតបន្ដឹងបន្ថែមទៀត។ មួយទៀត តួនាទីរបស់អ្នកសារព័ត៌មានក៏សំខាន់ដែរ ដែលចូលរួមតាមដាន និងធ្វើសេចក្ដីរាយការណ៍ផ្សេងៗ។

ប្រព័ន្ធសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហានានាក្នុងសង្គម និងប្រែក្លាយបញ្ហាទាំងនោះឲ្យទៅជារបៀបវារៈសាធារណៈ និងអាចមានឥទ្ធិពលដល់គោលនយោបាយ និងធ្វើឲ្យមានការឆ្លើយតបពីសំណាក់រដ្ឋាភិបាល និងសាធារណៈជន។ នៅពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយអំពីការជួញដូរសត្វព្រៃនៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គឺនៅមានកម្រិត ហើយប្រជាពលរដ្ឋកម្ពុជាទូទៅមាការយល់ដឹងនៅមានកម្រិតអំពីបញ្ហាដ៏ធ្ងន់ធ្ងរ នៃការជួញដូរសត្វព្រៃនេះ៕

ការសង្គ្រោះសត្វព្រៃ

រូបភាពយកពីផេកផ្លូវការ WCS Cambodia

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់