• 2019-07-29 09:08:47
  • ការអប់រំ

លោក លឹម លីហុង ប្រាប់ពី​លក្ខណៈសម្បត្តិ​ត្រូវ​មាន​ដើម្បី​បាន​អាហារូបករណ៍​​សិក្សា​នៅ​​ជប៉ុន

  • 2019-07-29 09:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លឹម លី​ហុង​ បាន​ទៅ​ប្រ​ទេស​ជប៉ុន​កាលពីខែ​តុលា ឆ្នាំ២០១២ ក្រោយ​បញ្ជប់​ថ្នាក់​បរិញ្ញាបត្រ​ពី​កម្ពុជា ដើម្បីបន្ត​ការ​សិក្សា​លើ​មុខ​វិជ្ជា​ច្បាប់​ ទាំង​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ ដោយ​​​បាន​ចំណាយ​ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​ក្នុង​ប្រទេស​ជឿន​លឿន​មួយ​នេះ។

លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​កាលពី​ឆ្នាំ​២០១៨។ ឆ្លង​កាត់​បទពិសោធន៍​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​នេះ លោក​ថា​អ្នក​ចង់​ទៅ​សិក្សា​នៅ​ប្រ​ទេសនេះ​​ក្នុង​ក្រម​ខណ្ឌអាហារូបករណ៍​គួរ​មាន​លក្ខណៈ​សម្បត្តិ​មួយចំនួនជាគោល​។

(លោក លឹម លីហុង)

ភាសាអង់គ្លេស​លោក​ថា​មិន​អាច​ជៀស​ផុត​បាន​ទេ ដែល​អ្នក​ចង់​បាន​អារូបករណ៍​ត្រូវ​ចេះ តែ​ថា​បើ​ចង់ទៅ​ជប៉ុន​ អ្នក​ដែល​ចេះ​ភាសា​ជប៉ុន​ទំនង​ជា​មាន​ឱកាស​កាន់តែ​ច្រើន។ លោក​បន្តថា​រូប​លោក​បាន​សិក្សា​ភាសា​ជប៉ុន​​ និង​បានទាំង​រៀន​ពី​ច្បាប់​របស់ជប៉ុន​ខ្លះ​ផង​មុន​នឹង​បាន​ដាក់​អាហារូបករណ៍​ទៅ​សិក្សា​ប្រ​ទេសមួយនេះ​។

លោកបន្ថែម​បែប​នេះ​ថា៖ «​បើគាត់មាន​ពេល​គួរ​តែ​ទៅ​រៀន​ភាសាជប៉ុន​ បើ​មិន​បាន​[ចេះ​]ច្រើន ក៏​អាច​ថា​​បាន​ត្រឹម​និយាយ ទំនាក់ទំនងមូល​ដ្ឋានក៏បាន​ដែរ ដើម្បី​ងាយ​ស្រួល​បង្កើន​ទំនាន់​ទំនង ឬបង្កើត​មិត្ត​នៅ​ប្រ​ទេស​ជប៉ុន​ហ្នឹង»។​​​​​​

ក្រៅពី​ផ្នែក​ភាសាបរទេស​លោក​ថា​ចំណោទ​បញ្ហាដែល​ត្រូវ​ស្រាវ​ជ្រាវ​ និង​ដំណោះ​ស្រាយ​​នៅពេល​សិក្សាសិក្សា​នៅទីនោះក៏ជា​រឿង​សំខាន់​​។ លោក​បន្តថា៖ «និស្សិត​ដែល​រៀន​ថ្នាក់​ស្រាវជ្រាវ​នោះ​យើង​ចាំ​បាច់​សរសេរនិក្ខេប​បទ​ថ្នាក់​អនុ​បណ្ឌិត ​គេ​នឹង​សួរថា​អ្នក​ឯង​ពេល​ទៅ​រៀន​នៅ​ជប៉ុននឹង​ស្រាវ​ជ្រាវ​លើ​វិស័យ​អីគេ ​អ្វីជា​ចំណោទ​បញ្ហា​ដោះ​ស្រាយ​យ៉ាងម៉េច»។

រីឯចំណុច​ទី​បី​វិញ​លោកថា​គឺ​ការមាន​ទំនាក់ទំនង​ល្អ និងការ​ហាត់​ការ​ងារ​ក្នុង​ពេល​រៀន​នៅ​ថ្នាក់​បរិញ្ញា​បត្រ។ លោក​ឲ្យ​ដឹងថា​រូប​លោក​ផ្ទាល់​បាន​រៀនផង និង​ចូល​ហាត់​ការងារ​ផង​ពេល​កំពុង​រៀនថ្នាក់​​បរិញ្ញាបត្រ។ ដោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់​ស្ថាប័ន លោក​បាន​ទទួល​លិខិត​ឧទ្ទេសនាម​មួយ​ពី​ម្ចាស់​ស្ថាប័ន ដើម្បី​ដាក់​អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​។

លោក​បន្ថែមថា៖ «ខ្មែ​រយើង​ចង់បាន​អាហារូបករណ៍​ទៅសិក្សា​នៅជប៉ុន ទី១​ត្រូវ​ពង្រឹក​ផ្នែក​ភាសា​ហ្នឹងឲ្យ​មែនទែន...ហើយ​ត្រូវ​សម្រួច​មុខវិជ្ជា​សិក្សា​ស្រាវជ្រាវ​ឲ្យ​មែន​ទែន ពេល​ទៅ​ដល់​នោះ​យើង​ស្រាវជ្រាវពី​មុខវិជ្ជាអ្វី មាន​បញ្ហាអ្វីដែល​យើង​ចង់ស្រាវជ្រាវ និងទី​បី​ត្រូវ​ក្ដាប់ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ សាក​សួរ​សិស្ស​ច្បង ការបាន​ព័ត៌មាន​គ្រប់​គ្រាន់​យើងអាចសម្រេចចិត្ត​បាន​លឿន»។

ចុះ​សំណួរអ្វី​ខ្លះ​ដែល​អាច​មាន​ពេល​សម្ភាសន៍​?​

សម្រាប់​លោក​ លឹម លីហុង ពេល​ដាក់ពាក្យ​រៀន​ថ្នាក់​អនុបណ្ឌិត​មិនមានឆ្លងកាត់​ការ​សម្ភាសន៍នោះទេ គឺថា​បានជាប់​តាម​រយៈ​ការ​ដាក់​ពាក្យ និង​ឆ្លើយ​សំណួរ​នានាទៅ​តាម​តម្រូវ​ការ​របស់​ម្ចាស់អាហារូបករណ៍​នៅលើពាក្យ​សុំនោះ ដែលលោក​ថាហាក់​មាន​លក្ខណៈពិសេស​បន្តិច​។ ប៉ុន្តែ​សម្រាប់​​ថ្នាក់បណ្ឌិត​វិញ​លោកថា​សំណួរ​ដែល​កើត​ឡើង​ពេលសម្ភាសន៍​គឺ​ទាក់ទនង​នឹង​គោល​បំណង​នៃការ​សិក្សា និង​ពេល​ចប់​ការសិក្សា​ចង់ធ្វើ​អ្វី​បន្តទៀតទៅ​ថ្ងៃអនាគត​។

លោក​បន្ថែមថា​៖ «មួយ​ទៀត​គឺគេ​សួរថា​ហេតុ​អ្វីបាន​ជាចង់ទៅ​សិក្សានៅ​ប្រ​ទេសជប៉ុន​ តើ​នៅ​ជប៉ុន​មាន​អ្វី​ដែលអ្នក​អាច​រៀន​បាន​ និស្សិត​ដែល​ត្រៀម​យើង​ថា​យើងមាន​ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់ អាហ្នឹង​ជា​ចំណុច​វិជ្ជមាន»។​

គួរ​បញ្ជាក់ថា​​បច្ចុប្បន្ន​លោក លឹម លីហុង ជា​ប្រ​ធានសមាគមន៍​អតីតនិស្សិត​ខ្មែរ​ប្រ​ចាំ​សាកល​វិទ្យាល័យ​Nagoya និង​ក៏ជា​សមាជិក​នៃ ASEAN-Nagoya Clubផង​ដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់