• 2019-07-31 00:30:00
  • សុខភាព

មូល​ហេតុ​ ៨យ៉ាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចេះតែឃ្លានមិនឈប់

  • 2019-07-31 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ធ្លាប់​ជួប​បញ្ហា​រឿង​ឃ្លាន​ចេះ​តែ​ចង់​នេះ​ចង់​នោះ​គ្រប់​ពេល​ទេ?​ ពេល​ខ្លះ​ទើប​តែ​បាយ​ហើយ​សោះ​ នឹក​ចង់​បង្អែម​ ចង់​នំ​ទំ​ពារ​លេង​នេះ​នោះ​ជា​ដើម។​ ទម្លាប់​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ទម្ងន់​របស់​លោក​អ្នក​ចេះ​តែ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។​

១. ជាតិ​អាល់​កុល​

ជឿ​ថា​អ្នក​ខ្លះ​ឲ្យ​តែ​រាង​ស្រវឹង​តិច​ៗ​គឺ​ឃ្លាន​ហើយ​ មិន​ថា​ញ៉ាំ​ស្រា​ប្រភេទ​ណា​នោះ​ទេ។​ ពេល​​លោក​អ្នក​ទទួល​ទាន​ជាតិ​អាល់​កុល​ចូល​ទៅ​ រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​សារ​ជាតិ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​ភ្លាម។​ លោក​ស្រី​ Suzanne​ Dixon​ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​ពេល​ដែល​មនុស្ស​យើង​ញ៉ាំ​បាយ​រួច​រាល់​ហើយ​ ខួរ​ក្បាល​នឹង​បញ្ជា​ប្រាប់​រាង​កាយ​យើង​ថា​ មិន​ចាំ​បាច់​ញ៉ាំ​អ្វី​ទៀត​ទេ។​ តែ​ពេល​មាន​ជាតិ​អាល់​កុល​ចូល​ខ្លួន​ហើយ​ វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​យើង​ចង់​ញ៉ាំ​អ្វី​ម្យ៉ាង​ម្ដង​ទៀត។​

២. ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​

បើ​សិន​លោក​អ្នក​ចេះ​តែ​ឃ្លាន​គ្រប់​ពេល​ វា​អាច​មក​ពី​រាង​កាយ​របស់​លោក​អ្នក​ខ្វះ​ជាតិ​ទឹក​នោះ​ឯង។​ បើ​សិន​មាន​អាការៈ​ឃ្លាន​ សូម​សាក​ល្បង​ពិសា​ទឹក​មួយ​កែវ​ ហើយ​រង់​ចាំ​មើល​ ១៥នាទី​ក្រោយ​ពី​នោះ​ ថា​តើ​លោក​អ្នក​នៅ​តែ​ឃ្លាន​ទៀត​ដែរ​ឬ​ទេ?​

៣. បង្អត់​អាហារ​ហួស​កម្រិត​

ការ​ដែល​លោក​អ្នក​ព្យាយាម​គ្រប់​គ្រង​របប​អាហារ​ខ្លាំង​ពេក​ ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​លោក​អ្នក​ហេវ​ហត់​គ្រប់​ពេល​វេលា​បាន​ដែរ។​ អាហារ​ខ្លះ​ពេល​ញ៉ាំ​ចូល​ទៅ​មិន​នឹង​ពោះ​ ហើយ​ក៏​មិន​បាន​ផ្ដល់​ថាមពល​គ្រប់​គ្រាន់​ឲ្យ​យើង​ដែរ​ ដូច​នេះ​លោក​អ្នក​គួរ​ព្យាយាម​បន្ថយ​បន្តិច​ម្ដង​ៗ​វិញ​ប្រសើរ​ជាង។​

៤. គេង​មិន​គ្រប់​

ជា​ហេតុ​ផល​ងាយ​ៗ​ដែល​ជា​ដើម​ហេតុ​ស្ទើរ​គ្រប់​បញ្ហា​សុខ​ភាព។​ ការ​គេង​មិន​លក់​ គេង​មិន​គ្រប់​គ្រាន់​ផ្ដល់​ផល​អាក្រក់​ដល់​សុខ​ភាព​យ៉ាង​ច្រើន​ ជា​ពិសេស​បញ្ហា​ដល់​ដំណើរ​អរ​ម៉ូន​របស់​លោក​អ្នក​នោះ​ឯង។​

៥. មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​

មាន​ការ​ជជែក​វែក​ញែក​ជា​ច្រើន​ថា​ អាហារ​ពេល​ព្រឹក​ពិត​ជា​ចំបាច់​ឬ​អត់​ទេ​ តែ​អ្នក​ជំនាញ​ជា​ច្រើន​នាក់​នៅ​តែ​ដាក់​ការ​សន្និដ្ឋាន​ថា​ វា​នៅ​តែ​ជា​រឿង​ចាំ​បាច់។​អ្នក​ជំនាញ​ផ្នែក​ការ​គ្រប់​គ្រង​របប​អាហារ​បាន​បញ្ចាក់​ថា​ អាហារ​ពេល​ព្រឹក​មាន​ផល​ប៉ះ​ពាល់​ដល់​អាហារ​ថ្ងៃ​ត្រង់​ និង​អាហារ​ពេល​ល្ងាច​របស់​លោក​អ្នក​ទៀត​ផង​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ចេះ​តែ​ចង់​ញ៉ាំ​នំ​កំប៉ិក​កំប៉ុក​កំដរ​មាត់​ពេញ​មួយ​ថ្ងៃ​បាន។​

៦. ស្រ្តេស​

ថ្ងៃ​ដែល​លោក​អ្នក​មិន​សប្បាយ​ចិត្ត​ មាន​បញ្ហា​ស្រ្តេស​ខ្លាំង​សុទ្ធ​តែ​មាន​ផល​ដល់​អាការៈ​ឃ្លាន​អាហារ។​ កាន់​តែ​ស្រ្តេស​ កាន់​តែ​ញ៉ាំ​ច្រើន​ ជា​ពិសេស​ពេល​ស្រ្តេស​កាន់​តែ​ខ្លាំង​ មនុស្ស​នឹង​កាន់​តែ​ធ្វើ​អ្វី​មិន​សូវ​គិត​ពី​សុខ​ភាព​ដូច​ជា​ហាត់​ប្រាណ​ ឬ​ញ៉ាំ​អី​តែ​ផ្ដេស​តែ​ផ្ដាស​ជា​ដើម។​

៧. ញ៉ាំ​កាបូ​ហាយ​ដ្រេត​ខុស​ប្រភេទ​

អាហារ​ពួក​កាបូហាយដ្រេត​ប្រភេទ​ខ្លះ​ដែល​បាន​ឆ្លង​កាត់​ការ​ចម្រាញ់​ពណ៌​និង​ស្ករ​រួច​រាល់​ហើយ​ អាច​ធ្វើ​ឲ្យ​លោក​អ្នក​ឆ្អែត​ពេល​ដំបូង​តែ​ប៉ុណ្ណោះ។​ មួយ​សន្ទុះ​ក្រោយ​ពី​នោះ​ លោក​អ្នក​នឹង​ឃ្លាន​ម្ដង​ទៀត​ ដូច​នេះ​គួរ​ចៀស​វាង​កុំ​ញ៉ាំ​អាហារ​ប្រភេទ​នោះ។​

៨. ញ៉ាំ​តិច​តែ​ធ្វើ​ការ​ច្រើន​

សូម​កុំ​ភ្លេច​ថា​ បើ​សិន​លោក​អ្នក​ធ្វើ​ការ​ធ្ងន់​ ឬ​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ​ចំនួន​កាឡូរី​របស់​លោក​អ្នក​ក៏​ត្រូវ​តែ​បន្ថែម​តាម​ដែរ។​ ។ ការ​ព្យា​យាម​ញ៉ាំ​អាហារ​តិច​តែ​ប្រើ​ថាមពល​ច្រើន​ អាច​ជា​វិធី​ដែល​ជួយ​ឲ្យ​លោក​អ្នក​ស្រក​ទម្ងន់​បាន​ តែ​កុំ​ភ្លេច​ថា​បើ​សិន​រាង​កាយ​ចេះ​តែ​ហេវ​ហត់​អស់​កម្លាំង​ ក៏​អាច​ជា​មូល​ហេតុ​នៃ​ជំងឺណា​មួយ​ក៏​ថា​បាន។​

ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​សារ​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ចេះ​តែ​ឃ្លាន​ ប៉ុន្តែ​បើ​សិន​លោក​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចេះ​តែ​ឃ្លាន​ អស់​កម្លាំង​ជា​ប្រចាំ​ខុស​ធម្មតា​ គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕​

អត្ថបទ៖ Sokchea Heng

មតិយោបល់
អត្ថបទពេញនិយម