• 2019-08-05 01:00:00
  • ការអប់រំ

រឿងជូរចត់​ ៤ សម្រាប់​សិស្ស​ទី ១២ ពេល​ឡើង​មក​រៀន​ត្រៀម​ប្រលង​បាក់​ឌុប​នៅ​ភ្នំ​ពេញ

  • 2019-08-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​ប្រលង​ឆមាស​លើក​ទី ២ ចប់ សិស្ស​ទី ១២ ខ្លះ ក៏​រៀន​ត្រៀម​ជាមួយ​គ្រូ​នៅ​តាម​សាលា​របស់​ខ្លួន​ ហើយ​សិស្ស​ខ្លះ​ទៀត​ក៏​ឡើង​មក​រៀន​ត្រៀម​នៅ​ឯ​រាជធានី​ភ្នំ​ពេញ ជាពិសេស​គឺ​នៅ​សាលា​ជ័យ​ថាវី​ដើម្បី​បាន​បទពិសោធន៍ ឬ​ចំណេះដឹង​ថ្មីៗ ពី​គ្រូ​ដទៃ​ទៀត​។

​ខាង​ក្រោម​នេះ ជា​បញ្ហា​លំបាក​ ៤ យ៉ាង​ ដែល​ពួកគេ​នឹង​ជួប​ប្រទះ​៖​

១. ​កន្លែង​ស្នាក់នៅ​

​ចំពោះ​អ្នកមាន​បង​ប្អូន​រស់នៅ​ទីក្រុង​ភ្នំ​ពេញ​ស្រាប់ វា​មិន​អី​នោះ​ទេ តែ​ចំពោះ​អ្នក​មិន​មាន​បង​ប្អូន​នៅ​ភ្នំពេញ ពួកគេ​ត្រូវ​ជួល​កន្លែង​ស្នាក់​នៅ ដែល​មាន​តម្លៃ​សមរម្យ​ ហើយ​ភាគច្រើន​គឺ​ជួល​បន្ទប់​ ដើម្បី​ស្នាក់​នៅ​ ព្រោះ​វា​មាន​តម្លៃ​ថោក​។

​ការ​រស់​នៅ​ក្នុង​បន្ទប់​ ៤ ម៉ែត្រ​ ៤ ជ្រុង​នោះ​ វា​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​។ សម្រាប់​អ្នក​ធ្លាប់​នៅ​ជន​បទ​មាន​ផ្ទះ និង​ទីធ្លា​ធំ​ទូលាយ​នោះ ព្រោះ​ថា​ងាក​ទៅ​ឆ្វេង ឬទៅ​ស្ដាំ​ មិន​ឃើញ​អ្វី​នោះ​ទេ​ គឺ​ឃើញ​តែ​ជញ្ជាំង​ពណ៌​ស ៤ ជ្រុង តូច​ចង្អៀត​ ព្រម​ទាំង​ក្ដៅ​ទៀតផង។

២. ​បរិបទ​សិក្សា​ថ្មី​

​រៀន​ត្រៀម​ប្រលង​នៅ​ "ជ័យ​ថាវី​" នៅ​ក្នុង​ ១ ថ្នាក់​ មិន​មែន​សិស្ស​តិច​ដូច​រៀន​នៅ​ឯ​ស្រុក​ទៀ​ត​ទេ​ គឺ​ប្រមូល​ផ្ដុំ​សិស្ស​ជា​ច្រើន​មក​តាម​បណ្ដាល​ខេត្ត​នានា​ ក៏​ដូច​ជា​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំ​នួន​ មាន​ការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​រៀន​ក្នុង​ថ្នាក់ ដែល​មាន​ចំនួន​សិស្ស​ច្រើន​ ហើយ​អ្វី​ដែល​កាន់​តែ​ប្លែក​នោះ​ គឺ​ត្រូវ​ដណ្ដើម​គ្នា​ចាប់​តុ បើ​ចាប់​បាន​ក្រោយ​គេ រៀន​ក៏​មិន​យល់ មើល​អក្សរ​ក៏​មិនសូវ​ឃើញ​ដែរ​។

​៣. ​ការ​ធ្វើ​ដំណើរ​

​មាន​ផ្លាក​សញ្ញា​ចរាចរណ៍​ នឹង​ផ្លូវ​ជា​ច្រើន​ ដែល​អ្នក​ឡើង​មក​រៀន​នៅ​ភ្នំ​ពេញ​ជា​លើក​ដំ​បូ​ង​មិនទាន់​ស្គាល់ ដូច្នេះ​ហើយ​អ្នក​ទាំង​អស់​នោះ​ តែង​តែ​មាន​បញ្ហា​ពេល​ចេញ​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដងៗ​ ដូច​ជា វង្វេង​ផ្លូវ​ មិន​ដឹង​ថា​ភ្លើង​ស្តុប​ពណ៌​ណា​គេ​ឲ្យ​ឈប់ ឬ​ឲ្យ​ទៅ ព្រោះ​សំបូរ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ចំណូល​ថ្មី​ទាំង​នោះ​ មិន​ដឹង ​ថា​អ្វី​ត្រូវ អ្វី​ខុស ហើយ​ក៏​ជិះ​តាម​គេ​តែ​ម្ដង រួច​ក៏​ត្រូវ​ប៉ូលិស​ហៅ​ឈប់​ ព្រោះ​បើកបរ​ខុស​ច្បាប់​ចរាចរណ៍​។

​៤. ​ការ​ហូប​ចុក

​ធ្លាប់​តែ​ហូប​ឆ្ងាញ់​ ដេក​ស្រួល​ ពេល​មក​ពី​រៀន​វិញ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ តែ​ពេល​នេះ​លែង​ដូច​មុន​ហើយ​ ព្រោះ​គ្មាន​ប៉ា​ម៉ាក់​នៅ​ជា​មួយ​ទៀត​ទេ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ស្វែង​រក​អាហារ​ហូប​ដោយ​ខ្លួន​ឯង​ ដោយ​ចម្អិន​ ឬ​ក៏​ទិញ​អាហារ​នៅ​ខាង​ក្រៅ​។

​ចំពោះ​អាហារ​នៅ​ខាង​ក្រៅ ពិតជា​មាន​ការ​លំបាក​ ចំពោះ​អ្នក​ទើប​តែ​មក​នៅ​ភ្នំ​ពេញ ដោយ​មិន​ដឹង​ថា កន្លែង​ណា​ធ្វើ​ម្ហូប​លក់​ឆ្ងាញ់ កន្លែង​ណា​ចម្អិន​ម្ហូប​មាន​អនាម័យ​ ហើយ​ពេល​ខ្លះ​ក៏​មិន​ដឹង​ថា​ទៅ​ទិញ​ឯ​ណា​ ក៏​ទិញ​ឲ្យ​តែ​បាន​ហូប​សិន បន្ទាប់មក​ក៏​មាន​បញ្ហា ដូចជា​រាគ​ជាដើម​ទៅ​៕ ​ ​ ​

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់