• 2019-08-07 02:16:11
  • ព័ត៌មាន

សូម​ប្រុងប្រយ័ត្ន​! ខេត្តក្រចេះ និងត្បូងឃ្មុំ អាចនឹងមានទឹកជំនន់

  • 2019-08-07 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ខេត្តកម្ពុជាចំនួន​២គឺខេត្តក្រចេះ និងត្បូងឃ្មុំ អាចនឹងមានបរិមាណ​កើនឡើងខ្លាំង ហើយ​អាចបង្កជាទឹកជំនន់។

យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់តាំងពី​ថ្ងៃទី៧ ដល់ ១០ ខែសីហា ឆ្នាំ​២០១៩ ស្ថានភាព​ក្នុងតំបន់មានការ​ផ្លាស់​ប្តូរ​យ៉ាងលឿន ស្ទើរតែ​អាចនិយាយបាន​ថា មិន​ដែល​ធ្លាប់ជួប​ប្រទេះ ​ក្នុងរយៈកាលកន្លងមក។ នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ហ្វីលីពីន មាន​ការ​កកើត​ឡើង​នូវ​ព្យុះ​ដល់​ទៅ៣ ស្ថិតក្នុង​កន្សោម​នៃប្រព័ន្ធ​តែមួយរួមមាន៖ ព្យុះទី៨ឈ្មោះ Francisco, ព្យុះទី៩ ឈ្មោះ Lekima និង​ព្យុះទី១០ ឈ្មោះ Krosa ប៉ុន្តែ​ព្យុះ​ទាំង៣នេះ មិន​បោកបក់​ចូលក្នុងកម្ពុជានោះទេ។

ក្រសួង​បន្ត​ថា ប្រព័ន្ធ​សម្ពាធទាប (ITCZ) ដែល​លាត​សន្ធឹង​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ​ដែល​នៅខាង​ចុង​កន្លងមក​ភ្ជាប់​នឹង​សម្ពាធទាប (Low) បច្ចុប្បន្ន​សម្ពាធទាប​បាន​បំប្លែង​ខ្លួន​ទៅ​ជា​វិសម្ពាធសកម្ម ហើយ​ក៏ត្រូវបាន​អូស​ទាញ​ដោយ​ដោយប្រព័ន្ធ​ព្យុះទី៣ ខាងលើ។ មាន​ន័យ​ថា ប្រព័ន្ធ​សម្ពាធទាប​ នឹង​មាន​ការប្រែប្រួល​ខុសបន្តិច​ពីការជូន​ដំណឹង​ប្រចាំ​សប្តាហ៍​កន្លងមក។ ដូចនេះ សម្រាប់​កម្ពុជា៖

-ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដដែល គ្រាន់​តែនៅ​តំបន់​មាត់​សមុទ្រ ភ្លៀង ខ្យល់ នៅតែ​បន្ត​កើតមាន និង​ស្ថិតក្នុង​ការប្រុងប្រយ័ត្នខ្ពស់។

-បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​នឹង​ព្រំប្រទល់​វៀតណាម បរិមាណ​ភ្លៀង​ នឹង​កើនឡើង​ខ្លាំង ពិសេស​ខេត្ត​ក្រចេះ និង​ត្បូងឃ្មុំ ដែល​អាច​បង្ក​ឱ្យ​មាន​ជាជំនន់​ទឹកភ្លៀង។

-កម្លាំង​ខ្យល់​នៅមាន​កម្រិត​ខ្លាំងដដែល គឺ ១៥-២០ ម៉ែត្រ​ក្នុងមួយវិនាទី៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់