• 2019-08-07 07:41:13
  • ព័ត៌មាន

ក្រុម​សង្គ្រោះ​ថា យុវជន​ធ្លាក់​ជាប់​ក្នុង​រូង​ភ្នំ​នៅ​ខេត្ត​បាត់ដំបង​៤ថ្ងៃ ទទួល​បាន​អាហារ​

  • 2019-08-07 07:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សង្គ្រោះ​គ្រប់​ផ្នែក​កំពុង​ជួយ​សង្គ្រោះ​យុវជន​ម្នាក់​ដែល​បាន​ធ្លាក់​ជាប់​រូង​ភ្នំ អំឡុង​ពេល​ចូល​យក​អាចម៍​ប្រចៀវ មក​ដល់​ពេល​នេះ ទទួល​បាន​អាហារ និង​ទាញ​រំកិល​បាន​មក​ក្រៅ​បន្ដិច​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក​អនុសេនីយ៍ឯក សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក នៅ​រសៀល​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ​២០១៩។

លោក​បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា​មាន​យុវជន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ភ្លាម ក្រុម​សមត្ថកិច្ច​បាន​ព្យាយាម​មក​ជួយ​សង្គ្រោះ ហើយ​ឥលូវ​នេះ ក្រុម​សង្គ្រោះ​បាន​ផ្ដល់​អាហារ និង​ទឹក​ដល់​យុវជន​ដែល​ជាប់​ក្នុង​រូង​ភ្នំ​រយៈ​ពេល​៤ថ្ងៃ​ហើយ។

«ក្រោយ​ផ្ដល់​អាហារ​ ឥឡូវ​គាត់​អាច​និយាយ​បាន ហើយ​យើង​កំពុង​ទាញ​គាត់​ចេញ ដោយ​បាន​ប្រើ​ក្រមា​ និង​ខ្សែ​ចង​ស្មា និង​ក ទាញ​រំកិល​តិចៗ ឥលូវ​ក្បាល​ និង​ត្រគាក​បាន​រំកិល​ចេញ​មក​ខាង​ក្រៅ​បន្តិច​ហើយ តែ​យើង​ឲ្យ​គាត់​សម្រាក​សិន យើង​ជឿជាក់​ថា ១០០%​ នឹង​ជួយ​គាត់​បាន»។ លោក​អនុសេនីយ៍ឯក វិសេត និយាយ។

សូម​បញ្ជាក់​ថា​ យុវជន​ សំ បូរ៉ា វ័យ​២៩​ឆ្នាំ មាន​មុខ​របរ​ដើរ​កើប​អាចម៍​ប្រចៀវ​លក់ រស់នៅ​ភូមិ​ទឹក​ថ្លា ឃុំអង្គរបាន​ ស្រុក​សំពៅលូន បាន​វង្វេង​ផ្លូវ​ហើយ​ដើរ​ធ្លាក់​ចូល​ក្នុង​រូងភ្នំ កៀប​ជាប់​ អស់​រយៈ​ពេល​ ៤ថ្ងៃ នៅ​នៅជួរភ្នំចក្រី ភូមិក្បាលហុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់