• 2019-08-08 04:31:21
  • សេដ្ឋកិច្ច

បុរសគាបជាប់​ក្នុង​រូង​ភ្នំចក្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្តបាត់ដំបង

  • 2019-08-08 04:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់ ដែល​សរុប​មាន​រហូត​ដល់​ទៅ​ជាង ២០០នាក់ បាន​យក​បុរស​វ័យ​ក្បែរ​៣០​ម្នាក់​ ចេញ​ពី​រូងភ្នំ​ចក្រី នៅ​វេលាម៉ោង​ប្រមាណ​ជា ៧យប់ ថ្ងៃ​ទី​៧ សីហា ម្សិលមិញ។ នៅ​ព្រឹក​នេះ បុរសដែលធ្លាក់​ចូល​ក្នុង​គលាត​ភ្នំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង ហើយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ គតិព្រឹត្តិ​បណ្ឌិត បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១០លាន​រៀល​។

លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅ​ទីស្ដីការគណៈរដ្ឋមន្រ្តី​ព្រឹក​មិញ​នេះ​ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ឧបត្ថម្ភ​ប្រាក់​ដល់​បុរស​គាប​ជាប់​ក្នុង​រូង​ភ្នំ​ចក្រី ចំនួន​ទឹក​ប្រាក់ ១០លាន​រៀល។

មន្រ្តីជាន់ខ្ពស់​រូបនេះ បាន​លើកឡើង​ទៀត​ថា «នៅ​ពេល​កម្ពុជា ឬ​ប្រជាពលរដ្ឋ​ ជួប​នូវ​គ្រោះ​ថ្នាក់​ គឺ​មាន​សម្ដេចតេជោ​ មាន​សម្ដេច​គតិព្រឹត្តិបណ្ឌិត ទៅ​ដល់​កន្លែង​នោះ»។

ទន្ទឹម​នឹង​ លោក ផៃ ស៊ីផាន ក៏​បាន​លើកឡើង​ដោយ​បាន​នាំពាក្យ​របស់​សម្ដេច​តេជោថា «សម្ដេច​ជា​កូន​អ្នក​ស្រែ គ្មាន​អ្វីដែល​លោក​យល់​ច្បាស់​ជាង​អ្នកដទៃ​ទៀត ដឹង​អំពី​ទុក្ខសោក​របស់​ប្រជាជន​របស់​យើង​នោះទេ»។

បុរស​ដែល​គាប​ជាប់​នឹង​រូង​ភ្នំ​ចក្រី មាន​ឈ្មោះ​ថា សំ បូរ៉ា វ័យ​២៩​ឆ្នាំ មាន​មុខ​របរ​ដើរ​កើប​អាចម៍​ប្រចៀវ​លក់ រស់នៅ​ភូមិ​ទឹក​ថ្លា ឃុំអង្គរបាន​ ស្រុក​សំពៅលូន បាន​វង្វេង​ផ្លូវ​ហើយ​ដើរ​ធ្លាក់​ចូល​ក្នុង​រូងភ្នំចក្រី ស្រុកភ្នំព្រឹក ដែលគាប​ជាប់​អស់រយៈពេល​៤ថ្ងៃ ទើប​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ដឹង ហើយ​មាន​ការ​ជួយ​សង្គ្រោះ​ភ្លាមៗ។

ពេញ​១ថ្ងៃ នៃ​ការ​ជួយ​សង្គ្រោះ សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក បាន​ប្រាប់​ Sabay ថា ដំបូង​ឡើយ​សមត្ថភាព​ នៃ​ការ​សង្គ្រោះ​បឋម របស់​សមត្ថកិច្ច​នៅ​ខេត្ត​ ខ្វះខាត​សម្ភារៈ រហូត​មាន​ការ​ចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ​ និង​កម្លាំង​មន្រ្តី​របស់​អង្គភាព​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​មាន​សម្ភារៈ​ទំនើប និង​គ្រប់គ្រាន់ ដែល​សរុប​កម្លាំង​​ទាំង​អស់ មាន​ប្រហែល​ ២៥០នាក់ បាន​ជួយ​បុរស​នោះ​ចេញ​ពី​រូង​ភ្នំ​នៅ​វេលាម៉ោង​ប្រមាណ​ជា ៧យប់​ មិញនេះ។

លោក វិសេត បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​នេះ បុរស​គាប​ជាប់​រូង​ភ្នំ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបូង ហើយ​សុខភាព​ល្អ​ប្រសើរ និង​មាន​កម្លាំង​កំហែង ប៉ុន្ដែ​ព័ត៌មាន​ផ្សេងៗ​ទៀត នៅ​មិនទាន់​សាកសួរ​លម្អិត​នៅឡើយ ដោយ​ទុក​ពេល​ឲ្យ​សម្រាក​ព្យាបាល​មាន​កម្លាំង​ជាង​នេះ​បន្ថែម​ទៀត។​

«ខ្ញុំ​ចាត់​ទុក​ថា នេះ​ជា​បទ​ពិសោធថ្មីមួយ​សម្រាប់​កង​កម្លាំង​របស់​យើង​នៅ​ថ្នាក់​ស្រុក ខេត្ត ដែល​មាន​ប្រតិបត្តិការណ៍​ជួយ​សង្គ្រោះ​ ដល់​ជន​រងគ្រោះ​គាបជាប់រូងភ្នំ ដែល​មាន​ស្ថានភាព​តូច ចង្អៀត ហើយ​នឹង​ការ​សហការ​បាន​យ៉ាង​ល្អ ជាមួយ​នឹង​កម្លាំង​ផ្សេងៗ​ទៀត»។ លោក វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និយាយ៕

រូបភាព៖ Police

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម