• 2019-08-09 04:59:09
  • ព័ត៌មាន

គម្រោងចែករំលែកស្នាមញញឹមលើកទី៧ នឹងត្រឡប់មកវិញជាមួយទស្សនីយភាពសិល្បៈចម្រុះ ក្នុងគោលដៅផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារនៃសាលាសហគមន៍សន្តិភាព

  • 2019-08-09 04:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងចែករំលែកស្នាមញញឹមលើកទី៧ ឬ Sharing of Smile 2019 នឹងរៀបចំកម្មវិធីសិល្បៈចម្រុះ និងពិពណ៌ស្នាដៃកុមារសាលាសហគមន៍ នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ នៅសាល Black Box Theater នៃសាលាអន្តរជាតិភ្នំពេញ ក្នុងគោលបំណងលើកទឹកចិត្ត និងផ្ដល់ឱកាសក្នុងការអប់រំដល់កុមារនៅក្នុងសាលាសហគមន៍មួយក្នុងខេត្តកំពង់ស្ពឺ។

គម្រោងចែករំលែកស្នាមញញឹម ឬ Sharing of Smile គឺជាគម្រោង ដែលបានបង្កើតឡើងដោយយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia - Phnom Penh) តាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងចូលរួមចំណែកចែករំលែកដល់សង្គម ដោយផ្ដោតជាពិសេសទៅលើអនាគតកុមារ ដែលកំពុងជួបប្រទះកង្វះខាតក្នុងការរស់នៅ ឬឱកាសក្នុងការសិក្សា។ ក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ Sharing of Smile បានបន្តបេសកកម្មក្នុងការចែករំលែកស្នាមញញឹមដល់មនុស្សនៅជុំវិញខ្លួន តាមរយៈសកម្មភាពផ្សេងៗ ពីគ្នាដូចជាជាក់ស្ដែងក្នុងឆ្នាំ ២០១៨ គម្រោងនេះបានស្វែងរកប្រាក់ឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌ «រាត្រីក្រមា»។

ដោយឡែកក្នុងឆ្នាំ២០១៩នេះវិញ គម្រោងចែករំលែកស្នាមញញឹម បានត្រឡប់មកវិញម្ដងទៀត ជាមួយនឹងរូបភាពកាន់តែពិសេសគឹការបង្ហាញសិល្បៈចម្រុះ ព្រមទាំងមានការដាក់តាំងនូវស្នាដៃសិល្បៈរបស់កុមារមកពីសាលាសហគមន៍សន្តិភាព ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ នេះ នៅសាល Black Box Theater នៃសាលាអន្តរជាតិភ្នំពេញ (ISPP)។

គោលបំណង នៃគម្រោង Sharing of Smile ឆ្នាំ 2019 នេះ គឺចែករំលែកស្នាមញញឹមដល់កុមារនៅសាលាសហគមន៍សន្តិភាព ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងលៀន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមរយៈការលើកទឹកចិត្តឲ្យប្អូនៗកុមារនៅទីនោះចូលរួមក្នុងការសិក្សានិងការងារក្នុងសហគមន៍ ការលើកកម្ពស់ភាពច្នៃប្រឌិតដល់កុមារ ព្រមទាំងផ្ដល់ក្ដីសង្ឃឹមដល់កុមារ បណ្ដុះឲ្យមានក្ដីសុបិននិងសេចក្ដីព្យាយាមដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។

ក្នុងរយៈពេលកន្លងមកនេះ គម្រោង Sharing of Smile បានចូលរួមបណ្ដុះនូវការចែករំលែក និងផ្ដោះប្ដូរចំណេះដឹង តាមរយៈការបង្រៀនរបៀបផលិតសិប្បកម្មវត្ថុអនុស្សាវរីយ៍ រវាងប្អូនៗកុមារនិងក្រុមការងារស្ម័គ្រចិត្តរបស់គម្រោង ដោយស្មារតីជឿជាក់ថា ភាពច្នៃប្រឌិត រួមជាមួយនឹងក្ដីស្រមៃដែលពពោរពេញដោយការអប់រំ ពិតជានឹងអាចចូលរួមអភិវឌ្ឍសហគមន៍ដែលប្អូនៗរស់នៅនាពេលអនាគតបាន។

សូមបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសរបស់គម្រោងចែករំលែកស្នាមញញឹមឆ្នាំ ២០១៩ នេះ នឹងមានដាក់តាំងបង្ហាញនូវស្នាដៃវត្ថុអនុស្សាវរីយ៍របស់ប្អូនៗដែលជាសិស្សានុសិស្សរបស់សាលាសហគមន៍សន្តិភាព ព្រមទាំងការសម្ដែងសមត្ថភាពផ្ទាល់របស់ប្អូនៗតែម្ដង។ ក្រៅពីនេះនៅមានវត្តមាន ការប្រគំតន្ត្រីពីសំណាក់តារាចំរៀង Original Song និងការសម្ដែងសិល្បៈប្រពៃណីដូចជាល្ខោនខោលផងដែរ។ ថវិកាដែលទទួលបានពីការលក់សំបុត្រ និងពីសប្បុរសជនដែលធ្វើការដេញថ្លៃវត្ថុអនុស្សាវរីយ៍ នឹងត្រូវបរិច្ចាគទៅសាលាសហគមន៍សន្តិភាព ដើម្បីកសាងបណ្ណាល័យក្នុងបរិវេណសាលា ឲ្យប្អូនៗកុមារបានពង្រីកចំណេះដឹងរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធី សូមតាមដានឬទំនាក់ទំនងតាមទំព័រហ្វេសប៊ុក Sharing of Smile – JCI Phnom Penh។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់