• 2019-08-12 03:46:20
  • ការអប់រំ

៧ ក្បាច់​ សម្រាប់​ត្រៀម​ប្រលង​បាក់ឌុប​ដោយ​ទំនុក​ចិត្ត​

  • 2019-08-12 03:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធីសាស្ត្រ​ក្នុង​ការ​រៀន​ត្រៀម​ប្រលង​មាន​ច្រើន​របៀប​ ច្រើន​យ៉ាង​ ទៅ​តាម​បរិបទ​ និង​ទេពកោសល្យ​របស់​មនុស្ស​ម្នាក់ៗ​ និង​ដើម្បី​ជា​ជំនួយ​ដល់​សិស្ស​ទី​ ១២ ទាំង​អស់​ សម្រាប់​ប្រយុទ្ធ​នៅ​ថ្ងៃ​ប្រលង​បាក់ឌុប​ ថ្ងៃ​នេះ​ Sabay  សូម​ចែក​រំលែក​វិធីសាស្ត្រ​ទូទៅ​ចំនួន​ ៧ សម្រាប់​រៀន​ត្រៀម​ប្រលង​៖

១. ផ្តល់​ពេល​វេលា​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​សិក្សា​

រៀប​ចំ​កាល​វិភាគ​រៀន​មួយ​ ដែល​សក្ដិសម​ទៅ​នឹង​ចំនួន​ថ្ងៃ​មុន​ថ្ងៃ​ប្រលង​មក​ដល់​ ដោយ​បែង​ចែក​ទៅ​តាម​ចំនួន​មុខវិជ្ជា​ដែល​ត្រូវ​ប្រលង​ និង​ចំនួន​ទំព័រ​នៃ​មេរៀន​ ជៀស​វៀង​រៀន​ដោយ​គ្មាន​គម្រោង​ ធ្វើ​ឲ្យ​ខាតបង់​កម្លាំង​ចោល​ទទេ​។

២. រៀប​ចំ​កន្លែង​សិក្សា​ឲ្យ​បាន​ស្អាត​

ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ តុ​សិក្សា​របស់​អ្នក​មាន​ទី​ធ្លា​គ្រប់​គ្រាន់​ សម្រាប់​ដាក់​សៀវភៅ​ផ្សេងៗ​ ដែល​អ្នក​ត្រូវ​ការ​ក្នុង​ពេល​រៀន​ មិន​បាច់​ដើរ​ចុះ​ដើរ​ឡើង​ នាំ​ឲ្យ​ខូច​អារម្មណ៍​។ ម៉្យាង​ទៀត​ ដើម្បី​ផ្ដោត​អារម្មណ៍​បាន​កាន់​តែ​ល្អ​នោះ​ អ្នក​ត្រូវ​តែ​មាន​អារម្មណ៍​ល្អ​ជា​មួយ​បរិយាកាស​សិក្សា​របស់​អ្នក​ដែរ​ តែ​បើ​មិន​មាន​ទេ​នោះ​ ត្រូវ​ទៅ​រក​កន្លែង​មួយ​ផ្សេង​ទៀត​។

៣. ហាត់​ធ្វើ​វិញ្ញាសា​ចាស់ៗ​

ហាត់​ធ្វើ​វិញ្ញាសា​ចាស់ៗ​ ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​ជោគជ័យ​ក្នុង​ពេល​ប្រលង​ ព្រោះ​ពេល​អ្នក​ហាត់​ធ្វើ​វា​ នោះ​អ្នក​នឹង​ដឹង​ពី​ទម្រង់​វិញ្ញាសា​ ក៏​ដូច​ជា​រូបមន្ត​ផ្សេងៗ​ ព្រម​ទាំង​អាច​គ្រប់គ្រង​ពេល​វេលា​ប្រលង​ផង​ដែរ​។

៤. ពន្យល់​ចម្លើយ​របស់​អ្នក​ទៅ​កាន់​អ្នក​ដទៃ​

ធ្វើ​ចម្លើយ​រួច​រាល់​ហើយ​ មិន​ប្រាកដ​ថា​ អ្នក​ចេះ​នោះ​ទេ​ ដើម្បី​ឲ្យ​ចេះ​កាន់​តែ​ច្បាស់​ អ្នក​ត្រូវ​ពន្យល់​ចម្លើយ​របស់​អ្នក​ទៅ​កាន់​អ្នក​ដទៃ​ នោះ​អ្នក​នឹង​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​ផ្សេងៗ​របស់​អ្នក​។

៥. រៀន​ជា​ក្រុម​ ឬ​រៀន​ជា​មួយ​មិត្តភ័ក្ដិ​

ការ​រៀន​ជា​ក្រុម​ ឬរៀន​ជា​មួយ​មិត្តភ័ក្ដិ​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ទទួល​ការ​យល់​ដឹង​បាន​កាន់​តែ​ច្រើន​។

៦. សម្រាក​ឲ្យ​បាន​ទៀង​ទាត់​

ត្រូវ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ នៅ​ពេល​អ្នក​ប្រើប្រាស់​ខួ​ក្បាល​របស់​អ្នក​ ក្នុង​រយៈពេល​យូរ​ ព្រោះ​បើ​អ្នក​រៀន​រហូត​គ្មាន​ពេល​សម្រាក​ ការ​រៀន​របស់​អ្នក​ក៏​មិន​បាន​ផល​ដែរ​។

៧. រៀប​ចំ​ខ្លួន​ឲ្យ​ហើយ​មុន​ពេល​ប្រលង​

ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ អំពី​វិន័យ​ផ្សេងៗ​សម្រាប់​ការ​ប្រលង​ ដែល​មាន​ដូច​ជា​ ឯក​សណ្ឋាន​ ពេល​វេលា​ទៅ​ដល់​បន្ទប់​ប្រលង​ សម្ភារៈ​ចាំបាច់​នានា​ ដើម្បី​ជៀស​វាង​ពី​បញ្ហា​ផ្សេងៗ​ ដែល​អាច​នឹង​កើត​មាន​នៅ​ថ្ងៃ​ប្រលង​៕  

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់