• 2019-08-12 08:16:58
  • ព័ត៌មាន

ប្លែក​ម្ល៉េះ! អង្គរ​ មកវិញជាមួយរសជាតិ​ថ្មី​ រូបរាងប្លែក មានរង្វាន់សរុប ១៣ លានដុល្លារ

  • 2019-08-12 08:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ ១០ ខែ​សីហា ឆ្នាំ​២០១៩​ នេះ ក្រុមហ៊ុន​ ខេមប្រ៊ូវ (Cambrew) បាន​ធ្វើ​កិច្ច​បង្ហាញ​ផលិតផល​ Angkor Premium Beerថ្មី ដែល​មាន​កំណែ​ទម្រង់​ទៅ​លើ​រូប​រាង​ និង​រសជាតិ។ ជាមួយ​គ្នានេះ ក៏​មាន​បន្ថែម​ជា​មួយ​រង្វាន់ ដើម្បី​លើកទឹកចិត្ត​អតិថិជនទៀត​ផង។

នាយក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុន​ ខេម​ប្រ៊ូវ លោក​ Michael Norgaard Jensen

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ ខេមប្រ៊ូវ លោក​ Michael Norgaard Jensen បាន​មាន​ប្រសាសន៍​ថា​៖ «យើង​ចេញ​ស្រា​បៀរ​ Angkor Premium Beer​ ដែល​បាន​កែ​ប្រែ​រូបមន្ត​ថ្មី​នៅ​ថ្ងៃ​នេះ​ គឺ​ដើម្បី​ទាក់​ទាញ​អ្នក​ពិសា​ស្រាបៀរ​ជំនាន់​ថ្មី​ ក្នុង​ចំណោម​អតិថិជន​ស្មោះត្រង់​រាប់​លាន​នាក់​ ដែល​ឲ្យ​តម្លៃ​ទៅ​លើ​គុណភាព​ និង​កាន់​តែ​ចង់​ដឹង​អំពី​ស្រាបៀរ​ដែល​ពួក​គេ​កំពុង​ពិសា។»

ខេមប៊្រូវ​ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួក​គេ​មាន​ផែន​ការ​យក​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​បញ្ចេញ​ស្រា​បៀរ​អង្គរ​នេះ​។

លោក Michael Norgaard Jensen បាន​និយាយ​ថា ៖ ​«យើង​បាន​យក​រូបមន្ត​ដើម​កាល​ពី​ឆ្នាំ​ ១៩៩២​ទៅ​ធ្វើ​ការ​កែប្រែ​ទម្រង់​រសជាតិ​នៅ​មន្ទីរ​ពិសោធន៍​របស់​ពួក​យើង​នៅ​ប្រទេស​បារាំង​ និង​ដាណឺម៉ាក​ដោយ​កាត់​បន្ថយ​រសជាតិ​ល្វីង​ ដែល​យើង​បាន​ឲ្យ​លោក​អ្នក​ (មហាជន​កម្ពុជា) ភ្លក់​ហើយ​លោក​អ្នក​ចូល​ចិត្ត​រស​ជាតិ​ថ្មី​នេះ។»

ស្រា​បៀរ​នេះ ​ធ្វើ​សម្រាប់​តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មហា​ជន​កម្ពុជា​ ហើយ​ក្រៅ​ពី​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ ខេមប្រ៊ូវ​ នឹង​នាំ​ចេញ​ស្រាបៀរ​ថ្មី​នេះ​ទៅ​ទីផ្សារ​ប្រទេស​អាស៊ី​មួយ​ចំនួន​ និង​ទីផ្សារ​អឺរ៉ុប​។

អតិថិជន​អាច​សាក​ផលិត​ផល​ថ្មី​នេះ​នៅ​តាម​ហាង​ និង​ដេប៉ូ​ចែក​ចាយ​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ទី ​១២ ខែ​សីហា​ ២០១៩ នេះ។ ក្នុង​នោះ​ក៏​​មាន​​រង្វាន់​​សរុប​​​ ១៣ លាន​ដុល្លារ និង​មាន​រង្វាន់​ធំ​បំផុត​រហូត​ដល់ ១០០០ ដុល្លារ ដោយ​គ្រាន់​តែ​គាស់​ហើយ​យក​លេខ​កូដ​នោះ​បញ្ចូល​ទៅ​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ Smart ​ហើយ​អាច​បើក​រង្វាន់​នោះ​នៅ​គ្រប់​ Smart Shop ទាំង​អស់​។

ក្រៅ​ពី​ស្រា​បៀរ​អង្គរ​ ក្រុម​ហ៊ុន​ ខេមប្រ៊ូវ​ ក៏​មាន​ផលិតផល​ផ្សេង​ទៀត​ដូចជា៖ស្រាបៀរ ខ្លាំង (Klang) ស្រាបៀរខ្លាខ្មៅ (Black Panther) រួមទាំង​ប្រភេទ​ស្រាបៀរ​ ប្រណីត​លំដាប់​អន្តរជាតិ​ មាន​ដូចជា​៖ ស្រាបៀរ​កាស៊្បែរ​ (Carlsberg ) ស្រាបៀរ​ Tuborg, ស្រាបៀរ​ Kronenberg 1664 និង​ស្រាបៀរ Somersby រួម​ទាំង​ ភាគី​ទី​៣ មាន​ដូចជា​៖ ស្រាបៀរ​ស្តោត​ទឹក​ខ្មៅ​លំដាប់​លេខ​១ នៅ​លើ​ពិភព​លោក​ Guinness និង​ស្រាបៀរ​ Asahi។

នា​ខែ​សីហា​ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ស្រាបៀរ Carlsberg Groupបាន​បង្កើន​ភាព​ជា​ម្ចាស់​នៃ​ភាគ​ទុន បន្ថែម​ទៅ​ក្នុង​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ខេមប្រ៊ូវ ហើយ​ធ្វើ​ការ​ដឹក​នាំ​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ទាំងមូល៕​

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់