• 2019-08-13 01:53:52
  • ព័ត៌មាន

តំបន់ការ​ពារទេសភាព​មួយ​នៅ​កម្ពុជា​ត្រូវទទួលស្គាល់ជា​បណ្តាញ​ផ្លូវហោះ​ហើរ​​សត្វ​ស្លាប​

  • 2019-08-13 01:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការធ្វើ​ការ​ងារ​លើ​កិច្ច​អភិរក្ស​សត្វ​ស្លាប​ឲ្យ​ដឹងថាតំបន់​ការ​ពារទេសភាព​អន្លង់​ព្រីង​ក្នុង​ខេត្ត​កំពត ត្រូវបាន​ទទួល​ស្គាល់ជា​ តំបន់​នៃបណ្តាញ​ផ្លូវហោះ​ហើរ​សត្វស្លាប​អាស៊ីខាង​កើត-​អូស្រ្តាលី​ ទីមួយ​របស់​ព្រះរាជាណាច​ក្រកម្ពុជា។

(រូបភាព៖ ​BirdLife International Cambodia programme)

អង្គការ​BirdLife International ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​យប់​មិញ​ថាតំបន់​ការពារ​ទេស​ភាព​អន្លង់ព្រីង​ ដែល​មាន​ក្រលាផ្ទៃ​សរុប ២១៧ ហិកតា​ ត្រូវ​បាន​ទទួល​ស្គាល់​ជាតំបន់​នៃបណ្តាញ​ផ្លូវហោះ​ហើរ​ សត្វ​ស្លាប​អាស៊ីខាង​កើត​-អូស្រ្តាលី​ដោយ​លេខាធិការដ្ឋាន​ កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ​នៃភាព​ជាដៃគូផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ីខាងកើត​-អូស្រ្តាលី​។

​ប្រ​ភព​ខាង​លើ​សរសេរ​បន្តថា៖ «ផ្លូវ​ហោះហើរ​សត្វ​ស្លាប ​គឺ​ជាពាក្យ​ដែល​ប្រើ​សម្រាប់​បង្ហាញ​ ពីតំ​បន់​ភូមិ​សាស្ត្រ​មួយ​ដែល​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជា​ច្រើន​ធ្វើការ​ផ្លាស់​ទី​ពីជម្រក​ពងកូន ​ទៅទី​សំចត​ និង​ទីតាំង​ស្វែក​​រក​ចំណី​ក្នុង​រដូវ​ពេល​ជាក់​លាក់​មួយ​ជាប្រចាំ​ឆ្នាំ​របស់​ពួកវា​»។

ប្រ​ភព​ឲ្យ​ដឹងទៀតថា៖ «បច្ចុប្បន្ន​នៅ​លើពិភព​លោក​មាន​ផ្លូវហោះ​ហើរ​ចំនួន​ប្រាំបួន​ ហើយ​ប្រទេស​កម្ពុជាមាន​ទីតាំង​ស្ថិត​នៅក្នុង​ផ្លូវហោះ​ហើរអាស៊ីខាង​កើត-អូស្ត្រាលី និង​បានចូល​ជាសមាជិក​នៃកិច្ច​សហប្រតិបត្តិការ អន្តរ​ជាតិនៃភាព​ជាដៃគូផ្លូវ​ហោះហើរ​សត្វស្លាប​អាស៊ីខាងកើត-អូស្រ្តាលី​ចាប់តាំង​ពីឆ្នាំ២០០៧​ដែលមាន​ក្រសួង​បរិស្ថាន​ជាសេនាធិការ»។

គួរ​បញ្ជាក់ថាតំបន់ការ​ពារទេសភាព​ អន្លង់ព្រីង​ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹយ្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម