• 2019-08-14 02:21:40
  • សេដ្ឋកិច្ច

សិង្ហបុរីអាចជួបវិបត្តិសេដ្ឋកិច្ច ក្រោយរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

  • 2019-08-14 02:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​សិង្ហបុរី អាច​នឹង​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ក្រោយ​ពេល​សកម្មភាព​សេដ្ឋកិច្ច ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​ចុះ​ខ្លាំង​បើ​គិត​ត្រឹម​ត្រី​មាស​ទី ២​ក្នុង​ឆ្នាំ​នេះ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា សិង្ហបុរី​កំពុង​រង​គ្រោះ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ហើយ​មាន​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក។ GDP របស់​ប្រទេស​អ្នក​មាន​នៅ​អាស៊ី​មួយ​នេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ៣,៣​% បើ​ប្រៀប​ធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។ លើស​ពី​នេះ​ទៀត កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​សិង្ហបុរី បាន​បន្ថយ​ការ​រំពឹង​ទុក​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​មក​ត្រឹម​ចន្លោះ ០% ទៅ ១% វិញ​ដោយ​កាល​ពី​មុន ត្រូវ​បាន​ព្យាករណ៍​ថា​អាច​នឹង​កើន​ឡើង​ពី ១,៥% ដល់ ២,៥​%។

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​សិង្ហបុរី​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​តាម​ផ្នែក​ជា​ច្រើន​ក្រោយ​ពេល​ដែល​រង​សម្ពាធ​ពាណិជ្ជកម្ម​ពី​សង្គ្រាម​អាមេរិក-ចិន។ មូលហេតុ​នេះ បណ្ដាល​មក​ពី​​សិង្ហបុរី ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ដៃ​គូ​ធំ​បំផុត​របស់​ខ្លួន។

យ៉ាង​ណា​មិញ របាយការណ៍​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ Oxford Economics បាន​រំពឹង​ថា​សេដ្ឋកិច្ច​សិង្ហបុរី​អាច​នឹង​មាន​កំណើន​ឡើង​វិញ​បន្ដិច​ក្រោយ​ពេល​ដែល​ឈាន​ដល់​ត្រី​មាស​ទី​៣​ប្រចាំ​ឆ្នាំ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់