- 2019-08-20 04:59:39
- ព័ត៌មាន
អត្ថបទស្រាវជ្រាវពីគមនាគមន៍សម័យអង្គរល្បីដល់ជប៉ុនស្នើសុំបកប្រែបង្រៀនកូនសិស្ស
- 2019-08-20 04:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថបទស្រាវជ្រាវពីគមនាគមន៍សម័យអង្គរល្បីដល់ជប៉ុនស្នើសុំបកប្រែបង្រៀនកូនសិស្ស
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរាឲ្យដឹងថាគ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាជប៉ុនតៃស៊ូកាន់(TAISHUKAN)បានស្នើសុំអត្ថបទស្រាវជ្រាវអំពីបណ្ដាញផ្លូវគមនាគមន៍បុរាណសម័យអង្គរទៅបកប្រែ និងបោះពុម្ពសម្រាប់បង្រៀនសិស្សជប៉ុន។
អាជ្ញាធរជាតិអប្សរានៅព្រឹកនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លូនថាគ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាជប៉ុនតៃស៊ូកាន់បានស្នើសុំអត្ថបទមួយដែលជាលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរយកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មីរបស់ខ្លួន។
ប្រភពពីអាជ្ញាធរជាតិអប្សរាឲ្យដឹងថាអត្ថបទដែលគ្រឹះស្ថាន តៃស៊ូកាន់ ស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border។ បើប្រែប្រែសម្រួលជាភាសាខ្មែរមានន័យថា«ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍឆ្លងព្រំដែន»។
ប្រភពខាងលើឲ្យដឹងថា៖ «កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានអប់រំជប៉ុន TAISHUKAN បានស្នើមកកាន់សហប្រធាននៃគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ដែលមានលោកបណ្ឌិត Surat Lertlum សហនិពន្ធភាគីថៃ និងលោក អ៊ឹម សុខរិទ្ធី សហនិពន្ធភាគីអាជ្ញាធរជាតិអប្សរា ដើម្បីសុំសិទ្ធិយកអត្ថបទស្រាវជ្រាវផ្លូវបុរាណសម័យអង្គរទៅបកប្រែនិងបោះពុម្ពជាភាសាជប៉ុន ដើម្បីបង្រៀនសិស្សថ្នាក់វិទ្យាល័យ។ សំណើនេះ ត្រូវបានឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាយល់ព្រម និងជំរុញឲ្យមានផ្សព្វផ្សាយការអប់រំឲ្យកាន់តែទូលំទូលាយផងដែរ»។
ខ្លឹមសារសង្ខេបអត្ថបទនោះមានសេចក្ដីថា៖ ««តាមភស្តុតាងនៃការស្រាវជ្រាវនៃគម្រោងសហការនេះ វិសាលភាពនៃចក្រភពខ្មែរគ្របដណ្តប់ស្ទើរតែពេញអាស៊ីអាគ្នេយ៍ដីគោក។ រាជធានីបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធទឹក អប់រំ សុខាភិបាល បណ្តាញគមនាគមន៍ខ្វាត់ខ្វែង សំណង់រដ្ឋបាល សំណង់សាសនា និងសំណង់សាធារណៈផ្សេងៗ។ បណ្តាញផ្លូវតភ្ជាប់ពីមណ្ឌលរដ្ឋបាល សេដ្ឋកិច្ចនិងនយោបាយទៅកាន់ខេត្តខ័ណ្ឌនានា ព្រមទាំងតភ្ជាប់ទៅនគរជិតខាងផង។ តាមបណ្តោយផ្លូវគមនាគមន៍តែងមានសាលាសំណាក់ ស្រះទឹក និងមន្ទីរព្យាបាលរោគ សម្រាប់អ្នកដំណើរនិងអ្នកស្រុកជិតខាង។ ចក្រភពខ្មែរមិនមែនពឹងផ្អែកលើកសិកម្មតែមួយមុខទេ។ បណ្តាញគមនាគមន៍កើតចេញពីការស្រាវជ្រាវថ្មីៗនេះ បង្ហាញថាចក្រភពខ្មែរជាដៃគូជំនួញធំមួយក្នុងបណ្តាញជំនួញអន្តរជាតិតាមផ្លួវសមុទ្រពីប៉ូលសេដ្ឋកិច្ចអន្តរជាតិខាងកើតមានចក្រភពចិន និងប៉ូលសេដ្ឋកិច្ចខាងលិច មានពែក អារ៉ាប់និងឥណ្ឌា។ ចក្រភពខ្មែរមានរាជធានីនៅខាងក្នុងដី តែបានបើកមុខតភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូង និងសមុទ្រឥណ្ឌានៅខាងលិច»៕