• 2019-08-21 02:23:03
  • ព័ត៌មាន

លោក​ឧកញ៉ា គួច ម៉េង​លី​៖ ប្រភេទ​​បុគ្គលិក ​“ខ្មោច​” មិន​​គ្រោះថ្នាក់​ដល់​បុគ្គលិក “​ខ្មោច​ឆៅ” ទេ​

  • 2019-08-21 02:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​​ក្រុម​ហ៊ុន​ខ្លះ​ក្មេង​ខ្ចី ហើយ​​គាត់​អត់​សូវ​យល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​​ហ្នឹង ​​គឺ​គាត់​​នឹង​ក្ស័យ​ធន ​ដោយ​សារ​បុគ្គលិក​ហ្នឹង​ទៅ​ជា​ខ្មោច​ឆៅ​ទាំង​អស់”។​ ទាំង​នេះ ​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​លោក​ឧកញ៉ា​​ គួច​ ម៉េងលី ក្នុង​កិច្ច​សម្ភាស​ជាមួយ​​​ sabay ទាក់​ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​​បុគ្គលិក​​ ក្នុង​សម័យ​ឌីជីថល​ទំនើប​។ ដើម​ឡើយ​គេ​ធ្លាប់​លឺ តែ​ប្រភេទ​​បុគ្គលិក​ខ្មោច​តែ​ប៉ុណ្ណោះ។ បុគ្គលិក​ខ្មោច​មាន​ន័យ​ថា ជា​ប្រភេទ​បុគ្គលិក​មាន​ឈ្មោះ​ តែ​​គ្មាន​មនុស្ស​មក​ធ្វើ​ការងារ​។

សម្រាប់​​លោក​ឧកញ៉ា គួច​ ម៉េង​លី បុគ្គលិក​ខ្មោច​​ឆៅ​ គឺ​ជា​ប្រភេទ​បុគ្គលិក​ពួន​សំងំ​​ចាំតែ​​ជញ្ជក់​ឈាម​ក្រុមហ៊ុន​រហូត​ដល់​ដួល​រលំ​​។ មិន​ខុស​​នឹង​ខ្មោច​ឆៅ​​ ក្នុង​រឿង​​ចិន​ហុង​កុង ដែល​ចាំ​តែ​ជញ្ជក់​ឈាម​មនុស្ស​រហូត​ខ្សោះ​ឈាម​​ស្លាប់​​នោះ​ឡើយ។     

បុគ្គលិក​ប្រភេទ​នេះ​ មាន​រូប មាន​រាង និង​មាន​វត្ត​មាន​នៅ​កន្លែង​ធ្វើ​ការ ពោល​គឺជា​​បុគ្គលិក​ពេញ​សិទ្ធិ​របស់​​ក្រុមហ៊ុន ដែល​ខ្លួន​​កំពុង​ធ្វើ​ការ​ ១០០% ។ ​តែ​មិន​បាន​ធ្វើ​ការ​ពេញ​លេញ​ទេ បែរ​ជា​អង្គុយ ​ក្នុង​បន្ទប់​បើក​ម៉ាស៊ីន​ត្រជាក់​ចាំ​បើក​ប្រាក់​ខែ ​ហើយ​​ឆ្លៀត​ទៅ​​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ផ្សេង ​តាម​ប្រព័ន្ធ​អនឡាញ​​ ដូច​ជា​រកចំណូល​តាម​យូរ​ធូប និង​ហ្វេស​បុក​ជាដើម​។

"បុគ្គលិក​ហ្នឹង​មាន​​នៅ​ក្នុង​ស្ថាប័ន​មែន​​ យើង​បង់​ប្រាក់ខែ​ឱ្យ​គាត់​ យើង​ឱ្យ​កន្លែង​កាត់​ធ្វើការ​ ទឹក​ភ្លើង បន្ទប់​ម៉ាស៊ីន​ត្រជាក់ អ្វីៗ​គឺ​បុគ្គលិក​​១០០% ធ្វើការ​ប្រាក់ខែ​ខ្ពស់​ឡើង​ៗ ប៉ុន្តែ​គាត់​អត់​ធ្វើ​ការ​ឱ្យ​យើង ​គាត់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​គេ​ផ្សេង ដោយ​សារ​ឌីសាញ ​តាម​អនឡាញ​ឱ្យ​គេ​ រក​ប្រាក់ចំណូល​តាម​ហ្វេស​បុក តាម​យូធូប សរសេរ​កិច្ច​ការ​ឱ្យ​គេ​។ ដូច្នេះ​ហើយ​នេះ ​គ្រោះ​ថ្នាក់​ណាស់​ ដោយ​សារ​ប្រើ ហ្វ្រី​អ៊ីធឺណេត​ ហ្រ្វី WiFi  ហ្រ្វី Computer ហ្វ្រី Server ប៉ុន្តែ​ Freelance សរសេរ Data base និង​ ឌីសាញ​ឱ្យ​”។

បន្ថែម​លើ​ការ​មិន​ប្រឹង​ប្រែង​ធ្វើ​ការងារ​ បុគ្គលិក​ប្រភេទ​នេះ​ ក៏​អាច​ឈាន​ទៅ​​បង្កើត​​បក្ស​ពួក អុជអាល ចាក់រុក​ពី​អ្នក​នេះ​ ទៅ​ប្រាប់​អ្នក​នោះ​ផង​ដែរ​។ នេះ​បើ​តាម​​លោក​ឧកញ៉ា​ គួច ម៉េងលី។ លោក​ឧកញ៉ា​ថា ​នេះ​គឺ​ជា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ម្ចាស់​ក្រុមហ៊ុន​ ដែល​មាន​បុគ្គលិក​​ប្រភេទ​នេះ ខណៈ​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​​​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​៕

សូមស្ដាប់ប្រសាសន៍​របស់ លោកឧកញ៉ា គួច ម៉េងលី     ​​

អត្ថបទ៖ សុផល

មតិយោបល់